«ដេឌី» ចម្រៀងថ្មីរបស់ ព្សាយ កំពូលតារាចម្រៀងកូរ៉េ
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 02, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកចម្រៀងជាតិកូរ៉េ ដ៏ល្បីពេញពិភពលោក ដាក់ឈ្មោះខ្លួនថា ព្សាយ (Psy) បានចេញឃ្លីបចម្រៀងថ្មី នៅក្នុងថ្ងៃអង្គារទី១ ខែធ្នូនេះ។ ចម្រៀង ដែលស្ថិតនៅក្នុង ថាសចម្រៀងទី៧នេះ បានចេញផ្សាយ នៅបីឆ្នាំបន្ទាប់ពីបទ ហ្គាំណាស្តាយ៍ ដែលមានប្រជាប្រិយ ជាងចម្រៀងណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រចម្រៀង នៃពិភពលោក។
តារាចម្រៀង ព្សាយ ដែលមានអាយុ៣៧ឆ្នាំ បានសម្ដែងចម្រៀងថ្មីរបស់ខ្លួន ដោយផ្ទាល់ នៅមុនការចេញផ្សាយ នៅក្នុងការប្រគុំតន្ត្រីដ៏សម្បើមមួយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ។
រីឯនៅក្នុងឃ្លីបចម្រៀងវិញ គេឃើញ ព្សាយ បានសម្ដែងតួជាកុមារផង ជាឪពុក និងជាជីតាផង។ ជាមួយនឹងការរៀបក្រឡា ដ៏ស័ក្ដិសម លាយឡំនឹងរូបភាពចម្រុះពណ៌ តារាចម្រៀង បានបង្កើតចង្វាក់រាំ«ប្រចាំត្រកូល» មួយបែបទៀត ដែលនៅតែគួរឲ្យទាក់ទាញ និងធ្វើឲ្យអ្នកផង ចង់រាំតាម ដូចចម្រៀងមុនៗរបស់ខ្លួនដដែល។
គ្រាន់តែរយៈពេល មិនដល់ពីរថ្ងៃស្រួលបួលផង ចម្រៀងថ្មីនេះ មានមនុស្សចុចចូលមកទស្សនា ប្រមាណជាង ១៥លានដងទៅហើយ នៅក្នុងបណ្ដាញចែករំលែកវីដេអូ យូធូប។ គេនឹងរង់ចាំមើល ថាតើចម្រៀងនេះ មានមនុស្សចូលទៅទស្សនា បានប្រហែលនឹងចម្រៀង «ហ្គាំណាំ ស្តាយ៍» ដែលមានចំនួនអ្នកទស្សនា ដល់ទៅជាង២,៤កោដដង ដែរឬទេ៕
» ទស្សនាការប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ ព្សាយ សម្រាប់បទ «ហ្គាំណាំ ស្តាយ៍»៖