ភ្ញាក់ព្រើត! មឹកហក់មកចាប់ក្ដាម នៅលើឆ្នេរ (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៧ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 28, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើលោកអ្នក ដែលដើរកំសាន្ដ នាមាត់សមុទ្រ នៅពេលទឹកសមុទ្រនាចឬទេ? ហើយសួរថា ការដើរកំសាន្ដរបៀបនេះ លោកអ្នកនឹងមើលឃើញអ្វីខ្លះ? ប្រាកដហើយ ថាលោកអ្នកនឹងដើររកមើល នៅតាមកន្លៀតថ្ម ឬនៅលើឆ្នេរខ្សាច់ នូវអ្វីដែលគួរឲ្យចាប់អារម្មណ៍ ដូចជាសម្បកខ្ចងខ្ចៅ ត្រី ក្ដាមឬយ៉ាងហោចណាស់ អ្វីៗផ្សេងទៀត ដែលទឹកសមុទ្របាននាំមក នៅពេលទឹកជោរ។
ចំណែកស្ត្រីទេសចរណ៍ម្នាក់នេះ ក៏មិនខុសពីលោកអ្នកដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី អាំងឌ្រីស៊ី ផូស្ស៍ (Indrisie Porsche) បានឆ្លៀតឱកាស ពីពេលវេលាដ៏សប្បាយនេះ ដើម្បីថតវីដេអូ ពីក្ដាមមួយក្បាល ដែលកំពុងនៅវង្វេង នៅលើផ្ទាំងថ្ម នៅឡើយ។
ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះ គឺមឹកមួយក្បាល ដែលលាក់ខ្លួន នៅក្នុងក្រហែងថ្មក្បែរនោះ បានលោតមកសង្គ្រប់ចាប់ក្ដាម ហើយបានពញ៉ាក់ស្ត្រីម្ចាស់វីដេអូ ឲ្យភ្ញាក់ផ្អើលឡើង។ ជាហេតុការណ៍ ដែលបានកើតឡើង នៅលើឆ្នេរ យ៉ាលីងហ្គព (Yallingup) ភាគខាងលិចនៃកោះអូស្ត្រាលី។ នៅក្បែរវីដេអូ ដែលបង្ហោះនៅលើយូធូប កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងមក អ្នកស្រី ផូស្ស៍ បានថ្លែងសរសេរពន្យល់ថា៖ «ជាវីដេអូដ៏អស្ចារ្យជាងគេ និងមិននឹកស្មានដល់ ក្នុងចំណោមវីដេអូ ដែលខ្ញុំបានថតកន្លងមក»។
នៅពេលនេះ វីដេអូត្រូវបានមនុស្សចុចចូលមកមើល ជាង៩លានដងហើយ គ្រាន់តែនៅលើគេហទំព័រយូធូបប៉ុណ្ណោះ។ ប៉ុន្តែ នៅលើបណ្ដាញសង្គមវិញ ការចែករំលែកបន្តគ្នា និងចំនួនអ្នកចូលចិត្ត ក៏កំពុងចង់បំបែកឯកត្តកម្មយ៉ាងសម្បើមដែរ សម្រាប់រយៈពេលដ៏ខ្លីបែបនេះ៕