ម៉ៅ ហាជី ថាគ្មានជាប់កិច្ចសន្យាជាមួយផលិតកម្មណាទេ!
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០២ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 02, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ៅ ហាជី អតីតបេក្ខជនដែលបានឡើង មកដល់វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី ខេមបូឌៀន អាយឌល (Cambodian Idol) កំពុងរងបណ្ដឹង ពីសំណាក់ក្រុមហ៊ុន ហង្សមាស ឡើងទៅតុលាការ ក្នុងបទមិនគោរពកិច្ចសន្យា ដែលបេក្ខជនបានផ្តិតមេដៃ ជាមួយនឹងក្រុមហ៊ុន។ បណ្ដឹងនេះ មានលក្ខណៈធ្ងន់ធ្ងរបន្តិច ព្រោះបេក្ខជន អាចនឹងត្រូវចាប់ ឲ្យបង់ការខូចខាត និងការចំណាយទៅលើបណ្ដឹង ទៅឲ្យក្រុមហ៊ុន ហង្សមាស រហូតដល់ទៅជាង២ម៉ឺនដុល្លាអាមេរិក ហើយអាចនឹងត្រូវរងនូវការចាប់ខ្លួនទៀត ប្រសិនជាបេក្ខជន មិនចូលខ្លួនមកដោះស្រាយ។
តបនឹងពាក្យបណ្ដឹងនេះ អតីតបេក្ខជនដែលបានបរាជ័យ នៅវគ្គផ្ដាច់ព្រ័ត្ររូបនេះ បានថ្លែងអះអាងថា ខ្លួនមិនបានជាប់កិច្ចសន្យា ជាមួយក្រុមហ៊ុនណាមួយនោះទេ និងបានបន្ទោស ព័ត៌មាននៃការជាប់កិច្ចសន្យា ជាមួយក្រុមហ៊ុន ថោន នោះ ទៅលើប្រព័ន្ធផ្សព្វផ្សាយទៅវិញ។ ផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ លោក ហាជី បានអះអាងថា៖ «រឿងព័ត៌មានល្បីថា ខ្ញុំចូលច្រៀងផលិតកម្មថោននោះ ក៏មិនពិតទេ ហ្វេសប៊ុកគេបង្ហោះនោះហើយ ដែលធ្វើឲ្យខ្ញុំខូចប្រជាប្រិយភាព ហើយក៏ជាដើមចមធ្វើឲ្យ ហង្សមាស មានការភ័ន្តច្រឡំនោះ»។
អ្នកចម្រៀងឯករាជ្យ...
លោក ម៉ៅ ហាជី បញ្ជាក់ថា លោកមិនបានចុះកុងត្រា ជាមួយផលិតកម្មណាទេ ហើយហង្សមាស ក៏លោកមិនចូលដែរ គឺនៅធ្វើជាអ្នកចម្រៀងឯករាជ្យ។ លោកថា៖ «ហេតុផលនេះហើយ ទើបខ្ញុំអះអាងថា ខ្ញុំមិនបានរំលោភកុងត្រានោះ អ៊ីចឹងរឿងអីត្រូវប្តឹងខ្ញុំទៅ»។
បើតាមវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) បានលើកយកការអះអាង របស់លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកធ្វើអត្ថាធិប្បាយ ប្រចាំស្ថាប័ននេះ មកបញ្ជាក់ថា ដោយសារលោក ម៉ៅ ហាជី មិនចូលខ្លួនដោះស្រាយ ទើបពេលនេះ ហង្សមាសបានសម្រេច ឲ្យមេធាវីដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការរាជធានីភ្នំពេញ។
«ម៉ៅ ហាជី មើលស្រាលមន្ត្រី ហង្សមាស»
លោក រិទ្ធី បានឲ្យដឹងថា ហេតុផលដែលជំរុញ ឲ្យហង្សមាសធ្វើការប្ដឹងផ្ដល់នេះ គឺ ដោយសារអតីតបេក្ខជន ម៉ៅ ហាជី មើលស្រាលចំពោះមន្ត្រីទាំងអស់ របស់ហង្សមាស។ លោកនិយាយថា៖ «មួយរយៈហ្នឹង ហង្សមាស ទុកឱកាសឲ្យគាត់ច្រើនហើយ ប្រកាសឲ្យចូលខ្លួនផង ទាក់ទងឲ្យចូលខ្លួនផង ប៉ុន្តែហាជីនៅតែអត់ខ្វល់ គាត់ទទួលទូរស័ព្ទយើងតែម្ដងគត់ ដោយសន្យាថាមកៗ ប៉ុន្តែចុងក្រោយ ដល់ថ្ងៃកំណត់ គឺខលអត់ចូល ហើយទុកឲ្យខ្ញុំ ទាំងមេទាំងអី នៅចាំឲ្យរហង់!»។
ប៉ុន្តែ សម្រាប់លោក ម៉ៅ ហាជី វិញ បានបដិសេធថា លោកមិនបានធ្វើអ្វីខុស ជាមួយក្រុមហ៊ុន ហង្សមាស ទេ ហើយលោកក៏គ្មានអ្វី នឹងចូលខ្លួនទៅដោះស្រាយអីដែរ។ អតីតបេក្ខជនដ៏ល្បីរបស់កម្មវិធី ខេមបូឌៀន អាយឌ័ល បានថ្លែងប្រាប់សារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ បែបវាហីថា៖ «ខ្ញុំបានគោរពលក្ខខណ្ឌ ខេមបូឌៀន អាយឌ័ល ហើយ គឺប្រឡងបានចប់កម្មវិធី»។ បើអញ្ចឹងទៅវិញទេ តើតុលាការរាជធានីភ្នំពេញ គ្រាន់តែជាស្ថាប័នសម្រាប់លំអឬ?