អូបាម៉ា សម្ដែង​ការ​«កោត​សរសើរ»​ចំពោះ ត្រាំ

លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីផុតតំណែង បានទូរស័ព្ទទៅលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនជាប់ឆ្នោតថ្មី ជាប្រធានាធិបតី ដើម្បីអបអរសាទរ​ជ័យជំនះ របស់​មហា​សេដ្ឋី​រូប​នេះ និង​ព្រម​ទាំង​បាន​ស្ងើច​សរសើរ​លោក ត្រាំ ដែលបាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ ឃោសនា​បោះឆ្នោត នៅជុំវិញ​សហរដ្ឋ​អាមេរិក។
អូបាម៉ា សម្ដែង​ការ​«កោត​សរសើរ»​ចំពោះ ត្រាំ
ពីឆ្វេងមកស្ដាំ៖ លោក ដូណាល់ ត្រាំ និងលោក បារ៉ាក់ អូបាម៉ា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ញ៉ូយក ថ្ងៃទី០៩ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 09, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានទូរស័ព្ទទៅលោក ដូណាល់ ត្រាំ (Donald Trump) នៅព្រឹកថ្ងៃពុធនេះ ដើម្បីអបអរសាទរជ័យជំនះ ដែលបេក្ខជនប្រធានាធិបតី ទើប​នឹង​​ទទួល​​បាន និង​សម្ដែង​​«ការកោតសរសើរ» នូវ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ដ៏មមាញឹក ដែលលោក ត្រាំ បាន​ដឹកនាំ​ក្នុង​​ពេល​កន្លង​​មក នៅ​​ជុំវិញ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ចេញពី​សេតវិមាន ដែល​​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង នៅ​ពេលក្រោយមក ក្នុងថ្ងៃដដែល។

សេចក្ដីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា៖ «លោកប្រធានាធិបតី បានអញ្ជើញប្រធានាធិបតីជាប់ឆ្នោតថ្មី ឲ្យ​មកជួបលោក នៅ​សេតវិមាន នៅថ្ងៃព្រហស្បត្តិ៍ទី១០ ខែវិច្ឆិកាស្អែកនេះ ដើម្បីជួយពិភាក្សា ពីគម្រោង​នៃការ​ផ្ទេរ​តំណែង និងពីអ្វីដែលរដ្ឋបាល របស់​លោក​ប្រធានាធិបតី បានដឹកនាំធ្វើតាំងពីមួយឆ្នាំមកហើយ។ ធានា​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច ដោយរលូន គឺជាអាទិភាពមួយ ក្នុង​ចំណោម​អាទិភាពជាច្រើន ដែលលោក​ប្រធានាធិបតី​បាន​កំណត់​ធ្វើ នៅ​ដើម​ឆ្នាំ (ក្រោយ) ហើយជួបជាមួយ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ជាជំហាន​បន្ទាប់។»។

លិខិតរបស់សេតវិមាន បានបន្តទៀតថា៖ «លោកប្រធានាធិបតី នឹងធ្វើការប្រកាសមួយ នៅថ្ងៃពុធនេះ នៅ​សេតវិមាន ដើម្បីលើកឡើង ពីលទ្ធផលនៃការបោះឆ្នោត និងរំពឹងមើល ពីវិធានការទាំងឡាយ ដែល​យើង​អាច​ចាត់ចែងឡើង សម្រាប់ប្រទេស ដើម្បីការ​បង្រួប​បង្រួម​ជាតិរបស់យើង បន្ទាប់ពីយុទ្ធនាការដ៏ក្ដៅគគុក នា​ពេល​កន្លង​មក»។

ជ័យជំនះរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាការទះកំផ្លៀងមួយយ៉ាងដំណំ ទៅលើលោក បារ៉ាក់ អូបាម៉ា ដែលបានកាត់តំណែង ជិត៨ឆ្នាំមកហើយ ជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ នៅក្នុងអំឡុងពេល នៃយុទ្ធនាការបោះឆ្នោត លោក អូបាម៉ា និងភរិយាបានចូលរួម និងជួយឃោសនា ជូនបេក្ខនារី​មកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន យ៉ាងខ្លាំងក្លា។

នៅក្នុងគម្រោងនយោបាយ របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ បានគ្រោងលប់ចោល នូវ​នយោបាយ​សំខាន់ៗ​ជា​ច្រើន របស់លោក បារ៉ាក់ អូបាម៉ា ដូចយ៉ាង​នយោបាយ​បំបាត់ ការឡើងកម្ដៅផែនដី និង​នយោបាយថែទាំសុខភាព (Obamacare) សម្រាប់​ពលរដ្ឋអាមេរិក​គ្រប់រូប​នោះជាដើម។ តាមច្បាប់ លោក អូបាម៉ា មានសិទ្ធិអាចចោទសួរលោក ដូណាល់ ត្រាំ ពីអ្វីដែល​លោក​បាន​បន្សល់ទុក បន្ទាប់ពីលោក ត្រាំ បាន​កាន់​អំណាច​បាន​មួយ​អណត្តិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...