កូរ៉េខាងជើងថា មានលទ្ធភាព អាចវាយអាមេរិកបាន

ប្រទេសកូរ៉េខាងជើង បានតម្លើងសម្លេងរបស់ខ្លួន កាលពីថ្ងៃអង្គារទី០៩តុលានេះ ថាខ្លួនឯងបានផលិតសម្រេចហើយ នូវកាំជ្រួចយុទ្ធសាស្ត្រ ដែលមានសមត្ថភាព នឹងអាចបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក។ តែសំរាប់អ្នកវិភាគ លើសំនុំរឿង ចាត់ទុកថាជាការគម្រាមថ្មីមួយ ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងមួយ ដែលធ្វើរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ស្ដីពីការតម្លើងសមត្ថភាពកាំជ្រួច របស់កូរ៉េខាងត្បូង។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: October 11, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកជំនាញជាច្រើន បានវាយតំលៃថា ជាជំហានមួយថ្មីទៀត នៃការគំរាមកំហែងផ្នែកពាក្យសំដី របស់ទីក្រុង ព្យុងយ៉ាង ក្រោយពេលផលិតកាំជ្រួចអន្ដរទ្វីប មិនបានសម្រេច កាលពីពេលថ្មីៗនេះ។


អគ្គមគ្គុទេសថ្មីវ័យក្មេង គីម ជុង អ៊ុង នៅពីមុខហ្វូងព្យុហយាត្រារំលឹកខួប១០០ឆ្នាំ នៃកំណើតរបស់គីម អ៊ីល​ ស៊ុង។

ប្រទេសកូរ៉េខាងជើង បានតម្លើងសម្លេងរបស់ខ្លួន កាលពីថ្ងៃអង្គារទី០៩តុលានេះ ថាខ្លួនឯងបានផលិតសម្រេចហើយ នូវកាំជ្រួចយុទ្ធសាស្ត្រ ដែលមានសមត្ថភាព នឹងអាចបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក។ តែសំរាប់អ្នកវិភាគ លើសំនុំ រឿងនេះ ចាត់ទុកថាជាការគម្រាមថ្មីមួយ ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ស្ដីពីការតម្លើងសមត្ថភាពកាំជ្រួច របស់កូរ៉េខាងត្បូង។

នៅក្នុងសេចក្ដីប្រកាសពត៌មានមួយ របស់អ្នកនាំពាក្យនៃគណកម្មាធិការការពារជាតិ របស់ប្រទេសកូរ៉េខាងជើង បាន លើកឡើងថា «កងទ័ពបដិវត្តន៍ រាប់បញ្ចូលទាំងកងកម្លាំងកាំជ្រួចយុទ្ធសាស្រ្តផង បានត្រៀមដាក់ រួចជាស្រេច ដើម្បី បាញ់បានក្នុងចំងាយមួយ មិនមែនត្រឹមតែ សំរាប់ទិសដៅនៃបន្ទាយយោធាអាមេរិកាំង នៅកូរ៉េខាងត្បូងប៉ុណ្ណោះទេ តែវាអាចបាញ់ទៅដល់ប្រទេសជប៉ុន កោះហ្គាម (របស់អាមេរិក) និងរហូតដល់ទឹកដីរបស់អាមេរិកថែមទៀតផង។» សេចក្ដីប្រកាសនោះបានបន្ថែមថា «ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រយុទ្ធតទល់ ជាមួយនឹងខ្មាំង សត្រូវគ្រប់ប្រភេទ ទោះជាសត្រូវនោះ មានសមត្ថភាពផ្នែកនុយក្លេអ៊ែ ឬកាំជ្រួចអន្តទ្វីបប៉ុណ្ណាក៏ដោយ។»

គម្រាម ដើម្បីពញ៉ាក់ស្មារតី

អ្នកជំនាញជនជាតិកូរ៉េខាងត្បូងជាច្រើន បានលើកឡើងប្រាប់ ទីភ្នាក់ងារបារាំងអាអេហ្វប៉េ ថាវាគ្រាន់តែជាការគម្រាម ពញ៉ាក់ស្មារតី របស់ប្រទេសកូរ៉េខាងជើង ខណៈដែលខ្លួន ខំប្រឹងមិនដែលបានសម្រេច នូវការផលិតកាំជ្រួចរំលងទ្វីប របស់ខ្លួនប៉ុណ្ណោះ។ សាស្រ្តាចារ្យ បណ្ឌិតសភាជាតិផ្នែកការទូត នៃទីក្រុងសេអ៊ូលម្នាក់ លោក យុង ឌុក មីង (Yun Duk​-Min) បានពន្យល់ថា «គ្មានភស្ដុតាងណាមួយ ដែលបង្ហាញថាកូរ៉េខាងជើង ធ្វើបានសម្រេច នូវការសាកល្បង កាំជ្រួច​ដែលមានសមត្ថភាពអាចបាញ់ ទៅដល់ទឹកដីរបស់អាមេរិកនោះទេ។ ទីក្រុងព្យុងយ៉ាង អាចនឹងរកលេស  មកនិយាយ ដើម្បីលើកទឹកចិត្ត អោយដល់កងទ័ពរបស់ខ្លួន ជាពិសេសមានបំណង ចង់អោយកងទ័ពរួមកម្លាំងជាធ្លុងមួយ នៅពី ក្រោយអគ្គមគ្គុទេសថ្មីវ័យក្មេង គីម ជុង អ៊ុង (Kim Jong-Un) របស់ខ្លួន។» លោកបានបន្ថែមថា «កងទ័ពរបស់ប្រទេស កូរ៉េខាងជើង ជួបនឹងបញ្ហាវិន័យ ហើយកំហឹងរបស់ប្រជាជន បាននឹងកំពុងនឹងរីកខ្លាំង ដោយសារកង្វះចំណីអារហារ នៅក្រោយពេលជួបគ្រោះធម្មជាតិ កាលពីរដូវក្ដៅកន្លងទៅនេះ។» ដោយលោកបានលើកបញ្ជាក់ ពីភាពរាំងស្ងួត និង បន្ទាប់មក ជួបនឹងទឺកជំនន់ ដែលបានបំផ្លាញនូវការដាំដុះផ្សេងៗ របស់ប្រទេសកុម្មុយនីសមួយនេះ។

ការគម្រាមរបស់កូរ៉េខាងជើង បានធ្វើឡើងជាការឆ្លើយតប នឹងការប្រកាសកាលពីថ្ងៃអាទិត្យ ដោយទីក្រុងសេអ៊ូល នៅ ក្នុងការសំរេចកិច្ចព្រមព្រៀងមួយ ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីតម្លើងកម្លាំងបាញ់កាំជ្រួចបាលីស្ទីក បានចម្ងាយពេញ ទាំងប្រទេសកូរ៉េខាងជើងតែម្ដង។ ការតម្លើងនេះ នឹងមានចម្ងាយ ៨០០គីឡូមែត្រ ទល់នឹង ៣០០គីឡូមែត្រ ក្នុងពេល បច្ចុប្បន្ន។

របាំងនុយក្លេអ៊ែរ

ទាហ៊ានអាមេរិក ប្រមាណជា ២៨ ៥០០នាក់ ដែលកំពុងឈរជើងនៅលើទឹកដីរបស់កូរ៉េខាងត្បូង អាចធានាសុវត្ថិភាព អោយប្រទេសនេះ នូវ​ «របាំងនុយក្លេអ៊ែរ»មួយ ក្នុងករណីដែលមានការវាយលុកពីកូរ៉េខាងជើង។ កាលពីឆ្នាំ២០០១ ទីក្រុងសេអ៊ូល សុខចិត្តទទួលយក កម្រិតចម្ងាយបាញ់ នៃកាំជ្រួចរបស់ខ្លួន ក្នុងរយះចម្ងាយខ្លីមួយ ដើម្បីបន្ធូរបន្ថយ ភាពតានតឹង នៅក្នុងឧបទ្វីប។ តែទល់មហិច្ឆិតារបស់ ទីក្រុងព្យុងយ៉ាង ស្ដីពីកាំជ្រួច នុយក្លេអ៊ែរ និងបាលីស្ទីក ដែលចេះ តែរីកធំឡើងៗ ទីក្រុងសេអ៊ូលនៃកូរ៉េខាងត្បូង គ្មានជំរើសអ្វី ក្រៅតែពីពង្រីកចម្ងាយបាញ់ នៃកាំជ្រួចរបស់ខ្លួន ហើយនិង ពន្លឿនការចរចារទាំងឡាយនោះទេ។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ប្រទេសកូរ៉េខាងជើង ធ្លាប់បានបាញ់មិនបានសម្រេច នូវកាំជ្រួចមួយ ដែលខ្លួន បានប្រកាសថា ដើម្បីបង្ហោះផ្កាយរណបមួយ សម្រាប់ការប្រើប្រាស់ស៊ីវីល។ តែសម្រាប់ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងសម្ព័នមិត្ត ការបាញ់នេះ ជាជំហ៊ានសាកល្បងមួយ នៃកាំជ្រួច ដែលមានក្បាលភ្ជាប់នុយក្លេអ៊ែរ។ ប្រទេសកូរ៉េខាងជើង បានខិតខំសំរិតសំរាំង បច្ចេកវិទ្យារបស់ខ្លួន ក្នុងការផលិតអាវុធទាំងនេះ ទាំងពីប៉ុន្មានទស្សវត្តន៍មកហើយ។ ការបាញ់ សាកល្បង អាវុធនុយក្លេអ៊ែរ កាលពីឆ្នាំ២០០៦ និង ២០០៩ កន្លងមក បានបង្កអោយមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់មួយ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហរប្រជាជាតិ។

សព្វថ្ងៃ របបកុម្មុយនីសមួយនេះ មានផ្ទុកកាំជ្រួចចល័ត ចំនួន ៨០០ដើម ដែលក្នុងនោះ មាន៦០០ដើម នឹងអាចបង្កជា គ្រោះថ្នាក់ធ្ងន់ធ្ងរមួយ សំរាប់ប្រទេសបងប្អូនគូរសត្រូវ របស់ខ្លួន គឺកូរ៉េខាងត្បូង។ អ្នកជំនាញជាច្រើន បានរំពឹងគិតថា ប្រទេសកូរ៉េខាងជើង មិនទាន់មានបច្ចេកវិទ្យាគ្រប់គ្រាន់ សំរាប់ផលិត អាវុធនុយក្លេអ៊ែរ នៅឡើយទេ៕

--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...