Cambodia's Got Talent៖ បេក្ខជនប្រលងក្បាច់រាំមនុស្សយន្ត ធ្វើឱ្យនាយកុយយំ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 02, 2014
- ប្រធានបទ: ទេពកោសល្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីចុចប៊ូតុងមាស ឱ្យបេក្ខជនម្នាក់ជាប់ដោយស្វ័យប្រវត្តិ ទៅវគ្គ Live Show ដោយមិនចាំបាច់ឆ្លងកាត់ការជម្រុះ នាយកុយ បានបង្ហូរទឹកភ្នែកនៅចំពោះមុខទស្សនិកជនដ៏កុះករ។ នាយកុយ ឬលោក ជួន ជី ជាគណកម្មាការមួយរូប ពីក្នុងចំណោមគណៈកម្មាការទាំងបី របស់កម្មវិធីប្រលងសមត្ថភាព Cambodia's Got Talent រួមមានរូបលោក ជួន ជី - លោក ព្រាប សុវត្តិ និងអ្នកនាង ខាត់ សុឃីម។
ការដែលតារាកំប្លែងជើងចាស់រូបនេះ សម្រក់ទឹកភ្នែកនៅមុខទស្សនិកជនជាច្រើនរយនាក់ ដោយសារតែលោកឃើញក្បាច់រាំរបស់បេក្ខជន ព្រហ្ម សុខរីណា ធ្វើឱ្យលោកនឹកដល់កូនប្រុសរបស់លោក ជាអ្នករាំដូចគ្នា ដែលបានលាចាកលោក ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ កាលពីប៉ុន្មានឆ្នាំមុន ដែលកាលនោះមានវត្តមានលោក ខេមរៈ សេរីមន្ត តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ នៅជាមួយដែរ។
នាយកុយបាននិយាយថា មូលហេតុដែលលោកចុចប៊ូតុងពណ៌មាសនេះ ដោយសារ ព្រហ្ម សុខរីណា ធ្វើកាយវិការ ការរាំល្អឥតខ្ចោះ ទាក់ទាញអារម្មណ៍របស់លោក។ ក្បាច់រាំដ៏ល្អឥតខ្ចោះនេះ បានអន្ទងចិត្តរបស់លោកនឹកដល់កូនប្រុស។ អញ្ចឹងហើយ បានជាលោកដាច់ខាតត្រូវតែចុចប៉ូតុងពណ៌មាស ដើម្បីឱ្យបេក្ខជនរូបនេះ បន្តទៅវគ្គ Live Show ដោយមិនជម្រុះ។
បេក្ខជន ព្រហ្ម សុខរីណា អាយុ១៤ឆ្នាំ ជាបេក្ខជនមួយរូប មកពីរាជធានីភ្នំពេញ បានចូលរួម បញ្ចេញសមត្ថភាព រាំក្បាច់មនុស្សយន្ត នៅក្នុងកម្មវិធីប្រលងសមត្ថភាពប្លែកៗ Cambodia’s Got Talent របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្នុងសប្តាហ៍ទី១នេះ។ បេក្ខជនរូបនេះបានធ្វើឱ្យ អ្នកទស្សនា ក៏ដូចគណកម្មាការចាប់អារម្មណ៍ជាខ្លាំង នូវក្បាច់រាំជាមនុស្សយន្ដរបស់គេ។ មិនត្រឹមតែចាប់អារម្មណ៍នោះទេ ទាំងទស្សនិកជន និងគណៈកម្មាការ សុទ្ធតែអង្គុយលែងជាប់ ឡើងស្រែកហ៊ោរ ទ្រាំមិនសរសើរមិនបាន៕
ចង់ដឹងថា បេក្ខរូបនេះមានសមត្ថភាពយ៉ាងនោះ សូមទស្សនាការប្រលងខាងក្រោម៖