ឌុយតែតេ សារភាព​ថា​បាន​សម្លាប់​មនុស្ស ដើម្បី​«ឲ្យ​គំរូ»

ប្រធានាធិបតី​ហ្វីលីពីន បានថ្លែងសារភាព​ដោយផ្ទាល់មាត់ ថាលោកធ្លាប់​​សម្លាប់មនុស្ស​«អាក្រក់»​ជាច្រើននាក់ នៅក្នុងអំឡុង​ពេលលោក ធ្វើជា​អភិបាល​ក្រុង ដាវ៉ៃ (Davao) អស់រយៈពេលជាង២០ឆ្នាំ។
ឌុយតែតេ សារភាព​ថា​បាន​សម្លាប់​មនុស្ស ដើម្បី​«ឲ្យ​គំរូ»
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន កំពុងកាន់កាំភ្លើង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 16, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីសារភាពមួយ ដែលបង្កឲ្យព្រឺដល់ឆ្អឹងខ្នង បានធ្លាយចេញពីមាត់ផ្ទាល់ របស់ប្រមុខរដ្ឋមួយរូប ដែល​បាន​ជាប់ឆ្នោត ក្លាយជាប្រធានាធិបតី កាល​ពី​ប៉ុន្មាន​ខែមុន។ លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានា​ធិបតី​នៃកោះហ្វីលីពីន បានថ្លែងអះអាង កាលពីដើមសប្ដាហ៍នេះថា លោកបានសម្លាប់ ដោយ​ផ្ទាល់​ដៃ​លោក នូវ​មនុស្ស​ជាច្រើននាក់ ដែលរងការសង្ស័យ ថាជាឧក្រិដ្ឋជន នៅក្នុងអំឡុងពេលលោក កាន់តំណែង​ជា​អភិបាល​ក្រុង ដាវ៉ៃ (Davao ស្ថិតនៅ​ភាគ​ខាង​ត្បូង)។ ការកំទេចដោយផ្ទាល់ដៃលោកទាំងនោះ ត្រូវបាន​លោក​បញ្ជាក់​ទៀត​ថា គឺដើម្បីធ្វើជា«គំរូ»​ ដល់កងកម្លាំង​នគរបាល។

នៅចំពោះអ្នកជំនួញ និងអ្នកមុខអ្ន​កការជាច្រើននាក់ លោក រ៉ូឌ្រីចូ ឌុយតែតេ អាយុ៧១ឆ្នាំ បានថ្លែងឡើង​ដូច្នេះ ដើម្បី​ធ្វើអត្ថាធិប្បាយ ទៅលើ​យុទ្ធនាការ​កណ្ដាប់ដៃដែក ប្រឆាំងបណ្ដាញជួញដូរគ្រឿងញៀន នៅលើផ្ទៃ​ប្រទេស ដែលបានសម្លាប់មនុស្ស អស់ជាង៥០០០នាក់ តាំងពីថ្ងៃទី៣០ ខែមិថុនា (ឆ្នាំ​២០១៦) នៃការចូល​កាន់​តំណែង​ដំបូង ជាប្រធានាធិបតី របស់លោកនោះមក។ លោកប្រធានាធិបតី បានថ្លែងឡើងថា៖ «នៅ​ក្រុង​ដាវ៉ៃ ខ្ញុំបាន​ធ្វើវា​ឲ្យ​ផ្ទាល់​ដៃ ដើម្បីបង្ហាញទៅពួកអាដែង (កងកម្លាំងនគរបាល) ថាបើខ្ញុំអាចធ្វើបាន ហេតុអី​ពួកគេ​មិន​អាច​ធ្វើ​វា​បាន?»។

លោក រ៉ូឌ្រីចូ ឌុយតែតេ បានរៀបរាប់ពីយុទ្ធវិធី ដែលលោកបានប្រើប្រាស់ នៅពេល​លោក​នៅជាអភិបាល​ក្រុង អស់រយៈពេលជាង២០ឆ្នាំ យ៉ាងដូច្នេះថា៖ «ខ្ញុំបានជិះម៉ូតូឈ្លប នៅតាមដងផ្លូវនានា នៃក្រុងដាវ៉ៃ ដើម្បី​ស្វែង​រក​បញ្ហា។ បន្ទាប់មក ខ្ញុំបានបង្កឲ្យមាន​ការ​ប្រឈម​មុខ​មួយ​ឡើង ដើម្បីអាចសម្លាប់ (ជននោះ)។»។

សម្រាប់ក្រុមអ្នកការពារសិទ្ធិមនុស្ស បានចោទលោក រ៉ូឌ្រីចូ ឌុយតែតេ ថាបានបញ្ជា ឬនៅពីក្រោយ​កង​កម្លាំង​ពេជ្ឈឃាត ជាច្រើនក្រុម ដែលទំនង​ជា​បាន​សម្លាប់​មនុស្ស ច្រើនជាង១០០នាក់ នៅក្រុងដាវ៉ៃ។ សហរដ្ឋ​អាមេរិក អង្គកា​រសហ​ប្រជាជាតិ និងសហគមន៍អ៊ឺរ៉ុប បានធ្វើការថ្កោលទោស ជាលក្ខណៈ​អន្តរជាតិ ទៅលើ​​នយោបាយ​​បង្ក្រាប បណ្ដាញជួញដូរគ្រឿងញៀន របស់លោក ជាពិសេសនៅត្រង់ចំណុច ដែលលោក​​ប្រធានា​ធិបតី​រូប​នេះ បាន​លើក​ទឹកចិត្ត ដល់ពលរដ្ឋ​សមញ្ញ ឲ្យសម្លាប់ ឬធ្វើការឃាត់ខ្លួន ជនសង្ស័យ ដោយ​សេរី។

ទោះជាមានការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ តែលោក ឌុយតែតេ បានថ្លែងជាថ្មី នៅក្នុងពិធី​ដដែល​នោះ​ថា លោកគ្មានបំណង នឹង​បញ្ឈប់​នយោបាយខាងលើនេះទេ ដោយលោកបញ្ជាក់ថា វាមិន​បាន​រំលោភ ទៅ​លើ​ច្បាប់​អ្វីណាមួយឡើយ។ លោកប្រធានាធិបតី ដែលធ្លាប់​ជាមេធាវីមួយរូបនោះ បានបញ្ជាក់ថា នគរបាលបានធ្វើអន្តរាគមន៍ (បាញ់សម្លាប់) ដោយប្រើសិទ្ធិការពារខ្លួន ហើយមរណភាពជាច្រើន បាន​កើត​ចេញ​ពី​ការ​ជម្រះ​បញ្ជី រវាង​ក្រុម​ឧក្រិដ្ឋជន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...