យង់ គឹមអេង៖ គ.ជ.ប មិនគួរច្រានចោល សំណើរសង្គមស៊ីវិល
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ គ.ជ.ប បានចេញនូវសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការមួយ ច្រានចោលនូវសំណើរ របស់សង្គមស៊ីវិល ដែលស្នើរសុំឲ្យមានការ«បិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅតាមភូមិ» កាលពីថ្ងៃទី៦ ខែមេសា ម្សិលម៉ិញនេះ។ សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត នៅតាមភូមិ មិនអាចធ្វើបានទេ ព្រោះច្បាប់ បទបញ្ជា និងនីតិវិធី មិនបានចែងពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅតាមភូមិនោះទេ។
រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។
ចំពោះបញ្ហាដែលគ.ជ.ប លើកឡើងខាងលើនេះ ប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) លោក យង់ គឹមអេង បានបញ្ជាក់មកវិញថា ទាំងនេះមិនមែន ជាមួលហេតុនោះទេ តែអ្វីដែលសំខាន់នោះ « តើគ.ជ.ប ចង់ធ្វើឬអត់?»។ លោកបន្តថា គ.ជ.ប ចង់បង្ហាញខ្លួនឯងថា៖ « មានអំណាច បដិសេធ ចេះតែបដិសេធ តែគាត់មិនបាន យល់ ពីអ្វីដែលជាមូលហេតុពិត អ្វីជាការទាមទារពិត»។ លោកពន្យល់ថា នៅតាមទីក្រុងប្រជាជនងាយស្រួល ក្នុងការបន្លាស់ទី ដើម្បីពិនិត្យបញ្ជីឈ្មោះបោះឆ្នោត តែនៅតាមជនបទ វិញ ប្រជាជនត្រូវធ្វើដំណើរឆ្ងាយ ដើម្បីទៅសាលាឃុំ។
លោកក៏បានបង្ហាញថា ការបិទបញ្ជីឈ្មោះនៅតាមភូមិ ជាការសម្រួលដល់ការចំណាយក្នុងការទៅមក ជួយឲ្យប្រជាពលរដ្ឋភាគច្រើនបានពិនិត្យមើលបញ្ជីឈ្មោះ និងអាចបង្កើនចំនួន អ្នកបោះឆ្នោតកាន់ តែច្រើនឡើង។ លោកព្រមានថា អត្រានៃអ្នកទៅបោះឆ្នោតកាន់តែតិចទៅ ឯអ្នកបាត់ឈ្មោះក៏កាន់តែច្រើន និង ការថ្គោលទោស គ.ជ.ប នៅបន្តមានតទៅទៀត បើគ.ជ.ប នៅតែបន្តយន្តការ ដោយមិនទទួលយក នូវអនុសាសន៍របស់សង្គមស៊ីវិលទេ ។
សេចក្តីប្រកាសព័ត៌មានដដែលក៏បានបង្ហាញថា ប្រជាពលរដ្ឋមួយភូមិ អាចមានឈ្មោះ ក្នុងការិយាល័យបោះឆ្នោតផ្សេងគ្នាក្នុងឃុំសង្កាត់។ ដូច្នេះបើបិទបញ្ជីបោះឆ្នោតនៅ តាមភូមិ នីមួយៗ ត្រូវយកបញ្ជីបោះឆ្នោតគ្រប់ការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ទៅបិទផ្សាយ។ លោក យង់ គឹមអេង បានបញ្ជាក់ករណីនេះថា នេះជាសមត្ថកិច្ចរបស់គ.ជ.ប ដែលនឹងអាច ធ្វើរឿងហ្នឹង វាមិនមែនជាឧបសគ្គទេ ហើយក៏មិនមែនជាមួលហេតុសម្រាប់ធ្វើការបដិសេធនោះដែរ។
គ.ជ.ប បានអះអាងថា ខ្លួនមានដំណោះស្រាយផ្សេងពីនេះ ក្នុងការផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោត មានច្រើនដំណាក់កាល ដោយមានពេលគ្រប់គ្រាន់ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី។ ដូចជាការផ្សព្វផ្សាយបញ្ជីឈ្មោះនៅលើគេហទំព័រ គ.ជ.ប (www.voterlist.org.kh) ដើម្បីឲ្យអ្នកមានលទ្ធភាពបើកមើល និងជួយផ្សាយបន្តជាដើម។ តែចំពោះ សង្គមសុីវិល វិញយល់ថា ចំនួនអ្នកដែលចេះប្រើប្រាស់បណ្តាញគេហទំព័រ នៅមានកម្រិតទាបនៅឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ គ.ជ.ប ក៏បានច្រានចោលផងដែរ នូវការបញ្ចូលតំណាងគណបក្ស ដែលមានអសនៈនៅរដ្ឋសភា ធ្វើជាសមាសភាពនៅក្នុង គណៈកម្មការ ជ្រើសរើស និងតែងតាំង គឃ/សប និងគកប/គករ។ បើតាមច្បាប់ គឺតម្រូវឲ្យមាន ការជ្រើសរើសប្រជាពលរដ្ឋ ក្នុងឃុំ សង្កាត់ ធ្វើជាគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ឬការិយាល័យបោះឆ្នោត។ សង្គមសុីវិល យល់ថានៅក្នុងស្ថាប័ន គ.ជ.ប ភាគច្រើនពីលើដល់ក្រោម ត្រូវបានគេរិះគន់ជាញឹកញាប់ពីបក្សដែលមិនកាន់អំណាច ថាមានភាពលំអៀង។ បើសមាសភាពក្នុងនោះមានសមាជិកបក្សកាន់អំណាច គួតែបញ្ចូលបក្សដទែទៀត ដើម្បីឲ្យបានចម្រុះបក្ស ទើបប្រសើរ តួយ៉ាងធ្វើដូចជាប្រទេសឥណ្ឌូនេស៊ីជាដើម។
ជារួម លោក យ៉ង គឹមអេង បានលើកឡើងថា អ្វីដែលគ.ជ.ប បានរៀបចំ អាចជាឧបសគ្គមួយ ក្នុងការចូលរួម របស់ប្រជា-ពលរដ្ឋនៅតាមទីជនបទ ក្នុងការពិនិត្យឈ្មោះបោះឆ្នោត ក៏ដូចជា ការទៅចូលរួមបោះឆ្នោតដែរ ជាពិសេសធ្វើឲ្យភាពមិនទុកចិត្តលើគ.ជ.ប នៅតែបន្តមាន និងអាចមានការតវ៉ាមិនទទួលស្គាល់លទ្ធផល។ លោកបន្តថាទោះជាយ៉ាងណា ក៏ដោយ បើគ.ជ.ប គ្មានឆន្ទៈក្នុងការកែទម្រង់ទេ មិនអាចមានប្រពន្ធ័បោះឆ្នោតមួយ ដែលមានភាពប្រសើរឡើងនោះទេ។
សង្គមស៊ីវិលមានអំណាចត្រឹមតែការទាមទារ ការតវ៉ា និងការជម្រុញឲ្យរដ្ឋភិបាល ក៏ដូចជា គ.ជ.ប ផ្ទាល់ ទទួលយកអនុសាសន៍ បើគាត់មិនទទួលយកមិនដឹងថា នឹងត្រូវធ្វើយ៉ាងណា នោះទេ។ តែទោះជាយ៉ាងណាក្តី ការចូលរួមក្នុងការសង្កេតការណ៍ ត្រូវតែមាន សម្រាប់គណបក្សនយោបាយ សង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ទាំងនោះ ធ្វើឲ្យភាពស្របច្បាប់មាន កម្រិតខ្ពស់ និងក៏ជាមុខមាត់ កិត្តិយស របស់ស្ថាប័នដែលរៀបចំនោះដែរ។ ជាចុងក្រោយលោក ក៏បានទទួលស្គាល់ថា គ.ជ.ប បានកែទម្រង់ តែបន្តិចបន្តួចប៉ុណ្ណោះ ដូចជាការសម្គាល់ អន្តសញ្ញាណ អ្នកបោះឆ្នោត ជំនួសដោយការដាក់លេខកូដជាដើម៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ