ចិន​ជាង​៦០០​នាក់ រត់​ភៀស​ខ្លួន​ពី​វៀតណាម​ចូល​កម្ពុជា តាម​ច្រក​បាវិត

ដោយភ័យខ្លាចនឹងកុបកម្មកាប់សម្លាប់ដ៏រង្គាល ដែលបានកើតឡើងនៅ ពាសពេញផ្ទៃប្រទេសវៀតណាម ជាពិសេស​នៅវៀតណាមខាងត្បូង ធ្វើឲ្យមនុស្សស្លាប់ជាង២០នាក់នោះ ជនជាតិចិនជាច្រើនរយនាក់ បានរត់មកជ្រកកោន​នៅ​ក្នុងប្រទេសកម្ពុជា ដោយឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ បាវិត។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយភ័យខ្លាចនឹងកុបកម្មកាប់សម្លាប់ដ៏រង្គាល ដែលបានកើតឡើងនៅ ពាសពេញផ្ទៃប្រទេសវៀតណាម ជាពិសេស​នៅវៀតណាមខាងត្បូង ធ្វើឲ្យមនុស្សស្លាប់ជាង២០នាក់នោះ ជនជាតិចិនជាច្រើនរយនាក់ បានរត់មកជ្រកកោន​នៅ​ក្នុងប្រទេសកម្ពុជា ដោយឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ បាវិត។


រោងចក្របរទេសមួយកន្លែង ត្រូវបានក្រុមកុបករវៀតណាមដុតកម្ទេច។ (រូបថត Reuters)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ជម្លោះដែនទឹក - អំពើហិង្សាប្រឆាំងចិន នៅវៀតណាម ទំនងជានៅតែដុតបញ្ឆេះប្រទេសនេះ ឲ្យឆេះសន្ធោសន្ធៅ​ឡើង។ តាំងពីថ្ងៃអង្គារទី១៣ មកទល់ថ្ងៃព្រហស្បត្តិ៍ទី១៥ ខែឧសភានេះ មនុស្សច្រើនជាង២០នាក់បានស្លាប់ និង​រាប់​រយអ្នកបានរងរបួស។ មិនត្រឹមតែប៉ុណ្ណោះ ជនជាតិចិនច្រើនរយនាក់ បានរត់ភៀសខ្លួនចេញពីប្រទេសវៀតណាម រត់មកជ្រកកោននៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា «កាលពីថ្ងៃម្សិលម៉ិញ ជនជាតិចិនច្រើន​ជាង​៦០០នាក់ បានឆ្លងកាត់ព្រំដែនអន្តរជាតិបាវិត ចូលមកក្នុងទឹកដីកម្ពុជា»។ ពួកគេនឹងត្រឡប់ចូលទៅវៀតណាម នៅ​ពេលណាដែលស្ថានការណ៍ បានវិលទៅរកភាពសាន្ដត្រានវិញ។

ប៉ុន្តែការសុខកាយសប្បាយចិត្ត ទំនងជាមិនវិលត្រឡប់មកវិញភ្លាមៗនោះទេ នៅប្រទេសកុម្មុយនីស ក្នុងពេលនេះ។ កុបកម្មកាប់សម្លាប់ បានកើតឡើងនៅថ្ងៃអង្គារ ដើម្បីជាប្រតិកម្មទៅនឹងគម្រោងរបស់ប្រទេសចិន ដែលបាន​បោះ​ទី​តាំងនូវមូលដ្ឋានចម្រាញ់ប្រេង នៅក្នុងតំបន់ជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ ក្នុងសមុទ្រចិនខាងត្បូង។ បណ្ដា​ជនវៀតណាមច្រើនពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងនេះ តែបានប្រែក្លាយជាព្រឹត្តិការណ៍ដ៏សោកសៅ៖ រោងចក្រ ដែលមានថៅកែជាជនបរទេសជាច្រើនកន្លែង ក្នុងតំបន់ឧស្សហកម្មភាគខាងត្បូងនៃប្រទេស ត្រូវបានវាយ​ឬដុត​បំផ្លាញ។

គ្រូពេទ្រមួយរូប នៅក្នុងខេត្តហាទៀង ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហើបថា មនុស្សយ៉ាងតិច​២១នាក់បានស្លាប់ ក្នុងនោះ៥នាក់ជាកម្មករជនជាតិវៀតណាម ១៦នាក់ផ្សេងទៀត ជាជនជាតិចិន។ គ្រូពេទ្យនោះ​បានថ្លែងប្រាប់អ្នកសារព័ត៌មានទៀតថា «មនុស្សរងរបួសច្រើនជាងមួយរយនាក់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ កាលពីយប់ថ្ងៃពុធចូលមកថ្ងៃព្រហស្បត្តិ៍។ ភាគច្រើនពីក្នុងចំណោមនោះ ជាជនជាតិចិន។ ហើយអ្នករបួសក៏​កាន់តែ​មានច្រើនទៀត នៅព្រឹកថ្ងៃព្រហស្បត្តិ៍។»

អំពើហិង្សា បានកើតឡើងគួរឲ្យកត់សម្គាល់ ទៅលើរោងចក្ររបស់ថៅកែជាជនជាតិតែវ៉ាន់ ដែលក្រុមកុបករ​យល់​ច្រឡំថាជាជនជាតិចិន។ ការសែតមួយរបស់តៃវ៉ាន់ បានរាយការណ៍ថា ក្រុមអ្នកវាយប្រហារទាំងនោះ បានចូលទៅ​បំផ្លិចបំផ្លាញរោងចក្រដែកថែបមួយ របស់ក្រុមហ៊ុន Formosa Plastics Group ដែលជាវិនិយោគិនដ៏ធំជាងគេមួយ នៅ​ប្រទេសវៀតណាម។ ក្រុមហ៊ុនដដែលនេះ ក៏បានអះអាងដែរពីការវាយប្រហារនេះ ហើយថាមានមនុស្ស​ម្នាក់​បាន​ស្លាប់ និង៩០នាក់រងរបួស ដែលសុទ្ធជាជនជាតិចិន ខណៈពេលដែលជនជាតិវៀតណាម និងជនជាតិតៃវ៉ាន់ផ្សេង​ទៀត បាន​រួច​ខ្លួន។

សហរដ្ឋអាមេរិកអំពាវនាវឲ្យមានការអត់ធ្មត់

ការសែតផ្លូវការរបស់វៀតណាម ឈ្មោះ ថាញ់នៀន បានអះអាងថា មនុស្សជាង៦០០នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុង​ខេត្តប៊ិនឌួង (Binh Duong) ជាប់នឹងទីក្រុងហូជីម៉ិញ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ពីការបំផ្លិចបំផ្លាញ និង​ញុះញង់ឲ្យមានអំពើហិង្សា។

រដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ តាមរយៈអ្នកនាំពាក្យសេតវិមាន លោក ជេ កាណីយ៍ (Jay Carney) បានអំពាវនាវ​ឲ្យ​ភាគីទាំងសងខាង សម្ដែងនូវការអត់ធ្មត់ឲ្យបានជាអតិបរិមា។ លោកបានថ្លែងទៀតថា ជម្លោះបែបនេះ ត្រូវតែដោះ​ស្រាយ​តាមការជជែកគ្នា តែមិនមែនតាមការកំញើញសាច់ដុំដាក់គ្នា ទៅវិញទៅមកនោះទេ។

រាប់ចាប់តាំងពីឆ្នាំ២០០៧មក បាតុកម្មរបស់បណ្ដាជនវៀតណាម ត្រូវបានរៀបចំធ្វើប្រមាណជា១០ដងរួចមកហើយ តែគ្មានលើកណាមួយមានកម្លាំងខ្លាំងក្លា ដូចលើកនេះនោះទេ។ អ្នកជំនាញជាច្រើនបាននិយាយថា គឺរដ្ឋាភិបាល​កុម្មុយនីសខ្លួនឯង ជាអ្នកអនុញ្ញាតឲ្យមានបាតុកម្មទាំងនេះ ដើម្បីបង្ហាញប្រទេសចិន ពីកំហឹងក្ដៅក្រេវ​ក្រោប​របស់​ខ្លួន នៅចំពោះការរំលោភបំពានដែនទឹក ដែលវៀតណាមទាមទារថាជារបស់ខ្លួនដែរនោះ។ ប៉ុន្តែនៅពេលនេះ ការបង្ហាញ​កំហឹង​នេះ វាទំនងដូចជាបានដើរទៅ«ជ្រុលហួស»បន្តិចហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...