«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

ភាពរស៊ើបនៃបញ្ហាព្រំដែនកម្ពុជា-វៀតណាម កំពុងបន្តមានទៅមុខទៀត ខណៈរដ្ឋាភិបាលកម្ពុជា កំពុងរង់ចាំការឆ្លើយតប ទៅនឹងកំណត់ទូតរបស់ខ្លួន ពីសំណាក់ប្រទេសវៀតណាម។ ប៉ុន្តែក្រុមអ្នកឃ្លាំមើលមួយចំនួន រួមនឹងអ្នកនយោបាយផង បានដាក់បន្ទុកទទួលខុសត្រូវ លើរដ្ឋាភិបាលកម្ពុជា ដែលត្រូវតែដោះស្រាយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 22, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចំពោះបញ្ហាព្រំដែនដ៏រស៊ើបនេះ កំពុងក្លាយជាប្រធានបទមួយ ដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានចោទគណបក្សសង្គ្រោះជាតិថា ជាការធ្វើឡើង ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។ ឯគណបក្ស​សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនោះ ក៏បានលើកឡើងវិញដែរថា បើគិតថា ជាការចំណេញផ្នែក​នយោបាយមែននោះ តោងគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលមានសិទ្ធិ និងអំណាចពេញទី ក្នុងការ​ដោះ​ស្រាយ គួរតែអាចបង្ហាញសកម្មភាព ដោះស្រាយបញ្ចប់ ដើម្បីទាញយកប្រជាប្រិយភាព ឲ្យបានកាន់តែ​ច្រើន​ទៅ។

យ៉ាងណាក៏ដោយ ក៏ដំណោះស្រាយព្រំដែន ជាមួយប្រទេសវៀតណាម ដោយរដ្ឋាភិបាលកម្ពុជា មិនទទួល​បានការជឿទុកចិត្ត ពីពលរដ្ឋមួយភាគ (រួមទាំងពលរដ្ឋរងគ្រោះផង) និងមន្ត្រីគណបក្សប្រឆាំងនោះឡើយ។ ជាពិសេស នៅពេលដែលរដ្ឋាភិបាលខ្លួនឯង បានអះអាងថា ខ្លួនបានផ្ញើរកំណត់ទូត ពីវិវាតរឿងព្រំដែន ទៅ​កាន់ប្រទេសវៀតណាម ចំនួនយ៉ាងហោច១០ដងហើយ តែផ្ទុយទៅវិញ កំណត់ទូតចំនួន ៨ដង មិនត្រូវ​បាន​ប្រកាស ជាសាធារណៈទេ។

តំណាងរាស្រ្តមណ្ឌលសៀមរាប លោក អ៊ុំ សំអាន មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកចង់​ឃើញកម្ពុជា ដោះស្រាយបញ្ហាព្រំដែន ជាមួយវៀតណាមនេះ ដូចកម្ពុជាខ្លួនឯងដោះស្រាយព្រំដែន ជាមួយ​ប្រទេសថៃដែរ។ លោកចង់ឲ្យមានការប្តឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ ) យ៉ាងពិតប្រាកដ ដូច​កាល​ធ្វើជាមួយថៃ ប្រសិនជាវៀតណាម នៅតែមិនដកថយ ឬបញ្ឈប់សកម្មភាព ក្នុងការឈ្លានពាន​របស់​ខ្លួន​នោះ។ លោក សំអាន បានថ្លែងឲ្យដឹងថា៖ «ដូច្នេះគាត់ (រដ្ឋាភិបាល) គួរតែធ្វើចឹង ប្តឹងយួនហ្នឹង ទៅតុលាការ​យុត្តិធម៌អន្តរជាតិដូចគ្នាដែរ។ បើមិនប្តឹងទេ នោះគ្មានដំណោះស្រាយណាមួយសមរម្យទេ។»

ព្រះអង្គម្ចាស់ រណឫទ្ធិ ដាក់ការទទួលខុសត្រូវ លើលោក ហ៊ុន សែន

បញ្ហាព្រំដែននេះ ក៏ត្រូវបានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច ថ្លែងដាក់​បន្ទុក​ការ​ទទួលខុសត្រូវ ទៅលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលត្រូវចេញមុខដោះស្រាយ និងតវ៉ាជាផ្លូវការនោះ​ដែរ។ មានបន្ទូលគាំទ្រ នូវការដាក់«កំណត់ទូត»ជាផ្លូវការទៅកាន់ប្រទេសវៀតណាម ពីបញ្ហាព្រំដែននេះ ព្រះអង្គ​ម្ចាស់ បានថ្លែងអះអាង កាលពីពេលថ្មីៗកន្លងមកថា បញ្ហាការឈ្លានពានទឹកដីកម្ពុជា ពីប្រទេសវៀតណាម​ ប្រមុខរដ្ឋាភិបាល (លោក ហ៊ុន សែន) មានសិទ្ធិពេញទី ក្នុងការការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រ​កម្ពុជា។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិម្ម ឬការបញ្ជាក់ ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី (ជំនួសលោក កុយ គួង) បានទេក្នុងថ្ងៃនេះ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តាមការបញ្ជាក់របស់លោក អ៊ុំ សំអាន បានស្រង់ការលើកឡើង របស់រដ្ឋាភិបាល មកថ្លែងអះអាងថា នឹងគ្រោងប្តឹង ទៅកាន់តុលាការយុត្តិធម៌​អន្តរជាតិ (ICJ )។ លោកបានពន្យល់ថា ជំហរនេះលោកទទួលគាំទ្រ។

តំណាងរាស្រ្តបក្សប្រឆាំងរូបនេះបានបន្ថែមថា មកទល់ពេលនេះក្រុមការងារលោក មិនទាន់ឃើញមាន ការ​បង្ហាញលិខិតផ្លូវការណាមួយ ពីរដ្ឋាភិបាលកម្ពុជា ស្តីពីដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា-វៀតណាម ក្រោយ​ពីរដ្ឋាភិបាល បានដាក់កំណត់ទូតជាមួយវៀតណាមនោះ នៅឡើយ។ លោកថា ភាពស្ងៀមស្ងាត់របស់​ប្រទេស​វៀតណាម ក្នុងការឆ្លើយតបនេះ រដ្ឋាភិបាលកម្ពុជា គួតែបង្ហាញជំហរ ឲ្យមានភាពច្បាស់លាស់ និងរឹងប៉ឹង​ជាង​នេះ។

លោក អ៊ុំ សំអាន បានថ្លែងឲ្យដឹងថា៖ «កន្លងមក យួនក៏មិនឆ្លើយតប យួនក៏មិនបានដោះស្រាយ។ រំលោភ​នៅ​តែរំលោភ ឥតមានថយក្រោយផងហ្នឹង (ដីដែលគេយក) នៅតែយកដដែលហ្នឹង។ (...) យើងចង់ឲ្យមាន​ចំណាត់ការ ឲ្យច្បាស់លាស់ជាងនេះ។ ប្រសិនជាយួន មិនឆ្លើយតបយើង ចរចាហើយ នៅតែមិនដកថយ​ទៅ​វិញ ចូលដដែល រំលោកភដដែល ដូច្នេះត្រូវតែប្តឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...