សួន សេរីរដ្ឋា៖ ហ៊ុន សែន គ្មានតម្លៃស្មើ ឌុយតែតេ រឿង«រណបបរទេស»
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 14, 2016
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បណ្តាញសារព័ត៌មានកន្ទប មួយចំនួនដែលខំលើកជើង ធ្វើអត្ថាធិប្បាយប្រៀបធៀបលោក ហ៊ុន សែន និងលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ថា មានចរឹតមិនរណបបរទេសដូចគ្នានោះ វាគ្រាន់តែជាការនិយាយ ដើម្បីបញ្ជោរបោកសុំលុយលោក ហ៊ុន សែន ចាយប៉ុណ្ណោះ» មួយឃ្លានេះ ជាសេចក្ដីសន្និដ្ឋានចុងក្រោយ របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលទំនងជាចង់បញ្ជាក់ថា លោក ហ៊ុន សែន មានប្រាក់ច្រើន រហូតត្រូវបានប្រព័ន្ធផ្សព្វផ្សាយខ្លះបោកចាយ តាមរយៈអត្ថបទ«លើកជើង»របស់ផងខ្លួន។
ដើម្បីអបអរប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ ក្នុងដំណើរធ្វើទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប៉ុន្មានថ្ងៃចុងក្រោយ មកកាន់ប្រទេសកម្ពុជា បណ្ដាសារព័ត៌មានមួយចំនួន ដែលរងការដាក់ឈ្មោះ ពីសំណាក់លោក សួន សេរីរដ្ឋា ថាជាសារព័ត៌មាន«កន្ទប» បានជ្រើសរើសប្រធានបទមួយ មកធ្វើអត្ថាធិប្បាយ៖ នោះគឺលោក ហ៊ុន សែន មានចរឹត«មិនរណប»បរទេស ដូចលោក រ៉ូឌ្រីចូ ឌុយតែតេ ដែរ។
តែចំពោះប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា មិនបានស្របទស្សនៈ ជាមួយប្រព័ន្ធសារព័ត៌មានទាំងនោះឡើយ។ លោក សេរីរដ្ឋា បានពន្យល់ នៅលើទំព័រហ្វេសប៊ុករបស់លោកថា បើនិយាយពីចរឹត «មិនរណប»បរទេស គឺលោក ហ៊ុន សែន គ្មានតំលៃអាចយកខ្លួន ទៅប្រៀបជាមួយនឹង លោក ឌុយតែតេ បានទេ។ ប្រធានគណបក្សអំណាចខ្មែរ បានលើកយកឧទាហរណ៍មួយ មករៀបរាប់ថា៖
- ឌុយតែតេ ពេលជាប់ឆ្នោត ហ៊ានប្រតិកម្មប្រឆាំងនឹងអាមេរិក ហ៊ានរិះគន់មេដឹកនាំអាមេរិក ដែលជាដៃគូ និងជាសម្ព័ន្ធមិត្តរាប់សិបឆ្នាំ។
- ហ៊ុន សែន តាំងពីឡើងកាន់អំណាច មិនដែលហ៊ានប្រតិកម្ម ជាមួយយួន មិនដែលហ៊ានក្អក ជាមួយនឹងយួន ឬហ៊ានរិះគន់មេដឹកនាំយួន ដែលលើកបន្តុបខ្លួន ឲ្យកាន់អំណាច កាលពីឆ្នាំ១៩៨៥ និងដែលកំពុងធ្វើនយោបាយ ឈ្លានពាន លេបត្របាក់យកទឹកដីខ្មែរនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ក៏តែងបានលើកជារឿយៗ មកអះអាងដែរថា លោកមានចរិត ដូចប្រធានាធិបតីហ្វីលីពីន ដែលល្បីល្បាញ ខាងការប្រើពាក្យជេរប្រទេច មិនសំចៃមាត់ ប្រឆាំងនឹងមេដឹកនាំបរទេសមួយចំនួន ជាពិសេសប្រឆាំងមេដឹកនាំអាមេរិក ទាក់ទងនឹងសំនុំរឿងសិទ្ធិមនុស្ស។
កាលពីអំឡុងខែកញ្ញាកន្លងទៅ លោក ហ៊ុន សែន បានថ្លែងប្រកាសជាសាធារណៈ ប្រៀបធៀបខ្លួនលោក ទៅនឹងលោក ឌុយតែតេ ដូច្នេះថា៖ «បើប្រៀបធៀប ឯកឧត្ដមអាយុច្រើនជាងខ្ញុំ ខ្ញុំដូចឯកឧត្ដម មិនមែនឯកឧត្ដមដូចខ្ញុំទេ។ ព្រោះគាត់ធុញទ្រាន់ អារឿងលូកលាន់ ចូលកិច្ចការផ្ទៃក្នុងរបស់គាត់។ បានថ្ងៃប្រជុំ នៅក្នុងអាស៊ីបូព៌ា គាត់លេងហ្មង។ គាត់ថា អ្នកឯងចង់និយាយ ពីប្រជាធិបតេយ្យ ចង់និយាយពីសិទ្ធិមនុស្ស នេះ! សិទ្ធិមនុស្ស សិទ្ធិអាមេរិកាំងសម្លាប់ប្រជាជនហ្វីលីពីន។ ឥឡូវ អាក្រដាសរបស់គាត់ គាត់ឲ្យមកខ្ញុំ គឺក្រដាសដែលគាត់និយាយហ្នុង។ គាត់ខឹងអគ្គលេខាធិការ អង្គការសហប្រជាជាតិ ព្រោះគាត់កំពុងបង្ក្រាប អាក្រុមគ្រឿងញៀន អញ្ចឹងគាត់ដាក់ហ្មង។»។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៀតថា៖ «ដល់ពេលចេញមកក្រៅ (អង្គប្រជុំអាស៊ាន) គាត់យកអាហ្នឹង មកឲ្យខ្ញុំមើលទៀត បានគាត់ថា ថ្ងៃក្រោយយើងទៅ ចូលរួមសន្និសីទអន្តរជាតិនៅឯណា (យើង)ទៅជាមួយគ្នា។ ខ្ញុំថា កាលពីដើម មានតែខ្ញុំទេ ខ្ញុំនិយាយជាមួយ នឹងពួកមនុស្សមួយចំនួន ដែលវាចូលចិត្តឡូកឡំៗ ជាមួយនឹងកិច្ចការផ្ទៃក្នុងខ្មែរនោះ ប៉ុន្តែឥឡូវបានឯកឧត្ដមមួយទៀត។»៕