ទៅ​បាញ់​ដល់​ការិយាល័យ ព្រោះ​ខឹង​យូធូប​ដក​វីដេអូ​ខ្លួន​ចេញ

ស្ត្រីម្នាក់ ដែលបានចូលទៅបាញ់មនុស្សបីនាក់ ឲ្យរបួស ដល់ការិយាល័យកណ្ដាល របស់គេហទំព័រចែករំលែកវីដេអូ យូធូប (YouTube) កាលពីថ្ងៃអង្គារសប្ដាហ៍មុន មុននឹងបាញ់សម្លាប់ខ្លួនឯងនោះ ត្រូវបាននគរបាលរកឃើញ ពីមូលហេតុចម្បងមួយ នោះគឺបណ្ដាលមកពីស្ត្រីរូបនេះ បានផ្ទុះការក្ដៅក្រហាយ បន្ទាប់ពីវីដេអូមួយរបស់គាត់ ត្រូវបានបណ្ដាញចែករំលែកវីដេអូ ដ៏ធំជាងគេមួយនេះ លុបចេញពីគេហទំព័រខ្លួន។
ទៅ​បាញ់​ដល់​ការិយាល័យ ព្រោះ​ខឹង​យូធូប​ដក​វីដេអូ​ខ្លួន​ចេញ
អ្នកស្រី «Nasim Najafi Aghdam» (ខាងឆ្វេង) ដែលបានចូលទៅបាញ់ប្រហារ នៅក្នុងការិយាល័យយូធូប កាលពីថ្ងៃអង្គារ។ (រូបថតផ្តិតពីអេក្រង់)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 13, 2018
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលរដ្ឋកាលីហ្វ័នី (សហរដ្ឋអាមេរិក) បានអះអាងនៅចុងសប្ដាហ៍កន្លងមកនេះ ថាស្ត្រីម្នាក់ ដែលមានអាយុ៣៩ឆ្នាំ និងដែលបាន​បើក​ការបាញ់ប្រហារ នៅក្នុងការិយាល័យកណ្ដាល របស់គេហទំព័រ «YouTube» កាលពីថ្ងៃអង្គារ សប្ដាហ៍មុន មានក្ដីក្រេវក្រោធយ៉ាងខ្លាំង ទៅនឹងលក្ខន្តិកៈ នៃការប្រើប្រាស់ របស់គេហទំព័រមួយនេះ។ ស្ត្រី ដែលមានឈ្មោះ «Nasim Najafi Aghdam» បានបាញ់សម្លាប់ខ្លួន បន្ទាបពីបានបាញ់បុគ្គលិកយូធូប ឲ្យរបួសចំនួនបីនាក់រួច។

លោក «Ed Barberini» នាយនគរបាលនៅក្រុង «San Bruno» ដែលការិយាល័យយូធូបតាំងនៅ បានថ្លែងឡើងថា៖ «យើងគិតថា ជនសង្ស័យមានការរំខានចិត្ត បណ្ដាលមកពីលក្ខន្តិកៈ និងការអនុវត្តន៍ របស់យូធូប។ នេះ ជាមូលហេតុចម្បង ដែលយើងមើលឃើញ។»។

អ្នកស្រី «Nasim Najafi Aghdam» ដែលរស់នៅឯក្រុង «San Diego» (ភាគនីរតីសហរដ្ឋអាមេរិក) បានកាន់កាំភ្លើងខ្លី ប្រភេទ «Smith & Wesson calibre 9 mm» ដែលជាកម្មសិទ្ធិ របស់អ្នកស្រីផ្ទាល់ ចូលទៅបាញ់ប្រហារ ក្នុងការិយាល័យរបស់យូធូប នៅវេលាក្រោយ​ម៉ោងបាយថ្ងៃត្រង់បន្តិច។ ក្នុងការបាញ់ប្រហារនោះ ស្ត្រីខ្មាន់កាំភ្លើង ទំនងជាបាញ់សំដៅមនុស្ស ដោយមិនប្រាកដថា ជានរណាម្នាក់នោះទេ តែបានបណ្ដាល​ឲ្យមាន​ការផ្អើលឆោឡោ ពាសពេញទាំងអាគារ របស់យូធូបទាំងមូល។

ជនរងរបួសបីនាក់ ក្នុងនោះស្ត្រីពីរនាក់ និងបុរសម្នាក់ ត្រូវបានដឹកទៅសង្គ្រោះ ក្នុងមន្ទីរពេទ្យ «Zuckerberg San Francisco» ដែលនៅជិតនោះ។ ស្ត្រីពីរនាក់ ដែលរងរបួសស្រាល បានចេញពីមន្ទីរពេទ្យមកវិញ នៅយប់ថ្ងៃអង្គារដដែល ខណៈបុរសម្នាក់ ដែលរងរបួសធ្ងន់ កំពុងស្ថិតក្នុងការព្យាបាលនៅ​ឡើយ។ នេះ បើតាមអ្នកនាំពាក្យ របស់មន្ទីរពេទ្យ។

អ្នកស្រី «Nasim Najafi Aghdam» មានដើមកំណើត មកពីប្រទេសអៀរ៉ង់ ជាសកម្មនារីមួយរូប ក្នុងការបំផុស ឲ្យងាកមកទទួលទានអាហារ ដែលមានតែបន្លែ-ផ្លែឈើ (គ្មានជាតិសាច់)។ អ្នកស្រី បានគ្រប់គ្រងគណនីវីដេអូ ជាច្រើននៅលើយូធូប និងតែងបង្ហោះវីដេអូ របស់អ្នកស្រីផ្ទាល់ ដែលនិយាយជាភាសា​អង់គ្លេស ជាភាសាតួរគី ឬជាភាសាហ្វាស៊ី (ភាសាផ្លូវការ នៅអៀរ៉ង់)។ គណនីទាំងនោះ ត្រូវបានយូធូបបិទចោលទាំងអស់ ក្នុងយប់ថ្ងៃអង្គារ ក្រោមមូលហេតុ «រំលោភធ្ងន់ធ្ងរ លើលក្ខន្តិកៈ» របស់ក្រុមហ៊ុន។

អ្នកស្រីធ្លាប់បានសំដែងក្ដីទោរម្នេញ ចំពោះវិធានការរបស់យូធូប ដែលបានលប់វីដេអូមួយ របស់អ្នកស្រី កាលពីពេលកន្លងមក។ អ្នកស្រីគិតថា អ្នកស្រីបានរងគ្រោះ នឹងការប្រកាន់ពូជសាសន៍ និងការរារាំង ពីសំណាក់ក្រុមហ៊ុន យូធូប ដែលជាផ្នែកមួយ របស់ក្រុមហ៊ុនយក្ស ហ្គូ័ហ្គ័ល (Google)។ អ្នកស្រីបានថ្លែងឡើងថា៖ «ការបង្កើតគម្រោងនានា នៅលើយូធូប មិនអាស្រ័យនឹងខ្លួនអ្នកទេ តែវាអាស្រ័យនឹងនរណា ដែលឃ្លាំមើលគណនីរបស់អ្នក»។

ឪពុករបស់អ្នកស្រី បានរាយការណ៍ប្រាប់នគរបាល ពីការបាត់ខ្លួនកូនស្រីលោក កាលពីថ្ងៃចន្ទ ហើយថែមទាំងបានជូនដំណឹងទៅអាជ្ញាធរផងថា កូនស្រីរបស់លោក អាចនឹងទៅរករឿងក្រុមហ៊ុន យូធូប ដោយសារនាង «ស្អប់» ក្រុមហ៊ុនមួយនេះ ខ្លាំងណាស់។

លុះនៅព្រឹកព្រហាម​ថ្ងៃអង្គារ ក្រុមនគរបាល បានរកឃើញ អ្នកស្រី «Nasim Najafi Aghdam» កំពុងគេងនៅក្នុងរថយន្ដខ្លួន នាសង្កាត់ «Mountain View» ភាគខាងត្បូង នៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ពោលគឺនៅប៉ុន្មានម៉ោងមុន សកម្មភាពបាញ់ប្រហារ របស់អ្នកស្រី នៅក្នុងការិយាល័យយូធូប។

អាជ្ញាធរក្រុង «Mountain View» បានចេញ​សេចក្ដី​ប្រកាសព័ត៌មាន​មួយ កាលពីថ្ងៃពុធ បញ្ជាក់ថា ភ្នាក់ងារនគរបាល បានជជែកជាមួយអ្នកស្រីខ្មាន់កាំភ្លើង ហើយថានគរបាលរកមិនឃើញ ពីមូលហេតុ ដើម្បីឈានទៅឃាត់ខ្លួនអ្នកស្រី នោះឡើយ។ ក្រោយមក ក្រុមនគរបាល បានជួបជាមួយឪពុក និងបងប្រុស​របស់​អ្នកស្រី​ថែមទៀត តែគ្មាននរណាម្នាក់ នឹកដល់ពីគម្រោងរបស់អ្នកស្រី ក្នុងការចូលទៅបាញ់ប្រហារ នៅក្នុងការិយាល័យយូធូប ដូច្នេះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...