៩ វិធី​សំខាន់ៗ​ដែល​ជួយ​ឲ្យ​កូន​របស់​អ្នក «ចម្រើន​ខាង​ជំនាញ​អាន»

គ្មានពានរង្វាន់ការសិក្សាណា ដែលមានសារសំខាន់ ជាងការក្លាយជាអ្នកអាន ដ៏ល្អម្នាក់នោះឡើយ។ ឳពុកម្តាយ ស្គាល់ច្បាស់អំពីចរិតកូនៗ របស់ពួកគេ អាចផ្តល់ការណែនាំ និងការយកចិត្តទុកដាក់ បានគ្រប់ពេល ដែលការ​ធ្វើ​បែបនេះ នឹងដឹកនាំឲ្យកូនៗ ឈានទៅរកភាពជោគជ័យ នៅក្នុងការអានសៀវភៅ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងបង្ហាញពីវិធីមួយចំនួន ដែលអាចជួយឲ្យកូនៗ របស់លោកអ្នក ក្លាយជាអ្នកអាន កាន់តែ​ពូកែជាងមុន។
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: December 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្មានពានរង្វាន់ការសិក្សាណា ដែលមានសារសំខាន់ ជាងការក្លាយជាអ្នកអាន ដ៏ល្អម្នាក់នោះឡើយ។ ឳពុកម្តាយ ស្គាល់ច្បាស់អំពីចរិតកូនៗ របស់ពួកគេ អាចផ្តល់ការណែនាំ និងការយកចិត្តទុកដាក់ បានគ្រប់ពេល ដែលការ​ធ្វើ​បែបនេះ នឹងដឹកនាំឲ្យកូនៗ ឈានទៅរកភាពជោគជ័យ នៅក្នុងការអានសៀវភៅ។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមបង្ហាញពីវិធីមួយចំនួន ដែលអាចជួយឲ្យកូនៗ របស់លោកអ្នក ក្លាយជាអ្នកអាន កាន់តែ​ពូកែជាងមុន។

១. កំនត់​យក​ពេលវេលា​ជា​ប្រចាំ​ ដាច់​ដោយ​ឡែក​មួយ​​ដើម្បី​អាន​សៀវភៅ​ឲ្យ​កូន​លោក​អ្នក​​បាន​ស្តាប់​ជា​រៀង​រាល់​ថ្ងៃ។

តាមរយៈការសិក្សា​ បានបង្ហាញថា ការអានឮៗឲ្យកូនៗលោកអ្នកបានស្តាប់ នឹងបង្កើតឲ្យមានផលចំណេញ ជា​សំខាន់នៅក្នុងការអាន ដូចជា ការយល់អត្ថបទ វាក្យស័ព្ទ និងអត្ថន័យស៊ីជម្រៅ នៃពាក្យនីមួយៗ។ បើទោះណា​ជា​កូនរបស់លោកអ្នកស្ថិតនៅវ័យ មិនទាន់គ្រប់អាយុ ចូលរៀនកម្រិតមត្តេយ្យ ឬ ស្ថិតក្នុងវ័យជំទង់ក៏ដោយ ក៏ការអាន វានឹងអាចជួយបង្កើនចំណង់ពួកគេ នៅក្នុង ការប្រកបដោយភាពឯករាជ្យ បានដែរ។

២. ត្រូវរៀបចំ ឲ្យមានសៀវភៅអាន នៅជុំវិញខ្លួនកូនៗរបស់លោកអ្នក

ក្មេងៗ ដែលស្ថិតនៅក្នុងបរិស្ថាន ដែលមានសៀវភៅសំបូរបែប សម្រាប់អាននៅឯផ្ទះ គឺតែងតែទទួលបានពិន្ទុខ្ពស់ ពីការប្រលងផ្លូវការម្តងៗ។ ចូរធ្វើការទាក់ទាញ កូនៗរបស់លោកអ្នក ដើម្បីឲ្យអានសៀវភៅ តាមរយៈការបង្កើត​ឲ្យមាន ការផ្តល់ក្នុងកម្រិតធំមួយ នូវសៀវភៅ និងទស្សនាវដ្តី ដែលបានស្នើសុំ ស្របតាមកម្រិតយល់ដឹង (កម្រិត​វប្បធម៌) របស់ពួកគេ។ សូមដាក់ សម្ភារៈអំណានទាំងឡាយ ឲ្យមាននៅក្នុងឡាន បន្ទប់ទឹក បន្ទប់គេង បន្ទប់គ្រួសារ ហើយនិងសូម្បីតែជិតទូរទស្សន៍។

៣. ផ្តល់ឱកាសឲ្យគ្រួសារទាំងមូល បានអានសៀវភៅ

សូមចងក្រងឲ្យមានពេលវេលា ១៥ ទៅ ៣០នាទីជារៀងរាល់ថ្ងៃ ដើម្បីអនុញ្ញាតឲ្យគ្រប់គ្នា បានអានសៀវភៅ ជាមួយ​គ្នាដោយ ស្ងាត់ស្ងៀម។ ការបានឃើញលោកអ្នកចូលចិត្តអានសៀវភៅ ជាប្រចាំដូចនេះ នោះវានឹងញ៉ាំងឲ្យ​​ កូនៗ​របស់លោកអ្នក ចូលចិត្តអានសៀវភៅដូចលោកអ្នកដែរ។ ត្រឹមតែពេល ១៥នាទី នៃការអនុវត្តការអានសៀវភៅ ជាប្រចាំរបស់លោកអ្នក នោះវាគឺជាការគ្រប់គ្រាន់ នៅក្នុងការបង្កើនឲ្យ ជំនាញអានសៀវភៅ កូនៗរបស់លោកអ្នក បានកាន់តែប៉ិនប្រសប់ឡើង។

៤. លើក​ទឹក​ចិត្ត ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​ឡើង ទាក់​ទង​នឹង​សកម្មភាព នៃ​ការ​អាន​សៀវភៅ

ចូរធ្វើឲ្យការអាន ក្លាយជាចំណែកមួយនៃជីវិតកូនៗ របស់លោកអ្នក។ ចូរទម្លាប់ឲ្យ ពួកគេអានបញ្ជីមុខម្ហូប ស្លាក​សញ្ញាចរាចរណ៍ សេចក្តីណែនាំ ពីរបៀបលេងល្បែង កម្សាន្តប្រជាប្រិយ របាយការណ៍ព្យាករណ៍អាកាសធាតុ បញ្ជី​ពេលវេលាបញ្ចាំងភាពយន្ត ហើយនឹងពត៌មានអនុវត្តប្រចាំថ្ងៃ ផ្សេងៗទៀត។ មិនតែប៉ុណ្ណោះចូរធ្វើឲ្យប្រាកដថា
ជានិច្ចកាល ពួកគេមានអ្វីៗសម្រាប់អាន នៅក្នុងពេលវេលា ទំនេររបស់ពួកគេ សូម្បីតែពេលវេលាណាត់ជួប ការជិះ​ឡាន ការជិះរថភ្លើង ឬការចាំអ្នកផ្សេងចូលផ្សារ ជាដើម។

៥. ចូរធ្វើការអភិវឌ្ឍ​ ទម្លាប់នៃការចូលអានសៀវភៅ ក្នុងបណ្ណាល័យ

ចូរទាក់ទាញទឹកចិត្តកូនៗរបស់លោកអ្នក ឲ្យអានសៀវភៅឲ្យបានច្រើន តាមរយៈការដឹកនាំពួកគេចូល ក្នុង​បណ្ណាល័យ ១ទៅ២ ដងក្នុងមួយសប្តាហ៍ ដើម្បីដូរយកសៀវភៅថ្មីទៀតមកអាន។ បណ្ណាល័យ នីមួយៗ តែងផ្តល់​មកនូវកម្មវិធីអាន សម្រាប់មនុស្សគ្រប់វ័យ ការណ៍នេះ អាចនឹងជាការទាក់ទាញ ចំណាប់អារម្មណ៍ កូនៗរបស់​លោកអ្នក ឲ្យចូលចិត្តកាន់តែច្រើនឡើង នៅក្នុងការអានសៀវភៅ។

៦. ត្រូវមានការយល់ដឹង អំពីវឌ្ឍនភាពកូនៗ របស់លោកអ្នក

សូមរកឲ្យឃើញ នូវអ្វីដែលជាជំនាញអាន ដែលកូនៗលោកអ្នកសង្ឃឹមទុក តាមកម្រិតថ្នាក់នីមួយៗ។ កម្មវិធីសិក្សា នៅឯសាលា នឹងប្រាប់លោកអ្នក អំពីពត៌មានដែល ទាក់ទងនឹងរឿងនេះ។ សូមលោកអ្នក តាមដានការរីកចម្រើន របស់ពួកគេដែលជាប់ ទាក់ទងនឹងជំនាញអាន ជាមូលដ្ឋានលើប័ណ្ណរបាយការណ៍ និងការប្រលងគំរូទាំងឡាយ។

៧. ចូរស្វែងរកឲ្យឃើញ ពីការលំបាកនានា ដែលទាក់ទង នឹង​ការ​អាន​របស់​កូនៗ​លោក​អ្នក

លោកគ្រូ អ្នកគ្រូ មិនមែនសុទ្ធតែអាចស៊ើបដឹង ពីការលំបាកនៃជំនាញអានសៀវភៅ របស់សិស្សឡើយ លើកលែង​តែថា សិស្សនោះមានការ លំបាកខ្លាំងមែនទែន ទាក់ទងនឹងការអានតែប៉ុណ្ណោះ។ សូមស្វែងរកឲ្យឃើញថា តើកូនៗ​របស់លោកអ្នក អាចបញ្ចេញសូរសម្លេងច្បាស់ ទៅលើវាក្យស័ព្ទ(ពាក្យ)ឬទេ? តើពួកគេដឹងពីអត្ថន័យ វាក្យស័ព្ទទាំង​នោះឬទេ? តើពួកគេ ចេះប្រើបរិបទ វាក្យស័ព្ទទាំងនោះឬទេ? ហើយថា តើពួកគេយល់ច្បាស់ ពីអ្វីដែលពួកគេបាននឹង កំពុងតែអានឬទេ?

៨. ចូរទទួលយកជំនួយ ឲ្យបានឆាប់រហ័ស សម្រាប់​ដោះស្រាយ​បញ្ហា​លំបាក​នានា ដែល​ទាក់ទង​នឹង​ការ​អាន​សៀវភៅ

បញ្ហាលំបាកក្នុងការអានសៀវភៅ មិនមែនងាយបាត់ទៅវិញ ដោយមន្តអាគមគាថា ឬតាមពេលវេលានោះឡើយ។ កាលដែលកូនៗលោកអ្នក បានទទួលជំនួយឆាប់រហ័ស ទាក់ទងនឹងជំនាញអានកម្រិតណា នោះពួកគេនឹង​ក្លាយ​ជាអ្នកអាន ដ៏ពូកែកម្រិតនោះដែរ។ សូមធ្វើឲ្យប្រាកដថាកូនៗលោកអ្នក ពិតជាបានទទួល ជំនួយចាំបាច់​ទាក់​ទង​នឹងជំនាញអាន យ៉ាងឆាប់រហ័សពីលោកគ្រូ អ្នកអ្នកគ្រូ គ្រូបន្ទុកថ្នាក់ ឬក៏មជ្ឈមណ្ឌលរបស់ពួកគេ ព្រោះថា បើបែប​នេះមែន លោកអ្នកនឹងងាយស្រួលយល់ដឹង ពីបញ្ហាលំបាកទាក់ទងនឹងការអាននៃកូនៗ របស់លោកអ្នក។

៩. សូមប្រើប្រាស់វិធីសាស្ត្រ​ ឲ្យបានច្រើន ដើម្បីជួយឲ្យកូនៗលោកអ្នក ឈាន​ទៅ​ដល់​អ្នក​កម្រិត​កំពូល

ដើម្បីជួយកូនៗលោកអ្នក ឲ្យមានការអភិវឌ្ឍការអាន លោកអ្នកអាចប្រើមធ្យោបាយ មួយចំនួនដូចជា ការប្រើប្រាស់​សៀវភៅអំណាន ការប្រើប្រាស់ អត្ថបទអំណាន តាមកុំព្យូទ័រ សៀវភៅដែលអាចស្តាប់ខ្សែអាត់សម្លេងបាន និង​ធន​ធានអំណានដ៏ទៃទៀត ដូចជារឿងព្រេង រឿងកំប្លែង រឿងប្រវត្តិសាស្ត្រ ចិត្តសាស្ត្រអប់រំ និងរឿង មនោសញ្ចេតនា​ជាដើម....។ល។ ល្បែងកំសាន្តប្រជាប្រិយ គឺជាជម្រើសដ៏ល្អ សម្រាប់ការអភិវឌ្ឍនេះ ព្រោះថា វាបាន អនុញ្ញាត​ឲ្យ​កូនៗលោកអ្នក ទទួលបាននូវភាពសប្បាយរីករាយ នៅពេលដែលពួកគេ អនុវត្តជំនាញទាំងនោះ។ សូមបង្ហាញ​ឲ្យ​ឃើញ នូវទឹកចិត្តអំណរចំពោះអំណានកូនៗរបស់លោកអ្នក ការឆ្លើយតបរបស់លោកអ្នក មានឥទ្ធិពលខ្លាំងក្លាណាស់ ក្នុងការជម្រុញឲ្យកូនៗលោកអ្នក  ព្យាយាមនូវការលំបាករបស់ពួកគេ ដើម្បីបានក្លាយ ទៅជាអ្នកអានដ៏ពូកែម្នាក់។ សូមធ្វើឲ្យប្រាកដថា លោកអ្នកពិតជាផ្តល់ការសរសើរ ពិតឥតក្លែងក្លាយសម្រាប់ កិច្ចប្រឹងប្រែងរបស់ពួកគេ។

---------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញ ថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...