បណ្ដាជនកូរ៉េធ្វើបាតុកម្ម ដើម្បី... ភាពរុងរឿង​របស់ គីម ជុងអ៊ុន

បណ្ដាជនកូរ៉េខាងជើង ជាច្រើនពាន់នាក់ បានប្រមូលគ្នាធ្វើបាតុកម្ម កាលពីថ្ងៃសុក្រនេះ ដោយ​ស្រែក​ឡើង​នូវ​ពាក្យ​ស្លោក របស់​របប​កុម្មុយនីស ដែលលើកសរសើរពី«ភាពរុងរឿង» នៃ​«អគ្គមគ្គុទេសន៍​ដ៏​មហិមា»​ របស់​ពួកគេ។
បណ្ដាជនកូរ៉េធ្វើបាតុកម្ម ដើម្បី... ភាពរុងរឿង​របស់ គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន លើកដៃស្វាគមន៍ព្យុះហយាត្រា នៅក្នុងពិធីបុណ្យជាតិមួយ របស់កូរ៉េខាងជើង។ (រូបថត KCNA)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មករា ២០១៦
  • កែប្រែចុងក្រោយ: January 09, 2017
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សូមសមមិត្ត គីម ជុងអ៊ុន (Kim Jong-un) មានអាយុយឺនយូរ» ស្នូរសម្លេងស្រែកហ៊ោរខ្លាំងៗ ពីសំណាក់​បាតុករ​​កូរ៉េខាងជើង រាប់សិបពាន់នាក់ ឮចេញកាលពីថ្ងៃសុក្រ ពីទីលានគីម អ៊ីលស៊ុង (Kim Il-sung) កណ្ដាល​រដ្ឋធានីព្យុងយ៉ាង ដែលជារឿយៗ ការជួបប្រជុំគ្នាណាមួយក៏ដោយ តែត្រូវបាន​ត្រួត​ពិនិត្យ​យ៉ាង​​ដិត​ដល់ និង​តឹង​តែង ពីសំណាក់អាជ្ញាធរកុម្មុយនីស។

នៅលើបដាមួយ ដែលកាន់ដោយក្រុមបាតុករទាំងនោះ មានសរសេរថា៖ «ឆ្ពោះទៅមុខ ក្នុងដំណើរ​បោះ​ជំហ៊ាន ដោយជោគជ័យ នៃលិទ្ធិសង្គមនិយម»។

ប្រមុខដឹកនាំតពូជ នៃរបបកុម្មុយនីស លោក គីម ជុងអ៊ុន ដែលត្រូវបានចាត់ទុក ជា«អគ្គមគ្គុទេសវ័យ​ក្មេង​ដ៏​មហិមា»​នោះ បានថ្លែងសុន្ទរកថា ប្រមាណជាកន្លះម៉ោង កាលពីថ្ងៃអាទិត្យមុន ដើម្បីសាទរការចូលឆ្នាំថ្មី ឆ្នាំ​២០១៧នេះ។ ការថ្លែងនោះ បានសង្កត់ធ្ងន់ភាគច្រើន ទៅលើកម្មវិធីនុយក្លេអ៊ែរ របស់របបដឹកនាំខ្លួន។ លោក គីម បានអះអាងថា ប្រទេសកូរ៉េខាងជើង បានដើរមកដល់ដំណាក់កាលចុងក្រោយ នៃការត្រៀម​បាញ់​កាំជ្រួច​អន្តរទ្វីប ដែល​អាចនឹងបាញ់ ទៅដល់ប្រទេសអាមេរិក។

អ្នកទទួលខុសត្រូវម្នាក់ នៃបាតុកម្មកាលពីថ្ងៃសុក្រ ត្រូវបានទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» ស្រង់សំដី​យក​បញ្ជាក់ថា៖ «ប្រជាជនត្រូវគោរពតាមស្មារតី នៃប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សមមិត្ត គីម ជុងអ៊ុន និង​ចាត់​ទុក​ប្រសាសន៍​នេះ គឺជា"អនុសាសន៍" សម្រាប់ជីវិត និងការប្រយុទ្ធ»។

សុន្ទរកថា​បើកឆ្នាំថ្មី របស់លោក គីម ជុងអ៊ុន បានទាក់ទាញចំណាប់អារម្មណ៍ ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យធ្វើប្រតិកម្មមកវិញ នៅមួយថ្ងៃក្រោយមក គឺ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​មុន។ លោក ត្រាំ បានសរសេរនៅលើទំព័រទ្វីសធើររបស់លោកថា នឹងគ្មានកាំជ្រួច របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ណា​មួយ បាញ់ដល់ទឹកដីអាមេរិក​នោះទេ។

សមត្ថភាពពិតប្រាកដ របស់ប្រទេសកុម្មុយនីស ក្នុងការផលិតកាំជ្រួចរំលងទ្វីប នៅតែជា​ចំណុច​សង្ស័យ​នៅ​ឡើយ របស់ក្រុមអ្នកជំនាញ ជាពិសេសនៅពេលដែលប្រទេសនេះ តែងអួតអាងថា ខ្លួនផលិតបាន នូវ​គ្រាប់​បែក​នុយក្លេអ៊ែរ ដែលមានកម្លាំងច្រើនមេហ្គាតោន ដ៏សម្បើមមួយ។ ប៉ុន្តែអ្នកជំនាញទាំងនោះ បាន​យល់​ស្រប​គ្នា នៅត្រង់ចំណុចមួយ គឺភាពរីកចម្រើនទៅមុខ នៃការផលិតគ្រឿងសព្វាវុធទាំងនេះ រាប់ចាប់តាំង​ពី​លោក គីម ជុងអ៊ុន បានឡើងមកកាន់អំណាច ស្នងលោក គីម ជុងអីល (Kim Jong-il) ដែលជាឪពុក​របស់​លោក និង​ដែល​បាន​ទទួល​មរណភាព នៅខែធ្នូ ឆ្នាំ២០១១ កន្លងទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...