គន្លឹះ​៥​យ៉ាង ដែល​ជួយ​ឲ្យ​អ្នក​ចង​ចាំ​មេរៀន​បាន​ល្អ

ពេលរៀនហើយចេះតែភ្លេចមែនទេ? ដើម្បីឲ្យចងចាំ និងយល់មេរៀនសំខាន់ៗ ដែលអ្នកបានរៀននៅសាលា ឬ​នៅ​កន្លែង​ផ្សេងៗ ឲ្យបានយូរនិង រហ័ស វាពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ព្រោះមិនដូច្នោះទេ ប្រាកដ​ជា​មាន​បញ្ហា​ជា​ច្រើន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី៦ មករា ២០១៥
  • កែប្រែចុងក្រោយ: January 07, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គន្លឹះសំខាន់ ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឆាប់​ចាំ និង​យល់​មេរៀន​បាន​រហ័ស​នោះ ការ​ទន្ទេញ​គឺ​ជា​វិធី​សាស្ត្រ​ដែល មាន​ប្រសិទ្ធភាព និង​ចាំ​បាច់​បំផុត ដែល​មនុស្ស​ភាគ​ច្រើន​បាន​អនុវត្តន៍។ ជា​មួយ​គ្នា​នោះ មនុស្ស​ម្នាក់ៗ មាន​វិធី​សាស្ត្រ​ផ្សេងៗ​គ្នា ក្នុង​ការ​ទន្ទេញ​ដើម្បី​ឲ្យ​ឆាប់​ចាំ និង​យល់ តែ​អ្នក​ខ្លះ​ទៀត មិន​សូវ​ទទួល​បាន​ប្រសិទ្ធភាព​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​វិធីសាស្ត្រ​មួយ​ចំនួន ដែល​អ្នក​អាច​អនុវត្តន៍​បាន​គ្រប់​ពេល៖

១. ជ្រើសរើសទីកន្លែង
ប្រសិទ្ធភាព​នៃ​ការ​ទន្ទេញ គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា។ មនុស្ស​ម្នាក់ៗ មាន​ចំណង់​ចំណូល​ចិត្ត ឬ​លក្ខណៈ​ពិសេស​ផ្សេងៗ​គ្នា ដោយ​ផ្អែក​លើ​បរិស្ថាន​ជុំ​វិញ​ខ្លួន ពោល​គឺ​អ្នក​ខ្លះ​អាច​មើល​សៀវភៅ នៅ​ទី​សាធារណៈ​ក៏​បាន តែ​អ្នក​ខ្លះ​ទៀត​ត្រូវ​ការ​នៅ​កន្លែង​ស្ងប់​ស្ងាត់​ ដោយមិន​មាន​ការ​រំខាន​ពី​អ្នក​ដទៃ។ ដូច្នេះ​ហើយ ដើម្បី​ប្រាកដ​ថា អ្នក​នឹង​ទទួល​ផល​វិជ្ជមាន​ខ្ពស់ ក្នុង​ការ​ទន្ទេញ​អ្វី​មួយ​នោះ ត្រូវ​ប្រាកដ​ថា ទី​តាំង​ណា​ដែល​អ្នក​ពេញ​ចិត្ត ហើយ​ត្រូវ​នឹង​អារម្មណ៍​របស់​ខ្លួន​ឯង។

២. ប្រើឧបករណ៍ថតសម្លេង ដើម្បីថតអ្វីដែលអ្នកទន្ទេញ
ជាទូទៅ ក្នុងពេលទន្ទេញមេរៀនម្តងៗ មនុស្សភាគច្រើន តែងតែប្រើសៀវភៅជាគោល ដើម្បីអាន ហើយធ្វើការ​ទន្ទេញឲ្យចាំ។ ក្នុងស្ថានភាពនេះ អ្នកត្រូវបើកសៀវភៅអានច្រើនដង ដែលពេលខ្លះធ្វើឲ្យធុញទ្រាន់ផងដែរ ពេលដែលមេរៀននោះ ពិបាកយល់ ឬមិនងាយចាំ។ ជម្រើសដ៏ល្អមួយ ក្នុងពេលទន្ទេញមេរៀននោះ អ្នកគួរ​តែ​ថតសម្លេងខ្លួនឯងទុក។ ការធ្វើបែបនេះ វាពិតជាមានសារៈសំខាន់ ព្រោះអ្នកមិនចាំបាច់បើកសៀវភៅ​ម្តង​ហើយ​ម្តងទៀតនោះទេ ពោលគឺគ្រាន់តែស្តាប់សម្លេងនោះសារថ្មី ហើយធ្វើការទន្ទេញឡើងវិញ។ វិធីនេះ ប្រាកដជា​ផ្តល់លក្ខណៈងាយស្រួល ដល់អ្នក ដោយសារវាចំណេញពេលវេលា និងឆាប់ចាំ ព្រោះសម្លេងដែលអ្នក​ថត​នោះ គឺរម្លឹកអ្នកគ្រប់ពេល នៅពេលដែលបើកស្តាប់។

៣. សរសេរអ្វីដែលបានចាំទុកក្នុងសៀវភៅ (ចំណុចគោល)
បន្ទាប់ពីបាន ទន្ទេញលើមេរៀនអ្វីមួយហើយ អ្នកគួរតែទាញប៊ិច សរសេររាល់អ្វីដែលអ្នកបានចាំ ពីការទន្ទេញ​កន្លងមក។ ការធ្វើបែបនេះ វាពិតជាជួយឲ្យអ្នកអាចចងចាំ បានយូរ ពោលគឺមិនងាយភ្លេចដោយងាយៗ​នោះ​ទេ។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះ ក៏បង្ហាញអំពីសមត្ថភាពនៃការចងចាំរបស់អ្នក ថាតើភ្លេចចំណុចអ្វីខ្លះ ដើម្បីអាចបំពេញបន្ថែមឡើងវិញ។

៤. ចាប់ផ្តើមទន្ទេញឡើងវិញ
ក្រោយពេលបានកត់ត្រាអ្វី ដែលអ្នកចាំចូលក្នុងសៀវភៅ ឬក្រដាសរួចហើយនោះ អ្នកគួរតែចាប់ផ្តើមទន្ទេញ​វាឡើងវិញ ដោយមិនត្រូវការមើលសៀវភៅឡើងវិញនោះទេ។ ត្រូវធ្វើបែបនេះជាច្រើនលើកច្រើនសារ ដើម្បី​ប្រាកដថា អ្នកចងចាំរាល់អ្វីដែលសំខាន់។ ការធ្វើបែបនេះ អាចជួយឲ្យអ្នក ចងចាំមេរៀនបានយូរ។

៥. ប្រាប់ ឬ បង្រៀនអ្វីដែលចាំទៅកាន់អ្នកដទៃ (បើមានពេល)
វិធីសាស្ត្រដ៏ សំខាន់បំផុត ដើម្បីធានានិរន្តរភាព នៃការចងចាំ អ្នកគួរតែឆ្លៀតពេលពន្យល់ ឬបង្រៀនចំណុច​សំខាន់ៗ ទៅកាន់អ្នកដទៃ មានដូចជា មិត្តភក្ដិ ប្អូន ឬអ្នកណាដែលត្រូវការចំណេះដឹង ដែលអ្នកមាន។ ជាទូទៅ អ្នកអាចនឹងភ្លេចទៅវិញដោយងាយ ប្រសិនបើមិនបានរម្លឹកឡើងវិញជារឿយៗ ប៉ុន្តែ ប្រសិនបើអ្នកបង្រៀន​មនុស្សជុំវិញខ្លួនវិញ នោះមេរៀន ឬចំណេះដឹងទាំងឡាយ ដែលខំទន្ទេញកន្លងមក នឹងស្ថិតក្នុងការចងចាំ​របស់​អ្នក​ដ៏យូរអង្វែង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...