Cambodia’s Got Talent៖ ជីវិតកម្សត់ ធ្វើឱ្យកុមារ យឿន ពិសី ជាប់លេខ១
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៨ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 28, 2015
- ប្រធានបទ: ទេពកោសល្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ជ័យលោភីនៃកម្មវិធី Cambodia’s Got Talent ត្រូវបានគេរំពឹងថា គឺជាបេក្ខជនដែលទទួលបាន ប៉ូតុងមាសទាំង៤ កាលពីវគ្គដំបូង Judge Audition។ ប៉ុន្តែមិនដូច្នោះទេ អ្នកដែលទទួលបាននូវជ័យលោភី ចំណាត់ថា្នក់លេខ១ ក្នុងរដូវកាលទីមួយនេះ គឺកុមារា យឿន ពិសី។ ពិសី ត្រូវបានទស្សនិកជន យ៉ាងច្រើនលើសលប់ បោះឆ្នោតគាំទ្រឱ្យទទួលបានជ័យជំនះ ដ៏មហាសាលមួយនេះ។
ម្ចាសជ័យលោភីលេខ របស់កម្មវិធីនេះ ទួលបានទឹកប្រាក់១០០លានរៀល ស្រាបៀរអង្គរចំនួន៣០កេស ទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន១០កេស និងក្លាយទៅជាសិល្បៈករជំនាន់ថ្មី របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។
ពិការភ្នែកតាំងពីកំណើត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម កុមារ យឿន ពិសី ជាកូនទីពីរ ក្នុងគ្រួសារក្រីក្រមួយ មានបងប្អូន៧នាក់ និងជាសិស្សនៃសាលាអង្គការថ្មី។ «បទជីវិតក្មេងកម្សត់» ដែលម្ចាស់ជ័យលោភី អាយុ១៥ឆ្នាំរូបនេះ បានធ្វើការបកស្រាយ គឺរឿងជាពិតរបស់កុមារ ដែលខិតខំតស៊ូរហូតមានថ្ងៃនេះ ហើយក៏ជាការនិពន្ធរបស់កុមារផ្ទាល់ដែរ។
ការតស៊ូ និងភាពគួរឱ្យអាណិតអាសូនេះ គឺជាផ្នែកមួយ ដែលធ្វើឱ្យកុមារទទួលបានការគាំទ្រពីទស្សនិកជន រហូតទទួលបានជ័យលោភីចំណាត់លេខ១។ បើទោះបីជាការលទ្ធផលនេះ ទទួលបានការគាំទ្រ ពីទស្សនិកជនជាច្រើនក៏ដោយ ប៉ុន្តែវាហាក់មិនទទួលបាន ការពេញចិត្តពីសំណាក់អ្នកទស្សនាមួយចំនួនទៀតឡើយ។ នៅលើបណ្ដាញសង្គម ប្រិយមិត្តមួយចំនួន បានលើកឡើងថា ថ្វីត្បិតតែពិសីច្រៀងបានពិរោះស្តាប់ហើយ ចង់ស្រក់ទឹកភ្នែកក៏ពិតមែន ប៉ុន្តែរូបគេមិនស័ក្ដិសម នឹងទទួលបានជ័យលោភីនេះទេ ខណៈដែលមានបេក្ខជនដ៏ទៃទៀត ត្រូវបានគេមើលឃើញថា មានសមត្ថភាពជាងក្មេងប្រុសពិការរូបនេះ។
ទស្សនិកជនម្នាក់ បានបញ្ចេញមតិមិនយល់ស្របនឹងលទ្ធផលនេះថា៖ «ហេតុអ្វីប្រជាជនខ្មែរ ចូលចិត្តយកភាពអាណិតជាចំបងម៉្លេះ កម្មវិធីបទពិសោធន៍ប្លែកៗ ត្រូវការអ្នកដែលមានបទពិសោធន៍ប្លែកល្អ អ្នកផ្សេងមិនងាយនឹងធ្វើបាន អ្នកដែលបានប៊ូតុងមាសពីមុន បាត់ទៅណា?»
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត បានបន្ទរជាមួយដែរថា៖ «ចាំមើលកម្មវិធីហ្នឹងថា សមត្ថភាពអស្ចារ្យប៉ុណ្ណាទៅ សំរាប់អ្នកលេខមួយ? ដល់លទ្ធផលចេញមក... អត់សមសោះ។ សូមទោសដែលខ្ញុំនិយាយត្រង់។ ចំពោះខ្សែជីវិតគាត់ ខ្ញុំពិតជាមានការអាណិតខ្លាំងណាស់ ហើយសូមសរសើរចំពោះការតស៊ូរបស់គាត់។ តែបើនិយាយពីសមត្ថភាពប្រលង ជាមួយបេក្ខជនដទៃទៀត គាត់អត់សមទទួលលេខមួយទេ។»
ដោយឡែកទស្សនិកជនម្នាក់ទៀត បានចេញមុចការពារពិសីថា៖ «ភាពអាណិត នឹងការគាំទ្រ នោះហើយដែលហៅថា ទេពកោសល្យដែលគាត់មាន។ ដូច្នេះមិនខុសទេ ដែលប្អូនមានសមត្ថភាព ក្នុង ការបង្ហាញពីទេពកោសល្យ នឹងក្តីស្រម៉ៃរបស់ប្អូន យ៉ាងណាក៏ដោយប្អូនប្រុសអនាគតនឹងភ្លឺស្វាង។» ម្នាក់ទៀតបន្ថែមថា៖ «នេះហើយជាការបញ្ជាក់ថា ប្អូនប្រុសខំប្រឹងតស៊ូមិន អត់ប្រយោជន៍ទេ។ ព្រោះ អ្នកខ្លះមិនពិការផង ក៏គ្មានសមត្ថភាពដូច ប្អូនប្រុសនេះដែរ។»។
ចំពោះអ្នកដែលទទួលបានចំណាត់ថ្នាក់លេខ២ គឺក្រុមរបស់ វណ្ណៈ និងពិសី សម្ដែងរបាំសហសម័យ «ក្បាច់ការកកើតនៃសត្វនាគ» និងចំណាត់ថ្នាក់លេខ៣ បានទៅលើបេក្ខជន ហ៊ុន ប៉ែន សម្ដែងរបាំដែលនិយាយ ពីការបាត់បង់អត្តសញ្ញាណ និងការស្វែងរកអត្តសញ្ញាណ៕