រថ​ក្រោះអាមេរិក​រាប់​ពាន់​គ្រឿង មក​ដល់​អ៊ឺរ៉ុប​ខាង​កើត​ហើយ

តាំងពីមួយសប្ដាហ៍កន្លងមកនេះ រថពាសដែកអាមេរិក រាប់រយគ្រឿង និងឈាន​ទៅ​ដល់​រាប់​ពាន់​គ្រឿង កំពុង​ត្រូវ​ដាក់​ពង្រាយ ជា​បណ្ដើរៗ នៅ​លើ​ទឹកដី​អ៊ឺរ៉ុប​ខាង​កើត។ កាលពីថ្ងៃសុក្រមុន សម្ភារៈ​សិកធុន​ធ្ងន់ ដ៏​សន្ធឹក​សន្ធាប់ ត្រូវ​​បាន​បញ្ជូន មកដល់​ប្រទេស​អាល្លឺម៉ង់ ក្នុងនោះ​មាន​រថក្រោះ​សង្គ្រាម ធុន «Abrams» នោះផង។
រថ​ក្រោះអាមេរិក​រាប់​ពាន់​គ្រឿង មក​ដល់​អ៊ឺរ៉ុប​ខាង​កើត​ហើយ
រថក្រោះសង្គ្រាម ធុន «Abrams» របស់កងទ័ពអាមេរិក ដែលត្រូវបានដឹកមកដល់ប្រទេសអាល្លឺម៉ង់។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៧
  • កែប្រែចុងក្រោយ: January 15, 2017
  • ប្រធានបទ: សង្គ្រាមត្រជាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការដាក់ពង្រាយ ដ៏ធំសម្បើម ដែលមិនដែលធ្លាប់មាន តាំងពីសម័យសង្គ្រាមត្រជាក់ បាន​បិត​បញ្ចប់​ទៅ។ បន្ទាប់​ពី​បញ្ជូន​សម្ភារៈ​សិក ធុនធ្ងន់ មកដល់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅរួច នៅថ្ងៃសៅរ៍​ម្សិលម៉ិញ​នេះ កងទ័ពអាមេរិកយ៉ាងសន្ធឹកសន្ធាប់ បានធ្វើដំណើរ មកដល់តំបន់ភាគខាងលិច នៃប្រទេស​ប៉ូឡូញ ក្រោម​ការ​អបអរស្វាគមន៍​យ៉ាងខ្លាំងក្លា ពីសំណាក់មន្ត្រី និងពលរដ្ឋប៉ូឡូញ។

រថក្រោះ​សង្គ្រាម នៅក្នុង​កម្រិតទី៣ ដែលមានឈ្មោះ «M1 Abrams» នៃ​កងពល​ថ្មើរជើង​លេខ៤ រហស្សនាម «Fort Carson» ដែលមានមូលដ្ឋានក្នុងរដ្ឋ «Colorado (ភាគកណ្ដាល សហរដ្ឋអាមេរិក» ត្រូវ​បាន​បញ្ជូន​មកដាក់​ពង្រាយ នៅលើទឹកដីអ៊ឺរ៉ុបខាងកើត សម្រាប់ប្រតិបត្តិការមួយ ដែល​មន្ទីរ​ប៉ង់តាហ្គោន (Pentagone = ក្រសួង​ការពារ​ជាតិ​អាមេរិក) បាន​ដាក់ឈ្មោះឲ្យថា «Atlantic Resolve»។ ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ក្នុង​ក្របខណ្ឌ របស់​អង្គការ​អូតង់ (OTAN ហៅកាត់​តាម​បារាំង និង NATO ហៅ​កាត់​​តាម​អង់គ្លេស) ដើម្បី​ទប់​ស្កាត់ ការ​រំលោភ​បំពាន ពីសំណាក់​ប្រទេសរ៉ូស្ស៊ី និងដើម្បីធានាសុវត្ថិភាព-សន្តិសុខ ទៅដល់​ប្រទេស​សមាជិក របស់​អង្គការ​នេះ (ប្រទេស​អេស្តូនី ឡេតូនី លីទូអានី និងប៉ូឡូញ) ដែល​មាន​ព្រំប្រទល់ ជាប់​ជាមួយ​មហា​យក្ស​រ៉ូស្ស៊ី។

យានយន្ដ ដែលរាប់បញ្ចូលទាំងរថក្រោះ រថសង្គ្រោះ... ប្រមាណជា២៥០០គ្រឿង ត្រូវបាន​បញ្ជូន​ចេញ​ពី​នាវា​មួយ ដើម្បី​ឡើង​គោក នៅ​កំពង់​ផែ «Bremerhaven» ស្ថិតនៅភាគខាងជើង នៃប្រទសអាល្លឺម៉ង់ កាល​ពី​ថ្ងៃ​សុក្រ សប្ដា​ហ៍​​មុន។ នៅថ្ងៃអាទិត្យ​ប៉ុន្មានថ្ងៃក្រោយមក សម្ភារៈសិកផ្សេងទៀត នឹងត្រូវបញ្ជូនមកដល់ តាមនាវា​ពីរ​គ្រឿង​ទៀត ដែលបានចូលមកចត នៅនឹងកំពង់ផែដដែល។ យុទ្ធោបរកណ៍ទាំងអស់ នឹងត្រូវដឹក (ជាទូទៅ​តាម​រថភ្លើង) បញ្ជូនទៅកាន់​មូលដ្ឋាន​យោធាមួយ នៅក្នុង​ប្រទេស​ប៉ូឡូញ។ នេះ បើតាម​ការ​អះអាង របស់​កងទ័ព​អាល្លឺម៉ង់។

រីឯកងទ័ពអាមេរិក ដែលមានចំនួនប្រមាណជា៤០០០នាក់ នឹងត្រូវបានបញ្ជូន មកតាមយន្ដហោះ ឆ្ពោះទៅកាន់​ប្រទស​ប៉ូឡូញតែម្ដង។ កាលពីខែមីនា ឆ្នាំ២០១៦​កន្លងទៅ មន្ទីរប៉ង់តាហ្គោន ក៏បាន​ប្រកាស​ដែរ​ថា នឹងដាក់​ពង្រាយ​ប្រព័ន្ធ ខែលការពារជា​អចិន្ត្រៃយ៍ នៅក្នុងតំបន់អ៊ឺរ៉ុប​ខាងកើត ចាប់ពីខែកុម្ភៈ​ខាង​មុខ។ បូក​រួម​នឹងបេសកកម្ម​ផ្សេងៗ​ផង ទាហ៊ានអាមេរិក​ដែលមានវត្តមាន នៅលើទឹកដីអ៊ឺរ៉ុប នឹងមានចំនួន​ឡើង​​​រហូត​​ដល់​​ ៦២ ០០០នាក់ ។ ចាប់តាំង​ពី​រដូវ​ផ្ការីក ឆ្នាំ២០១៤មក អង្គការនៃ​សន្ធិសញ្ញាអាត្លង់ទិក​ខាង​ជើង (ហៅ អូតង់ ឬ​ណាតូ) បាន​បង្កើត​នូវ​វិធានការ​ច្រើនយ៉ាង និងជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាព ដល់​បណ្ដា​ប្រទេស​ជា​សមាជិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...