អាមេរិក៖ រកឃើញស្ត្រីបីនាក់បាត់ខ្លួនពី១០ឆ្នាំមុន តែសង្ស័យសមត្ថកិច្ចរបស់នគរបាល
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នគរបាលនៅទីក្រុងក្លេវឡេន (Cleveland) បានប្រកាសនៅដើមសប្ដាហ៍នេះថា ស្ត្រីបីរូបដែលបាត់ខ្លួនតាំងជាង១០ឆ្នាំមុន ក្នុងខណៈពេលដែលពួកនាងនៅជំទង់នៅឡើយ ត្រូវបានរកឃើញនៅរស់ នៅក្នុងផ្ទះមួយ ចម្ងាយ៣គីឡូម៉ែត្រ ពីកណ្ដាលទីក្រុង។
រូបថតតាមស្វែងរក របស់នាងអាមេនដា ប៊ើរី និងនាងជីណា ឌឺជេស៊ុស ក្រោយពេលនាងបាត់ខ្លួន។
នាងអាមេនដា ប៊ើរី (Amanda Berry) បានហៅនគរបាលកាលពីថ្ងៃច័ន្ទ ដោយបាននិយាយថានាងត្រូវបានគេបង្ខាំងខ្លួន។ នាងបានទទូចអោយនគរបាល ធ្វើអន្តរាគមន៍ជាបន្ទាន់ នៅមុនការត្រឡប់មកវិញនៃជនមេគំនិត នៅក្នុងការបង្ខាំងខ្លួនេះ។ នាងនិយាយថា «ខ្ញុំត្រូវបានគេចាប់ពង្រត់ និងបាត់ខ្លួនតាំងពីជាង១០ឆ្នាំមកហើយ។ ខ្ញុំនៅទីនេះ។»
មនុស្សបីនាក់ ជាបងប្អូននឹងគ្នា មានអាយុពី៥០ទៅ៥៤ឆ្នាំ ត្រូវបានឃាត់ខ្លួន។ ជនទាំងបីនាក់ត្រកូល កាត្រូ (Castro) មានឈ្មោះរៀងខ្លួនថា អារីយ៉េល (Ariel) ភេដ្រូ (Pedro) និងអូនីល (Onil)។ អាជ្ញាធរបាននិយាយថា នាងប៊ើរី និងស្ត្រីពីរនាក់ទៀត នាងជីណា ឌឺជេស៊ុស (Gina DeJesus) និងមៃឃើលី ក្នៃ (Michele Knight) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែមើលទៅសុខភាពរបស់នាងទាំងបី ទំនងមានសភាពធម្មតា។
នាយនគរបាលក្រុងក្លេវឡេន លោក ម៉ៃឃើល ម៉ាកហ្គេដ (Michael McGrath) បានបញ្ជាក់ថា នៅពេលនគរបាលទៅដល់ទីកន្លែងកើតហេតុ គេបានរកឃើញកុមារម្នាក់អាយុ៦ឆ្នាំ ហើយភ្នាក់ងារនគរបាលចំនួនជាង១០រូប បានរងចាំដីការចូលឆែកឆេរក្នុងផ្ទះ។
ផ្ទះដែលឃុំឃាំងនាង។
សង្ស័យលើការងាររបស់នគរបាល ?
នាងប៊ើរី បានបាត់ខ្លួននៅថ្ងៃទី២១ខែមេសាឆ្នាំ២០០៣ ហើយបានអោយដំណឹងមកបងស្រីរបស់នាង ថានាងត្រូវបានគេយកនៅទុកក្នុងរោងជាងមួយ។ នៅពេលនោះនាងមានអាយុ១៦ឆ្នាំ។ រីឯនាងឌឺជេស៊ុស ត្រូវបានបាត់ខ្លួននៅមួយឆ្នាំក្រោយមក នៅពេលដែលនាងត្រឡប់ចេញពីសាលា និងទើបតែមានអាយុ១៤ឆ្នាំនៅពេលនោះ។ នាងទាំងពីរត្រូវបានរកឃើញ នៅពេលនេះ នៅក្នុងគេហដ្ឋានដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលនាងបានបាត់ខ្លួន។
ចំណែកឯនាង ក្នៃ វិញ អាជ្ញាធរបាននិយាយថា នាងបានបាត់ខ្លួន នៅពេលនាងមានអាយុ២០ឆ្នាំ នៅឆ្នាំ២០០២។ ញាតិមិត្តរបស់នាងទាំងបី បាននិយាយថា ពួកគេមិនដែលអស់សង្ឃឹមក្នុងការរុករកនោះទេ បើទោះជានាងៗ បានបាត់ខ្លួនជាច្រើនឆ្នាំមកហើយក៏ដោយ។ ដោយឡែក អ្នកជិតខាងនឹងគេហដ្ឋានជាប់សង្ស័យនោះ បានថ្លែងថា ពួកគេបានជូនដំណឹងទៅនគរបាល យ៉ាងហោចណាស់ចំនួនពីរដងរូចមកហើយ នៅប៉ុន្មានឆ្នាំមកនេះ។
អ្នកជិតខាងម្នាក់ បានអះអាងថាខ្លួនបានមើលឃើញស្ត្រីម្នាក់ មិនមានខោអាវស្លៀកពាក់ កំពុងវានៅខាងក្រោយផ្ទះ ពីប៉ុន្មានឆ្នាំមុន។ អ្នកជិតខាងម្នាក់ទៀត បានលឺស្នូរបោកអ្វីមួយទៅនឹងទ្វាផ្ទះ ហើយបានកត់សម្គាល់ថា មានស្បោងផ្លាស្ទីកត្រូវបានគេបិតនៅលើបង្អួច មិនអោយឃើញចូលទៅក្នុង។
អ្នករស់នៅជាប់របងផ្ទះទាំងនោះ បានថ្លែងថា បន្ទាប់ពីពួកគាត់បានជូនដំណឹងទៅអាជ្ញាធរ នគរបាលជាច្រើនរូបបានមកដល់កន្លែងកើតហេតុ តែមិនដែលបានចូលទៅក្នុងគេហដ្ឋាន ដ៏គួរអោយសង្ស័យនេះទេ។
នាងទាំងបីនាក់ត្រូវបានជួយសង្គ្រោះ ដោយសារមានម្នាក់ពីក្នុងនោះ បានធាក់ទម្លាយសំណាញ់ឃុំឃាំងពួកនាង ដើម្បីរត់គេចខ្លួន មុននឹងទូរស័ព្ទទៅកាន់នគរបាល តាមរយៈទូរស័ព្ទក្នុងផ្ទះរបស់អ្នកជិតខាងម្នាក់។
សូមទស្សនាវីដេអូ ដែលនិយាយពីអ្នកជិតខាងម្នាក់ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ដូចខាងក្រោម៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ