អ្នក​ស្លាប់​​កើន​ឡើង៣៨នាក់ ក្នុង​ភេរវកម្ម​ពីរ​ផ្ទួន​គ្នា​នៅ​អ៊ីស្ដាំប៊ូល

ភេរវកម្មផ្ទួនៗគ្នា ចំនួនពីរ នៅកណ្ដាលក្រុងអ៊ីស្ដានប៊ូល ប្រទេសទួរគី បាន​បន្ត​ផ្ដាច់​ជីវិត​មនុស្ស មកដល់ម៉ោងនេះ យ៉ាងហោចណាស់​ចំនួន​៣៨​នាក់។ របាយការណ៍​ដដែល​នោះ ក៏បានលើកឡើងដែរថា ជនរងរបួស​មាន​ចំនួន​១៦៦​នាក់។
អ្នក​ស្លាប់​​កើន​ឡើង៣៨នាក់ ក្នុង​ភេរវកម្ម​ពីរ​ផ្ទួន​គ្នា​នៅ​អ៊ីស្ដាំប៊ូល
ទិដ្ឋភាពក្រោយភេរវកម្ម បំផ្ទុះរថយន្ដចតចោល នៅក្បែររថយន្ដនរគបាល ខាងមុខកីឡាដ្ឋាន «Vodafone Arena»។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១១ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 11, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុល្យភាព នៃចំនួនជនរងគ្រោះដល់ជីវិត បានបន្តកើនឡើង យ៉ាងរន្ធត់ បន្ទាប់ពីអំពើភេរវកម្មចំនួនពីរផ្ទួនៗគ្នា កាល​ពី​យប់​ថ្ងៃសៅរ៍ ដែលបានវាយប្រហារ នៅកណ្ដាលក្រុង អ៊ីស្ដាំប៊ូល នៃប្រទេសទួរគី ក្បែរនឹង​កីឡាដ្ឋាន​បាល់​ទាត់​ឈ្មោះ «Vodafone Arena»។ របាយការណ៍នៅម៉ោងនេះ ដែលប្រកាសឡើង ដោយលោក «Süleyman Soylu» រដ្ឋមន្ត្រីមហាផ្ទៃ នៃប្រទេសទួរគី បានឲ្យដឹងថា អ្នកស្លាប់មានចំនួនដល់៣៨នាក់ និង​ជន​រង​របួស មាន​ចំនួន​១៦៦នាក់។

» ទិដ្ឋភាពនៅមុនពេលផ្ទុះគ្រាប់បែកលើកទីមួយ៖

ភេរវកម្មទាំងពីរបានកើតឡើង មុនក្រោយគ្នាប្រមាណជា ៤៥វិនាទី។ រថយន្ដមួយគ្រឿង ដែលត្រូវបាន យក​មក​ចត​ចោល នៅក្បែរ​រថយន្ដ​នគរបាល ​ចំពី​មុខ​ច្រក​ចូល​កីឡាដ្ឋាន បានបំផ្ទុះខ្លួនឡើង៖

បន្ទាប់មក ភេរវកម្មទីពីរបានកើតឡើង បង្កដោយភរវជនអត្តឃាតម្នាក់។ ជននោះ​​បានរត់​ទៅបំផ្ទុះខ្លួន នៅ​​ក្នុង​​ចំណោម​​កង​​កម្លាំង​នគរបាល ដែលកំពុងឈរជើង នៅក្នុងសួនច្បារ «Maçka» ស្ថិត​នៅ​មិនឆ្ងាយប៉ុន្មាន ពី​​កីឡាដ្ឋាន។

លោករដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ថា ជនរងគ្រោះដល់ជីវិតទាំង៣៨នាក់នោះ មាន៣០នាក់ជានគរបាល ៧​នាក់​ជាពលរដ្ឋស៊ីវិល និងម្នាក់ទៀត កំពុងស្វែង​រកការ​កំណត់ ពីអត្តសញ្ញាណ។ លោកបានថ្លែងបន្តថា មក​ដល់​ពេលនេះ គ្មានការចេញមុខ មកប្រកាសទទួលស្គាល់ ការវាយប្រហារនេះនៅឡើយ បើតាមការ​ស៊ើប​អង្កេត ក្នុង​​ជំហានដំបូង បានទម្លាក់​ការទទួលខុសត្រូវ នៃអំពើភេរវកម្មទាំងពីរ ទៅលើក្រុមនិយមបំបែកខ្លួន របស់​គណបក្ស​ពលករ​ជាតិ​គួដ ហៅកាត់ថា «PKK»។

» ទិដ្ឋភាពនៅបន្ទាប់ពីផ្ទុះរថយន្ដ ក្នុងភេរវកម្មទីមួយរួច៖

រីឯឧបនាយករដ្ឋមន្ត្រីទួរគី លោក «Numan Kurtulmus» វិញ​បាន​លើក​ឡើង​ថា៖ «អំពើ​​ភេរវកម្ម​​នេះ មានបំណង​វាយ​ប្រហារ​ច្បាស់​ណាស់ ទៅ​លើ​កងកម្លាំងប្រឆាំងកុបកម្ម របស់នគរបាលជាតិ»។

ប្រទេសទួរគីទាំងមូល ត្រូវបានប្រកាសឲ្យកាន់ទុក្ខថ្នាក់ជាតិ នៅពេញមួយថ្ងៃអាទិត្យនេះ ហើយរាល់ទង់​ជាតិ​ទាំង​ឡាយ ត្រូវបានបញ្ជាឲ្យទម្លាក់ មកត្រឹម​ពាក់​កណ្ដាល។ ទីភ្នាក់ងារព័ត៌មាន «Anadolu» ដែលស្និត​​នឹង​រដ្ឋាភិបាល បាន​រាយការណ៍ថា លោកប្រធានាធិបតី «Recep Tayyip Erdogan» បានពន្យាពេល ដំណើរ​ទស្សនកិច្ច​​របស់​លោក ទៅកាន់ប្រទេស​កាហ្សាក់ស្ដង់ ដែលបានគ្រោងនឹងធ្វើ នៅដើមសប្ដាហ៍ក្រោយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...