បោះឆ្នោតប្រធានាធិបតីអាមេរិក៖ ម៉ាត៍ រ៉ូមណី នាំមុខ បារ៉ាក់ អូបាម៉ា
ប្រធានាធិបតីជិតផុតតំណែង បារ៉ាក់ អូបាម៉ា បានបាត់បង់សម្លេងគាំទ្រ នៅក្នុងការស្ទង់មតិមួយ បើប្រៀបនឹងគូរប្រជែង របស់លោក មកពីគណបក្សសារធារណរដ្ឋ លោក ម៉ាត៍ រ៉ូមណី។
លោកបារ៉ាក់ អូបាម៉ា និងលោក ម៉ាត៍ រ៉ូមណី ក្នុងពេលជួបជជែក តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធទី ៣តុលា។
ប្រធានាធិបតីផុតតំណែង លោកបារ៉ាក់ អូបាម៉ា បានបាត់បង់សម្លេងគាំទ្រ ក្នុងការស្ទង់មតិនៃអ្នកទៅបោះឆ្នោតមួយ ដែលមុននេះ លោកបាននាំមុខគូរប្រជែងរបស់គាត់ គឺលោក ម៉ាត៍ រ៉ូមណី មកពីគណបក្សសារធារណរដ្ឋ។ ការបាត់បង់ សម្លេងគាំទ្រនេះ កើតចេញបន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា បានជួបជជែកជាលើកទី១ ជាមួយនឹងលោក ម៉ាត៍ រ៉ូមណី នៅ តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធទី៣តុលា ឆ្នាំ២០១២។ ការស្ទង់មតិថា្នក់ជាតិនេះ ត្រូវបានរៀបចំធ្វើដោយវិទ្យាស្ថាន ពីររបស់អាមេរិក ឈ្មោះហៅថា ហ្គាលូព (Gallup) និងផូវ (Pew)។
បើទោះជាលទ្ធផលនៃការស្ទង់មតិនេះ មិនមែនជាការទាយទុកជាមុន នៃលទ្ធផលនៃការបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៦វិច្ឆិការខាងមុខក៏ដោយ ក៏ការធ្លាក់ចុះប្រជាប្រិយភាពនៃ បេក្ខជនផុតតំណែង លោកបារ៉ាក់ អូបាម៉ា ហាក់ដូច ជាមានភាពជាក់លាក់ បន្ទាប់ពីលោកបានជួបជជែកផ្ទាល់តទល់ ជាមួយនឹងបេក្ខជននៃគណបក្សសារធារណរដ្ឋ កាលពី សប្ដាហ៍មុន។
លោកបារ៉ាក អូបាម៉ា ធម្មតា មិនមានអ្វីប្លែក
នៅក្នុងការជួបជជែកគ្នា ដែលទើបតែត្រូវបានធ្វើជាលើកទីមួយ ក្នុងចំណោមការជួបជជែកទាំងបី រហូតដល់ថ្ងៃបោះឆ្នោត នោះ លោកបារ៉ាក់ អូបាម៉ា ត្រូវបានគេមើលឃើញពីភាពរាបស្មើរបស់លោក ថាមិនមានអ្វីប្លែក ខណៈដែលលោក ម៉ាត៍ រ៉ូមណី បានសម្ដែងពីសមត្ថភាព ដូចបានចូលទៅប្រយុទ្ធ នៅក្នុងសមរភូមិមួយយ៉ាងដូច្នេះ។
នៅក្នុងការស៊ើបសួរ ស្ទង់មតិ របស់វិទ្យាស្ថានហ្គាលូព ដែលបានផ្សព្វផ្សាយជាសារធារណៈកាលពីថ្ងៃច័ន្ទ ទី៨តុលានេះ លោក ម៉ាត៍ រ៉ូមណី មានពិន្ទុស្មើនឹងលោក បារ៉ាក់ អូបាម៉ា ក្នុងចំណោមអ្នកបោះឆ្នោត ដែលចង់បោះឆ្នោតអោយ លោក ទាំងពីរ គិតជាភាគរយ ប្រមាណជា ៤៧% ផ្ទុយពីមុនពេលជួបជជែកតាមកញ្ចក់ទូរទស្សន៍ ដែលលោកបារ៉ាក់ អូបាម៉ា បាននាំមុខលោក ម៉ាត៍ រ៉ូមណី រហូតដល់ទៅ៦ពិន្ទុ។ ក្នុងចំណោមមនុស្សទាំងអស់ ដែលវិទ្យាស្ថាន ហ្គាលូព បានសាកសួរ លោក ម៉ាត៍ រ៉ូមណី ទទួលបានការគាំទ្ររហូតដល់ទៅ ៧២%។
រីឯវិទ្យាស្ថាន ផូវ វិញបានផ្សាយកាលពីរសៀលថ្ងៃច័ន្ទដូចគ្នា ហើយក៏បានអះអាងពីចរន្តនេះដូចគ្នា៖ លោកបារ៉ាក់ អូបាម៉ា បានបាត់បង់ពិន្ទុចំនួន ៥ពិន្ទុ នៅក្នុងចំណោមពលរដ្ឋអាមេរិកាំង ដែលគិតថា នឹងចេញទៅបោះឆ្នោត ហើយគូរប្រជែង របស់លោក បានឈ្នះ៤ពិន្ទុមកវិញ។ បេក្ខជនទាំងពីរ ទទួលបានការគាំទ្រប្រមាណជា ៤៦%ដូចគ្នា ពីក្នុងចំណោមពលរដ្ឋ អាមេរិកាំង ដែលបានទៅចុះឈ្មោះបោះឆ្នោត។
សភាពដែលគួរអោយព្រួយបារម្ភជាងនេះរបស់ ប្រធានាធីបតីផុតតំណែង លោកបារ៉ាក់ អូបាម៉ា គឺលោកបានថមថយ សម្លេងគាំទ្រ ពី ៤៩% មក ត្រឹម ៤៥% ពីក្នុងចំណោមអ្នកដែលគិតថា នឹងចេញទៅបោះឆ្នោត។ ជាលទ្ធផលមួយ ផ្ទុយ ទាំងស្រុង បើប្រៀបធៀបទៅនឹងការស្ទង់មតិលើកមុខ ព្រោះអ្នកដែលគិតថា ចូលចិត្តលោកបារ៉ាក់ អូបាម៉ា ជាងម៉ាត៍ រ៉ូមណី បែជានៅថ្ងៃនេះ អ្នកដដែលនេះ បាននិយាយថាចូលចិត្ត លោកម៉ាត៍ រ៉ូមណី ជាងលោក បារ៉ាក់ អូបាម៉ាទៅវិញ៕
--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ