កម្ពុជា​ថា​«មិន​សម​ហេតុផល» ចំពោះ​ការ​ផ្អាក​​ផ្ដល់​​ទិដ្ឋការ​អាមេរិក ​សម្រាប់​​មន្ត្រី​​ខ្លួន

ការផ្អាក លែងផ្ដល់ទិដ្ឋការប្រភេទ «មិនមែនអន្តោប្រវេសន៍» ទៅឲ្យមន្ត្រីការបរទេសជាន់ខ្ពស់ខ្មែរ ពីសំណាក់រដ្ឋបាលអាមេរិក កាលពីថ្ងៃទី១៣​ ខែកញ្ញាកន្លងមកនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ជាទង្វើ«មិនសមហេតុផល» ហើយផ្ទុយពីកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងសហរដ្ឋអាមេរិក និងកម្ពុជា លើបញ្ហាកន្លងមក។
កម្ពុជា​ថា​«មិន​សម​ហេតុផល» ចំពោះ​ការ​ផ្អាក​​ផ្ដល់​​ទិដ្ឋការ​អាមេរិក ​សម្រាប់​​មន្ត្រី​​ខ្លួន
លិខិតឆ្លងដែនកម្ពុជា។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 15, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សំដែងការភ្ញាក់ផ្អើល ចំពោះការផ្អាកលែងផ្ដល់ទិដ្ឋការ ប្រភេទ«មិនមែនអន្តោប្រវេសន៍» ពីសំណាក់ស្ថានទូតអាមេរិក ប្រចាំរាជធានីភ្នំពេញ ជូនមន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា រាប់ចាប់តាំងពីថ្នាក់អគ្គនាយកឡើងទៅ ដោយរួមបញ្ជូលទាំងក្រុមគ្រួសាររបស់មន្ត្រីទាំងនោះផង។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ក្រសួងការបរទេស បានចាត់ទុកការសម្រេចផ្អាកនេះ ថាមិនសមហេតុផល ហើយផ្ទុយនឹងកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជា លើបញ្ហាកន្លងមក។

កាលពីថ្ងៃទី១៣ ខែកញ្ញានេះ ស្ថានទូតអាមេរិក បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ខ្លួនថា ចាប់ពីថ្ងៃចេញព័ត៌មាននេះតទៅ ប្រទេសមហាអំណាចមួយនេះ «នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 (ដែលសុទ្ធសឹងជាប្រភេទ មិនមែនអន្តោរប្រវេសន៍) ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ​ដែល​មាន​តួនាទី​ ចាប់​ពី​ថ្នាក់​អគ្គនាយក ​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​ នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​ តិច​តួច​ប៉ុណ្ណោះ​»។

សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ពីមូលហេតុ នៃការផ្អាកលែងផ្ដល់ទិដ្ឋការខាងលើថា ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅត្រង់មាត្រា ២៤៣ (D) បានបញ្ជាឲ្យរដ្ឋមន្រ្តី​ការបរទេស​អាមេរិក ​ត្រូវ​កំណត់ទៅមន្ត្រី​​កុងស៊ុល​​ បញ្ឈប់​​លែង​​ផ្តល់​ទិដ្ឋាការទាំងនេះ បន្ទាប់ពីទទួលបានសំណើ ពីរដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិថា មានប្រទេសមួយចំនួន បានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេល ទទួល​យក​ពលរដ្ឋ​ នៃ​ប្រទេស​របស់​ពួកគេ​វិញ។

សម្រាប់ប្រទេសកម្ពុជា តាមក្រសួងការបរទេស បានអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញថ្ងៃទី១៤ ខែកញ្ញាថា៖ «ការកំហិតទិដ្ឋាការ គឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក។ ប៉ុន្តែការផ្សារភ្ជាប់ បញ្ហាមិនផ្តល់ទិដ្ឋាការនេះ ជាមួយនឹងបញ្ហាការបញ្ជូនពលរដ្ឋខ្មែរ ដែលមានពិរុទ្ធត្រឡប់មកកម្ពុជាវិញ គឺជាការមិនសមហេតុផល និងផ្ទុយពីកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហានេះកន្លងមក»។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបថា៖ «កម្ពុជានៅតែត្រៀមលក្ខណៈ ទទួលយកពលរដ្ឋរបស់ខ្លួន ដែលអាមេរិក និងបញ្ជូនមក ហើយនឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យពលរដ្ឋខ្មែរទាំងនោះ ធ្វើសមាហរណកម្ម ក្នុងសង្គមជាតិ ដោយជោគជ័យ និងចាប់ផ្តើមជីវិតថ្មី របស់គេ ប្រកបដោយភាពសមរម្យ និងថ្លៃថ្នូបំផុត»៕

» សេចក្ដីថ្លែងការណ៍ទាំងស្រុង របស់ក្រសួងការបរទេសកម្ពុជា៖ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...