ចូលឆ្នាំចិន ឆ្នាំមាន់ និយាយពីរូបចម្លាក់ ត្រាំ ជាសត្វមាន់
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៨ មករា ២០១៧
- កែប្រែចុងក្រោយ: January 29, 2017
- ប្រធានបទ: សិល្បៈចម្លាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្ងៃចូលឆ្នាំចិន ទើបនឹងចាប់ផ្ដើម នៅថ្ងៃទី២៨ ខែមករានេះប៉ុណ្ណោះ តែមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ក្នុងក្រុង «Taijiquan» នៃខេត្ត «Shanxi» ភាគកណ្ដាលប្រទេសចិន បានប្រារព្ធនិមិត្តរូប នៃឆ្នាំមាន់នេះ តាំងពីចុងឆ្នាំកន្លងទៅ។ នោះគឺការដាក់តាំងបង្ហាញ នូវរូបសំណាកលោក ដូណាល់ ត្រាំ (Donald Trump.) ប្រធានាធិបតីអាមេរិក ដោយឆ្លាក់តាមបែបសត្វមាន់ នៅខាងមុខអាគារមជ្ឈមណ្ឌល។
ជាការពិតហើយ ដែលលោក ដូណាល់ ត្រាំ មិនសូវជាធ្វើឲ្យរដ្ឋាភិបាលក្រុង ប៉េកាំង សប្បាយចិត្តប៉ុន្មានទេ រាប់ចាប់តាំងពីពេលលោក ធ្វើយុទ្ធនាការបោះឆ្នោតជំហានដំបូង នៅក្នុងគណបក្សសាធារណរដ្ឋនោះម្លេះ។ ជាពិសេស គឺជំហររបស់លោក ត្រាំ ក្នុងការគាំទ្រ «ឯករាជ្យភាព» របស់កោះតៃវ៉ាន់ ដែលប្រទេសចិន តែងចាត់ទុក ថាជា«កោះឧទ្ទាម»មួយ នៅសមុទ្រចិនខាងកើត។
ទំនងជាភាពក្ដៅក្រហាយ ខាងលើនេះហើយ ទើបវិចិត្រករចម្លាក់ ជាតិចិនមួយរូប មានគំនិតបង្កើត ជារូបចម្លាក់កំពស់ ៩.៧៥ម៉ែត្រ នេះឡើង។ រូបចំលាក់នេះ មិនត្រឹមតែទទួលបាន ការពេញចិត្ត ពីសំណាក់នាយកគ្រប់គ្រងមជ្ឈមណ្ឌលខាងលើ រហូតយករូបនេះ មកតាំងជាសាធារណៈនោះទេ តែបណ្ដាជនចិនជាច្រើននាក់ ក៏បានសំដែងការពេញចិត្ត ពេញថ្លើម ហើយខ្លះទៀត ថែមទាំងបានថតរូប ទៅចែកគ្នាសើចសប្បាយ នៅតាមបណ្ដាញសង្គមនោះផង។
អ្នកលក់ដូរម្នាក់ នៅក្នុងមជ្ឈមណ្ឌល បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍ «CNN» របស់អាមេរិកថា៖ «រូបចម្លាក់នេះ គួរឲ្យស្រឡាញ់ផង និងគួរឲ្យអស់សំណើចផង។ ម៉ូដសក់ និងចិញ្ចើមរបស់រូបសំណាក មានលក្ខណៈដូច ទៅនឹងសក់ក្បាល និងចិញ្ចើមរបស់លោក ដូណាល់ ត្រាំ។ ខ្ញុំច្បាស់ក្នុងចិត្តថា រូបនេះនឹងជួយទាក់ទាញអតិថិជន ឲ្យមកកាន់ទីនេះ កាន់តែច្រើនឡើង។»
មិនខុសទេ ព្រោះក្នុងពេលនេះ ប៉េងប៉ោងធំជាច្រើន ដែលផ្លុំបំប៉ោងចេញ ទៅជារូបចម្លាក់ខាងលើ ត្រូវបានផលិតឡើង និងយកមកដាក់លក់នៅទីនោះ យ៉ាងច្រើន៕