ទស្សនកិច្ចនៅអាស៊ី ប៉ាស៊ីភិក របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 13, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិក លោក ឡេអុង ប៉ាណេតា នឹងធ្វើដំណើរទស្សនកិច្ចមួយជុំនៅបីប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីភិក។ នេះជាការប្រកាសអោយដឹងរបស់លោក ហ្សច លីថល លេខាទទួលបន្ទុកពត៌មាននៃមន្ទីប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិក។
រូបសញ្ញា របស់មន្ទីប៉ង់តាហ្គោន ឬក្រសួងការពារជាតិអាមេរិក។
លោក ហ្សច លីថល (George Little) បានថ្លែងថា លោក ឡេអុង ប៉ាណេតា (Leon Panetta) នឹងមកកាន់ប្រទេសអូស្រ្តាលី ជាមុនសិន ហើយនឹងជួបជាមួយ លោកស្រីហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីការបរទេសអាមេរិក និងលោក ម៉ាតាំង ដឺមព្សេវ (Martin Dempsey) នាយកក្រុមប្រឹក្សាមេបញ្ជាការកងទ័ពអាមេរិក នៅទីនោះ ដើម្បីកិច្ចពិភាក្សាប្រចាំឆ្នាំ សម្រាប់ថ្នាក់រដ្ឋមន្ត្រីមួយ រវាងសហរដ្ឋអាមេរិក និងប្រទេសអូស្រ្តាលី។
លោក លីថល បានបន្ដថា ជំនួបក្នុងឆ្នាំនេះ «នឹងអនុញ្ញាតិអោយ សម្ព័នភាពរវាងប្រទេសទាំងពីរ មានភាពជឿនលឿនទៅមុខ ក្នុងការដាក់ពង្រាយ នាវាចម្បាំងនិងកងទ័ពអាកាសនៅក្នុងសមុទ្រ ផ្នែកខាងជើងនៃប្រទេសអូស្រ្តាលី»។ បន្ទាប់ពីនោះហើយ លោក ប៉ាណេតា នឹងអញ្ជើញទៅប្រទេសកម្ពុជា និងថៃ ដោយបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងជួបជាមួយក្រុមមេដឹកនាំការពារជាតិ របស់បណ្ដាប្រទេសអាស៊ាន នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា។
លោក លីថល បានលើកចង្អុលថា ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសអាមេរិក បង្ហាញពីគោលបំណងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងលំនឹងភាព នៅក្នុងតំបន់ ជាពិសេសនៅអាស៊ី ប៉ាស៊ីភិក។ «យើងទន្ទឹងរងចាំ ពីអ្វីដែលការជួបដ៏ប្រពៃនេះ នឹងអនុញ្ញាតិអោយ ពន្លឿនយុទ្ធសាស្រ្តរបស់យើង ក្នុងរយះពេលវែង ដើម្បីតុល្យភាពមួយ ជាមួយនឹង ក្រុមប្រទេសនៅអាស៊ី ប៉ាស៊ីភិច។»
ក្នុងពេលជាមួយគ្នានេះដែរ សេតវិមាន ក៏បាននិយាយបញ្ជាក់ផងដែរ ពីទស្សនកិច្ចផ្លូវរដ្ឋ និងជាផ្លូវការ នៅប្រទេសបីក្នុងតំបន់ គឺ ថៃ ភូមា និងកម្ពុជា របស់លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកទើបនឹងជាប់ឆ្នោតជាថ្មី។
-------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ