ស្ថានទូត​អាមេរិកលើ​កោះ​តៃវ៉ាន់ ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃ​នេះ

អាគារ​ស្ថានទូតថ្មី របស់ប្រទេសមហាអំណាច ប្រចាំនៅកោះតៃវ៉ាន់ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ នៅថ្ងៃអង្គារនេះ។ ជាសញ្ញាមួយ បង្ហាញពីការខិតជិតគ្នា រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ តែអាចបង្ក​ឲ្យក្រុង វ៉ាស៊ីនតោន និងក្រុង ប៉េកាំង មើលមុខគ្នាមិនចំ។ 
ស្ថានទូត​អាមេរិកលើ​កោះ​តៃវ៉ាន់ ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃ​នេះ
ទិដ្ឋភាព នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអាគារស្ថានទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំនៅកោះតៃវ៉ាន់។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 12, 2018
  • ប្រធានបទ: នយោបាយ​ចិនមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហរដ្ឋអាមេរិក បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវតំណាងការទូតពេញសមត្ថភាព ​របស់ខ្លួនឡើងវិញ ប្រចាំនៅកោះតៃវ៉ាន់។ អាគារស្ថានទូតថ្មីនេះ ជាសញ្ញាដ៏សំខាន់ ដើម្បីបញ្ជាក់ពីការខិតជិតគ្នា រវាងក្រុង វ៉ាស៊ីនតោន និងក្រុង តៃប៉ិ ខណៈទំនាក់ទំនងរវាង កោះតៃវ៉ាន់ និងប្រទេសចិនកុម្មុយនីស្ដិ៍ មានសភាពកាន់តែតឹងតែងទៅៗ ជាពិសេស នៅចំពោះក្រុង ប៉េកាំង ដែលស្វែងរកដាក់កោះតៃវ៉ាន់ ឲ្យស្ថិតក្នុងសភាពឯកោ ផ្នែកការទូត។

ប្រទេសអាមេរិក បានកាត់ផ្ដាច់ទំនាក់ទំនងការទូត ជាផ្លូវការ ពីកោះតៃវ៉ាន់ នៅឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បានប្រកាសទទួលស្គាល់ គោលការណ៍នៃ«ប្រទេសចិនមួយ» ដែលលើកឡើង ដោយរដ្ឋាភិបាលក្រុង ប៉េកាំង។ ទោះជាចំណងទាក់ទងការទូត ត្រូវបានកាត់ផ្ដាច់មែន តែកោះតៃវ៉ាន់ នៅតែទទួលបាន​ការគាំពារ ពីសំណាក់កងទ័ពអាមេរិក ជាពិសេសកោះតៃវ៉ាន់ នៅតែជាសម្ព័ន្ធមិត្តមួយ ដែលអាមេរិកតែងផ្គត់ផ្គង់អាវុធឲ្យ មិនដែលខាន។

ការបើកស្ថានទូតឡើងជាថ្មីនេះ ត្រូវបានប្រធានាធិបតីថ្មី នៃកោះតៃវ៉ាន់ អ្នកស្រី ឆាយ អ៊ីងវេន (Tsaï Ing-wen) ធ្វើការសាទរ។ អ្នកស្រីប្រធានាធិបតី ដែលនិយមឯករាជ្យភាព នៃកោះតៃវ៉ាន់រូបនេះ បានថ្លែងថា ព្រឹត្តិការណ៍បើកស្ថានទូតជាថ្មី ជាការអះអាង ពី​«ចំណងទាក់ទងដ៏រស់រវើក» រវាងប្រទេសទាំងពីរ។ អ្នកស្រីថា៖ «មិត្តភាពរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក មិនធ្លាប់ទទួលបានភាពរុងរឿង ដូចនេះទេ»។

អាគារស្ថានទូតថ្មី ដែលត្រូវបានចំណាយប្រាក់ ប្រមាណជា២៥៦លានដុល្លារ ដើម្បីសាងសង់នេះ នឹងជំនួសឲ្យអាគារតូចមួយ កំពស់មួយជាន់ ដែលមានឈ្មោះចាប់ពីឆ្នាំ១៩៨០មក ថាជាវិទ្យាស្ថានអាមេរិកាំង នៅតៃវ៉ាន់។ វិទ្យាស្ថាននេះ ទទួលបន្ទុកថែរក្សា នូវចំណងមេត្រីភាពរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជិត ៤០ឆ្នាំកន្លងមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...