«វីរឆ្មារ» សង្គ្រោះ​កុមារ​ម្ចាស់​វា ពី​ការ​វាយ​ប្រហារ​របស់​សត្វ​ឆ្កែ (vdo)

វីដេអូដែលបង្ហោះនៅលើយូធូប ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ត្រូវបានមនុស្សចុចចូលទៅមើល ជាង៨លានដង ហើយ​ត្រូវ​បានប្រព័ន្ធផ្សព្វផ្សាយធំៗ ក្នុងពិភពលោកចាប់អារម្មណ៍ យកទៅធ្វើជាបទយកការណ៍តែរៀងៗខ្លួន។ ល្បីល្បាញខ្លាំង ព្រោះវីរបុរសជួយសង្គ្រោះលើកនេះ មិនមែនជាកំពូលមនុស្ស ដែលគេធ្លាប់តែឃើញតាមភាពយន្ដ ដូចជាមនុស្ស​ប្រជៀវ មនុស្ស​ពីងពាង ឬមនុស្សអស្ចារ្យផ្សេងៗនោះទៀតទេ តែជាសត្វឆ្មារចិញ្ចឹមនៅក្នុងផ្ទះទៅវិញ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: May 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូដែលបង្ហោះនៅលើយូធូប ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ត្រូវបានមនុស្សចុចចូលទៅមើល ជាង៨លានដង ហើយ​ត្រូវ​បានប្រព័ន្ធផ្សព្វផ្សាយធំៗ ក្នុងពិភពលោកចាប់អារម្មណ៍ យកទៅធ្វើជាបទយកការណ៍តែរៀងៗខ្លួន។ ល្បីល្បាញខ្លាំង ព្រោះវីរបុរសជួយសង្គ្រោះលើកនេះ មិនមែនជាកំពូលមនុស្ស ដែលគេធ្លាប់តែឃើញតាមភាពយន្ដ ដូចជាមនុស្ស​ប្រជៀវ មនុស្ស​ពីងពាង ឬមនុស្សអស្ចារ្យផ្សេងៗនោះទៀតទេ តែជាសត្វឆ្មារចិញ្ចឹមនៅក្នុងផ្ទះទៅវិញ។


តារា វីរឆ្មារ ដែលបានប្រតិបត្តិការ ជួយសង្គ្រោះកុមារម្ចាស់របស់វា ពីឆ្កែដ៏កំណាច។ (រូបថតផ្ដិតពីវីដេអូ)

-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៤
-------------------------------

ពីនេះពីនោះ - ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ នាទីក្រុង បេឃើសហ្វៀល (Bakersfield) នៅក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក ហើយត្រូវបានផ្ដិតថតជាប់ដោយម៉ាស៊ីនថត សុវត្ថិភាពនៅ​តាម​ផ្ទះតែរៀងៗខ្លួន។

កុមារតូចមួយរូប កំពុងជិះកង់តូចនៅខាងមុខផ្ទះ ឆ្ងាយពីភ្នែករបស់ឪពុកម្ដាយរបស់វា ប៉ុន្តែផ្ទុយទៅវិញ កុមារបាន​ស្ថិត​នៅក្រោយការឃ្លាំមើល របស់សត្វឆ្កែដែលចិញ្ចឹមដោយអ្នកជិតខាងទៅវិញ។ ឆ្កែដ៏កំណាចនេះ បានខាំកុមារ​ទៅ​លើ​កំភួនជើងខាងឆ្វេង និងបានអូសទាញកុមារឲ្យធ្លាក់ពីលើកង់ ដួលចុះមកលើដី បង្កឲ្យមានរបួសធំគួរសម បើ​ពិនិត្យ​នៅក្នុងវីដេអូ។

ប៉ុន្តែក្ដីរន្ធត់ដែលឃើញកុមារបានធ្លាក់ពីលើកង់ ហើយដួលចុះទៅនឹងដី ដោយការវាយប្រហារនេះ បានធ្វើឲ្យយើង​ភ្ញាក់ក្រញ៉ាងមកវិញ នឹងវីរភាពរបស់សត្វឆ្មារមួយក្បាល ឈ្មោះ តារា ដែលរស់នៅជាមួយកុមារតាំងពីតូចមក នៅ​ពេល​ដែលឆ្មារបានលោតហក់សង្គ្រប់មកលើឆ្កែ ហើយបានទះសត្វកំណាចនេះ មួយក្រញ៉ាំដៃ។ បន្ទាប់ពី​បានសង្គ្រោះ​កុមារម្ចាស់វារួច សត្វឆ្មារដ៏មានវីរភាព បានរត់បណ្ដេញសត្វឆ្កែ ឲ្យចេញឆ្ងាយពីទីនោះផងទៀត។

ឈុតឆាកប្រយុទ្ធគ្នាបានកើតឡើងយ៉ាងរហ័ស។ ម្ដាយកុមារដែលបានលឺសម្រែកកុមារមុននេះ បានស្ទុះមករកកូន ហើយបាន​ពិនិត្យជាថ្មីទៀត តើសត្វឆ្កែនៅក្បែរនោះទៀតឬយ៉ាងណា។ រីឯកុមារវិញ បានងើបឡើងមកដោយខ្លួនឯង រួចដើរចូលទៅក្នុងផ្ទះ មុននឹងត្រូវបានពិនិត្យព្យាបាល ដោយគ្រូពេទ្យ។

នគរបាលប្រចាំតំបន់ បាននិយាយឲ្យដឹងថា ឆ្កែដ៏កំណាចនោះ ត្រូវបានចាប់ឃុំទុក ហើយវានឹងត្រូវគេចាក់ថ្នាំសម្លាប់ ក្នុងរយៈពេល១០ថ្ងៃខាងមុខ។ តែចម្ងល់បានសួរបន្តមកទៀតថា តើសត្វឆ្មារនេះធ្លាប់ត្រូវបានម្ចាស់បង្ហាត់ ឲ្យចេះ​ការពារម្ចាស់វាឬយ៉ាងណា?

អ្នកជំនាញខាងចិត្តសាស្ត្ររបស់សត្វ ជនជាតិបារាំង អ្នកស្រី វ៉ាឡេរី ដ្រាមាដ៍ (Valérie Dramard) បាននិយាយថា រាល់សត្វពាហនៈដែលមនុស្សចិញ្ចឹមនៅក្នុងផ្ទះជាមួយ វាតែងតែចាត់ទុកថា ផ្ទះម្ចាស់វានិងទីធ្លានៅជុំវិញ ក៏សុទ្ធ​សឹង​ជាតំបន់ដែលវាកាន់កាប់ទាំងអស់ ទាំងសត្វឆ្កែនិងសត្វឆ្មារ។ ដូច្នេះនេះជាប្រតិកម្មទីមួយរបស់សត្វឆ្មារ ដែលត្រូវតែ​ការពារទឹកដីរបស់វា។ មួយទៀត សត្វឆ្មារអាចច្រណែន ឬគិតថាការវាយប្រហាររបស់សត្វឆ្កែ អាចនឹងប៉ះពាល់​ដល់​ខ្លួនវាដែរ ដូច្នេះចាំបាច់វាត្រូវតែធ្វើប្រតិកម្មក្នុងពេលនេះភ្លាម។ អ្នកស្រី ដ្រាម៉ាដ៍ បាននិយាយទៀតថា ប្រសិនបើការ​វាយ​ប្រហារនេះ ធ្វើឆ្ងាយពីតំបន់របស់វា ហើយទៅលើនរណាម្នាក់ផ្សេង ដែលវាមិនស្គាល់នោះ សត្វឆ្មារវា​ក៏មិនធ្វើ​ដឹងធ្វើលឺដែរ៕

សូមទស្សនាវីដេអូ និងរូបថតទាក់ទងនឹងព្រឹត្តិការណ៍៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...