ភេវរកម្មនៅប៉ារីស ប្រឆាំងការិយាល័យទស្សនាវដ្ដី ស្លាប់យ៉ាងតិច១២នាក់
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 07, 2015
- ប្រធានបទ: បាញ់សម្លាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សបិតមុខពីរនាក់ ជាមួយឯកសណ្ឋានពណ៌ខ្មៅ ប្រដាប់ដោយអាវុធដ៏ទំនើប បានបើកការវាយប្រហារ ទៅលើការិយាល័យសារព័ត៌មានមួយ នៅសង្កាត់ទី១១ កណ្ដាលរដ្ឋធានីប៉ារីសប្រទេសបារាំង នៅព្រឹកនេះ (ម៉ោងក្នុងស្រុក)។ ការផ្ទុះអាវុធបានកើតឡើង ខណៈពេលដែលក្រុមបុគ្គលិក កំពុងធ្វើការឲ្យទស្សនាវដ្ដី ឆារលី អេបដូ (Charlie Hebdo) ដែលចេញផ្សាយប្រចាំសប្ដាហ៍។ ព័ត៌មានដែលបានផ្សាយឲ្យដឹង នៅពេលចុងក្រោយនេះ បានបញ្ជាក់ថា មានមនុស្សស្លាប់យ៉ាងហោច១២នាក់។
នៅម៉ោង ១២និង១៥នាទីមុននេះ (ម៉ោងក្នុងស្រុក) ស្នងការនគរបាលនៃរដ្ឋធានីប៉ារីស បានប្រកាសតួលេខផ្លូវការថា មានមនុស្សស្លាប់១០នាក់ និងរបួសប្រាំនាក់។ ប៉ុន្តែនៅបន្តិចក្រោយមក ខាងនគរបាល និងក្រសួងមហាផ្ទៃបារាំងបានប្រកាសថាមនុស្សស្លាប់ មានចំនួន១១នាក់ ក្នុងនោះមាននគរបាល២នាក់ផង។ ចំណែកឯខាងការិយាល័យស៊ើបអង្កេតបារាំង ប្រចាំក្រុងប៉ារីស ទើបនឹងបញ្ជាក់ក្នុងនាទីចុងក្រោយថា មានមនុស្សស្លាប់យ៉ាងហោច១២នាក់ និងរបួស២០នាក់ ក្នុងនោះ៤នាក់របួសធ្ងន់។
នៅតាមកញ្ចក់ទូរទស្សន៍ ដែលបានផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ភេវរកម្មនេះ បានបង្ហាញឲ្យឃើញ ពីកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរ បានហ៊ុំព័ទ្ធសង្កាត់ទាំងមូល មានក្រុមអ្នកស៊ើបអង្កេត និងក្រុមអ្នកជួយសង្គ្រោះច្រើននាក់ បានកំពុងធ្វើការងាររបស់ខ្លួនយ៉ាងញាប់ដៃ។ ទូរទស្សន៍ក៏បានបង្ហាញពីរូបភាព ដែលថតបានដោយអ្នករស់នៅក្នុងសង្កាត់នោះ ដែលគេបានស្ដាប់លឺពីការផ្ទុះអាវុធឆ្លើយឆ្លងគ្នា ក្នុងរយៈពេលច្រើននាទី រវាងក្រុមភេវរករ និងក្រុមនគរបាលប្រឆាំងភេវរកម្ម។
អ្នកសារព័ត៌មានដែលបានរួចរស់ពីហេតុការណ៍នេះ បាននិយាយថា វាគឺជាការបាញ់សម្លាប់យ៉ាងស្រស់ៗតែម្ដង។ ភេវរជនដែលបិទមុខទាំងនោះ មានបំពាក់ដោយអាវុធពាក់កណ្ដាលស្វ័យប្រវត្តិ (ប្រហាក់ប្រហែល នឹងកាំភ្លើងអាការ) និងមានអាវុធបាញ់ចេញរ៉ុកែតមួយផង បានបើកការបាញ់រះទៅលើមនុស្ស ដែលកំពុងអង្គុយនៅក្នុងការិយាល័យ។ ការបាញ់រះបានធ្វើក្នុងរយៈពេល៥នាទី ហើយកម្លាំងនគរបាល ដែលបានចូលមកធ្វើអន្តរាគមន៍មុនគេនោះ ក៏បានត្រូវរងរបួសដែរ។ សម្រាប់វិទ្យុ France Info បានរាយការណ៍ថា ការវាយប្រហារនេះ មានទិសដៅចង់សងសឹកឲ្យ«សាវ័ក»របស់ព្រះអាឡាហ៍។
បន្ទាប់ពីបានបាញ់រះរួច ភេវរជនទាំងពីរនាក់ បានដើរចេញទៅវិញដោយស្រែកថា Allahou Akbar ដោយយកដៃចង្អុលឡើងលើមេឃ ហើយបានបើករថយន្ដរបស់ខ្លួន ចេញទៅវិញ។ ការបាញ់ឆ្លើយឆ្លងគ្នាបានបន្តទៀត នៅលើមហាវិថី Richard Lenoir រវាងកងកម្លាំងនគរបាល ដែលត្រូវបានបញ្ជូនមកបន្ថែម ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីការិយាល័យសារព័ត៌មាន ដែលទំនងជាបង្ខំឲ្យភេវរជនបោះបង់ចោលរថយន្ដរបស់ខ្លួន ហើយធ្វើដំណើរគេចខ្លួន ដោយថ្មើរជើង។
មូលហេតុ?
តាំងពីច្រើនឆ្នាំមកហើយ ទស្សនាវដ្ដី ឆារលី អេបដូ បានរងនូវការគម្រាមជាច្រើន បន្ទាប់ពីរូបភាពកំប្លែងមួយ ស្ដីពីសាវ័ក មហាមេដ (Mohamed) របស់ព្រះអាឡាហ៍ ត្រូវបានផ្សព្វផ្សាយ។ នៅមុនហេតុការណ៍ប៉ុន្មាននាទី ទស្សនាវដ្ដីមួយនេះ បានផ្សាយនៅទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានលក្ខណៈចំអកជាថ្មីទៀត នូវរូបលោក Abou Bakr al-Baghdadi ជាអាចារ្យអ្នកផ្សាយសាសនា របស់ក្រុមអ៊ីស្លាមនិយម ដែលកំពុងបង្កើតជារដ្ឋមួយរវាងប្រទេសស៊ីរី និងអៀរ៉ាក់។
ការប្រកាសអាសន្ន ដល់កម្រិត«ភេវរកម្ម»
ក្រសួងមហាផ្ទៃបារាំង បានប្រកាសអាសន្ន ដល់កម្រិត«ភេវរកម្ម» នៅក្នុងរដ្ឋធានី ប៉ារីស និងនៅតំបន់ជុំវិញទាំងអស់ (Ile-de-France)។ ការប្រកាសអាសន្ននេះ នឹងអនុញ្ញាតឲ្យកម្លាំងនគរបាលពិសេសរបស់បារាំង ដាក់ទីកន្លែងសំខាន់ៗ ក្នុងនោះមានស្ថាប័នសារព័ត៌មាននានា វិមានរដ្ឋាភិបាល ហាងលក់ទំនិញធំៗ ព្រះវិហារសាសនា... ទៅក្នុងកិច្ចការពារដ៏តឹងរ៉ឹង។ ភេវរកម្មនេះ មានកម្រិតដ៏ខ្លាំងមួយ សម្រាប់ប្រទេសបារាំង បន្ទាប់ពីភេវរកម្ម កាលពីឆ្នាំ១៩៦១។
ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានធ្វើដំណើរមកដល់កន្លែងកើតហេតុភ្លាមៗ ហើយបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «មិនបាច់សង្ស័យទេ។ នេះ ជាភេវរកម្ម។» លោក ហូឡង់ បានថ្កោលទោសអំពើរនេះ ដោយចាត់ទុកថា ជាអំពើដ៏កំសាកធ្វើប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលប្រើប្រាស់ត្រឹមតែដងប៉ាកាជាអាវុធនោះ។ លោកបានសន្យាថា ជនល្មើសនឹងត្រូវចាប់ខ្លួន ដើម្បីយកផ្ដន្ទាទោស ទោះជាត្រូវប្រើពេលយូរប៉ុណ្ណាក៏ដោយ និងបានអំពាវនាវឲ្យមាន ឯកភាពជាតិបារាំង នៅចំពោះមុខការគម្រាមកំហែងនេះ៕
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកវិញ ជាមួយអត្ថបទលើកក្រោយ ពីហេតុការណ៍នេះ