រឿងវាយតប់ព្រះសង្ឃ នៅវត្តស្ទឹងមានជ័យ ជារឿងគំនុំចាស់
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៤ តុលា ២០១៤
- កែប្រែចុងក្រោយ: October 26, 2014
- ប្រធានបទ: ហិង្សា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កន្លងមក ព្រះសង្ឃ សឺន ហាយ ត្រូវបានគេស្គាល់ថា ជាព្រះសង្ឃមួយអង្គ ដែលតែងតែចូលរួមធ្វើបាតុកម្មតវ៉ា ជាមួយប្រជាពលរដ្ឋជំលោះដីធ្លី ដឹកនាំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ជួយផ្តល់ជាកន្លែងស្នាក់នៅ ដល់ប្រជាពលរដ្ឋដែលមកធ្វើបាតុកម្ម ឫដាក់ញត្តិនៅរាជធានីភ្នំពេញជាដើម។
ពាក់ព័ន្ធនឹងការវាយតប់គ្នា នៅវត្តស្ទឹងមានជ័យ ដែលបណ្តាលឲ្យព្រះសង្ឃ សឺន ហាយ និងព្រះសង្ឃពីរអង្គទៀតរងរបួសធ្ងន់ គឺដោយសារតែមានគំនុំគុំគួនគ្នា ពីក្នុងរយៈកាលកន្លងមក។
តាមការបញ្ជាក់របស់លោក សួន សង្វាត អគ្គលេខាចលនាកូនខ្មែរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កន្លងមកព្រះសង្ឃ សឺន ហាយ បានផ្តល់កន្លែងស្នាក់នៅ ក្នុងវត្តស្ទឹងមានជ័យ ឲ្យប្រជាពលរដ្ឋជំលោះដីធ្លីមកពីខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវព្រះចៅអធិការវត្តមិនឲ្យស្នាក់នៅ។ តែព្រះសង្ឃ សឺន ហាយ នៅតែបន្តក្រុមប្រជាពលរដ្ឋស្នាក់នៅដដែល ដោយសំអាងថា វត្តអារាមមិនមែនជារបស់អ្នកណាទេ គួតែជួយគ្នាក្នុងគ្រាអាសន្ន។
ក្រោយមកទៀតព្រះសង្ឃចៅអធិការ នៅតែមិនព្រមឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងវត្តនេះដដែល ហើយថែមទាំងចេញសំបុត្រដេញព្រះសង្ឃអង្គនេះចេញពីវត្ត ប៉ុន្តែព្រះសង្ឃ សឺនហាយ មិនបានចេញពីវត្តស្ទឹងមានជ័យទេ។
លុះដល់ថ្ងៃទី ២៣តុលាម្សិលម៉ិញនេះ កូនសិស្សរបស់ព្រះសង្ឃ សឺន ហាយ បានទិញម៉ូតូថ្មីហើយព្រះសង្ឃ សឺន ហាយ បានជិះម៉ូតូថ្មីរបស់កូនសិស្សនៅក្នុងបរិវេណក្នុងវត្ត។ ពេលកំពុងជិះម៉ូតូក្នុងវត្តនោះ ស្រាប់តែមានជនស្រវឹងម្នាក់ស្រែកដាក់ព្រះសង្ឃ សឺន ហាយ ថាជាចោររួចបង្ករជាជំលោះ និងវាយព្រះសង្ឃយ៉ាងចាស់ដៃតែម្តង។ ជនស្រវឹងរូបនេះ ត្រូវបានគេស្គាល់ថា ជាប្អូនប្រុសបង្កើត របស់ព្រះចៅអធិការវត្តស្ទឹងមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោក សួន សង្វាត។
គួបញ្ជាក់ថា ព្រះសង្ឃទាំងបីអង្គ ដែលរងរបួសនោះ ត្រូបានគេបញ្ជូនទៅព្យាបាលនៅអង្គការលីការដូ។ ហើយបញ្ហានេះ នៅមិនទានដោះស្រាយដាច់ស្រេចនៅឡើយទេ ពីព្រោះថាព្រះចៅអធិការវត្ត បានចោទប្រកាន់ព្រះសង្ឃទាំងបីអង្គ ថាជាអ្នកវាយប្អូនខ្លួនទៅវិញ៕