ប្រធានាធិបតីកូរ៉េខាងត្បូងចង់បាន«ឧទ្យានសន្តិភាព» នៅព្រំដែនកូរ៉េ
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ជនហេ (Park Geun-Hye) ដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធនេះ នៅចំពោះសភាអាមេរិកថា លោកស្រីចង់ផ្ដួចផ្ដើមអោយមាន ឧទ្យានអន្តរជាតិមួយ នៅក្នុងតំបន់គ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ។
លោកស្រី ប៉ាក ជនហេ ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងសភាអាមេរិក។
លោកស្រីនិយាយ ដោយមិនបានបញ្ជាក់លំអិត ទៅលើគម្រោងនេះថា «ខ្ញុំសង្ឃឹមនឹងធ្វើអោយមានដំណើរទៅមុខ នូវឧទ្យានអន្តរជាតិមួយ នៅក្នុងតំបន់គ្មានយោធា»។ ការថ្លែងនេះ ទំនងនៅក្នុងបំណងចង់អោយ ភាពតានតឹងរវាងប្រទេសលោកស្រី និងប្រទេសកូរ៉េខាងជើង មានការថយចុះ។ លោកស្រីពន្យល់ថា «វានឹងជាឧទ្យានមយយ ដែលនឹងនិយាយពីសារសន្តិភាព ទៅកាន់មនុស្សជាតិទាំងមូល»។
លោកស្រីបន្ថែមថា «តំបន់គ្មានយោធា ត្រូវតែមានមោទនភាពនឹងឈ្មោះរបស់វា ដូចជាតំបន់មួយ ដែលពង្រឹកសន្តិភាព ជៀសជាងការដាក់ដាំមីនបន្ថែម»។
នេះជាលើកទី៦ហើយ នៅក្នុងប្រវត្តិសាស្ត្រ ដែលប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងទៅកាន់តំណាងរាស្ត្រគ្រប់រូប របស់អាមេរិក ក្នុងកិច្ចប្រជុំសភាមួយ ដែលបានបើកធ្វើ ដើម្បីបង្ហាញនូវការរួមរួមរវាងសម្ព័ន្ធមិត្តទាំងពីរ ខណៈពេលវិបត្តិនៅលើឧបទ្វីបកូរ៉េ កំពុងមានកម្ដៅនៅឡើយ។
ជំហរម៉ឺងម៉ាត់នៅចំពោះការបង្កហេតុណាមួយ របស់កូរ៉េខាងជើង
ជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីសហរដ្ឋអាមេរិក។
បន្ទាប់ពីបានស្បថឡើងកាន់តំណែងពីខែកុម្ភះកន្លងទៅ លោកស្រី ប៉ាក ជនហេ បានធ្វើដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិក ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ នៅបរទេសរបស់លោកស្រី។ លោកស្រីបានជួបប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ហើយបានបង្ហាញនូវជំហរម៉ឺងម៉ាត់រួមគ្នា នៅចំពោះការបង្កហេតុរបស់ប្រទេសកុម្មុយនីសកូរ៉េខាងជើង។
នៅក្នុងសភាអាមេរិក លោកស្រីបានថ្លែងអះអាងថា «គ្មានការបង្កហេតុណាមួយ របស់កូរ៉េខាងជើង នឹងទទួលបានជោគជ័យឡើយ»។ ពាក្យសម្ដីមួយឃ្លានេះ បានធ្វើឲ្យពួកអ្នកតំណាងរាស្ត្រអាមេរិក ងើបឈរឡើងយ៉ាងយូរ ដើម្បីទះដៃអបអរសាទរលោកស្រី ។ «សាធារណរដ្ឋកូរ៉េ នឹងមិនអនុញ្ញាតឲ្យកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរនោះទេ។ រាល់ការបង្កហេតុទាំងឡាយ របស់ទីក្រុងព្យុងយ៉ាង នឹងត្រូវបានដាមដានយ៉ាងដិតដល់ជាទីបំផុត។»
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់រំលឹកថា «ខ្ញុំនៅតែមានជំហរមិនផ្លាស់ប្ដូរ ពីការបោះជំហានទៅមុខ នៃការពង្រឹកភាពទុកចិត្តមួយ នៅក្នុងឧបទ្វីបកូរ៉េ។ ខ្ញុំនឹងមិនធ្វើនយោបាយ ចាប់ចំណាត់ខ្មាំង នៃសកម្មភាពមនុស្សធម៌ ដូចជាការផ្ដល់ចំណីអាហារ និងការជួយកុមារនៅកូរ៉េខាងជើងនោះឡើយ៕»
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ