ភាពមិនប្រក្រតី ក្នុងការដឹកជញ្ជូនសៀវភៅសិក្សាគោលទៅតាមសាលា
កង្វះខាតនូវសៀវភៅសិក្សាគោល នៅតាមសាលារៀននីមួយ នៅតែជាបញ្ហាចោទ បើទោះបីជាក្នុងមួយឆ្នាំៗ សៀវភៅសិក្សាគោលទាំងនេះ ត្រូវបានបោះពុម្ពជាច្រើនលានក្បាលក៏ដោយ។
សន្និសិទថ្នាក់ជាតិ ស្តីពីការលើកម្ពស់សុច្ចរិតភាពដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា នៅថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធអប់រំ - បញ្ហាកង្វះសៀវភៅសិក្សាគោលរបស់រដ្ឋ ត្រូវបានលើកយកមកពីភាក្សា នៅក្នុងសន្និសិទថ្នាក់ជាតិ ស្តីពីការលើកម្ពស់សុច្ចរិតភាពដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា នៅថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៤។ បញ្ហាមួយចំនួន ក្នុងចំណោមបញ្ហានៃការកង្វះខាតសៀវភៅសិក្សានេះ បណ្តាលមកពីភាពយឺតយ៉ាវនៃការដឹកជញ្ជូនពីថ្នាក់ជាតិ ទៅសាលានៅតាមតំបន់នីមួយៗ និងការ«លេចធ្លាយ»។
បទបង្ហាញមួយ ដោយលោក សេង រិទ្ធី នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍជាតិ-ខាញ បានលើកឡើងថា ពីការស្រាវជ្រាវស្តីពីការបញ្ជូនសៀវភៅសិក្សាគោល ពីថ្នាក់ជាតិ ទៅសាលានៅតាមតំបន់ និងមួយទៀតគឺសិក្សាទៅលើកំរិតនៃការទទួលបាន នូវសៀវភៅសិក្សាគោលរបស់សិស្សនៅតាមវិទ្យាល័យនានា។ ទំហំនៃការសិក្សាស្រាវជ្រាវ គឺធ្វើឡើងនៅ ៣៣ វិទ្យាល័យក្នុងស្រុក/ខណ្ឌ១៥ នៃរាជធានីភ្នំពេញ កំពង់ចាម កំពង់ស្ពឺ និងខេត្តកំពត។
តាមលទ្ធផលនៃការស្រាវជ្រាវខាងលើនេះ បានបង្ហាញថា ២៣វិទ្យាល័យ ស្មើរនឹង ៧០% បានទទួលសៀវភៅគោលពីការិយាល័យអប់រំស្រុក និងបានចំណាយថវិកាចន្លោះពី ៥ម៉ឺន ដល់១០ម៉ឺនរៀល សម្រាប់ការដឹកជញ្ជូន និង១០វិទ្យាល័យ ស្មើនឹង៣០% បញ្ជាក់ថា បានទទួលសៀវភៅសិក្សាគោលផ្ទាល់ ពីគ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយ (ដឹកជញ្ជូនដល់សាលា) និងមិនបានចំណាយថវិកា សម្រាប់ការដឹកជញ្ជូន។
លោកស្រី លឹម ធីតា ប្រធានផ្នែកផលិតកម្មវិធីវិទ្យុ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលកន្លងមក លោកស្រីធ្លាប់បានធ្វើការសិក្សាទាក់ទង និងការអប់រំនៅកម្ពុជា បានបញ្ជាក់ថា «បញ្ហាទីមួយគឺកង្វះសៀវភៅសំរាប់សិក្សា និងទីពីរគឺមានភាពយឺតយ៉ាវ ក្នុងផ្តល់សៀវភៅអោយទៅសិស្ស»។
លោកស្រីពន្យល់ថា មូលហេតុដែលខ្វះសៀវភៅ ដោយមន្រ្តីខាងក្រសួងអប់រំបានលើកឡើងថាខ្វះថវិកា និងមូលហេតុមួយទៀត គឺការគ្រប់គ្រង ព្រោះនៅតាមសាលានីមួយៗ ពេលដឹកយកទៅចែក នាយកសាលាមិនមានកំណត់ត្រាថា បានទទួលសៀវភៅប៉ុន្មានអោយបានច្បាស់លាស់ ហើយនៅពេលដែលចែកអោយសិស្សអស់ ក៏មានកំណត់ត្រាច្បាស់លាស់ដែរ។ រីឯការដឹកជញ្ជូន លោកស្រីរកឃើញថា មានការដេញថ្លៃយឺតយ៉ាវ ហើយការដេញថ្លៃនោះទៀតសោធ ក៏មិនមានតម្លាភាពថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក សុខ រីទ្ធី ប្រធានអគ្គនាយកគ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយ របស់ក្រសួងអប់រំ យុវជន និងកីឡា បានបកស្រាយពន្យល់ថា «ខ្ញុំទទួលខុសត្រូវ តែក្នុងការដឹកសៀវភៅហ្នឹងទៅដល់សាលា តែមិនកំណត់ថាសៀវភៅហ្នឹង ត្រូវដឹកដោយឡានគ.ប.ច ឬក៏ដឹកដោយរម៉ក ឬក៏ដោយម៉ូតូនោះទេ ធ្វើម៉េចអោយតែសៀវភៅទៅដល់សាលារៀន។ ហើយយើងក៏បានធ្វើហើយ គឺសៀវភៅបានទៅដល់សាលារៀន មាននាយកសាលាស៊ីញ៉េទទួល មានការិយាល័យដឹងលឺ ថាបានដឹកជញ្ជូនទៅដល់សាលារួចហើយ អញ្ចឹងត្រង់វាលេចធ្លាយ នៅកន្លែងណាអីហ្នឹងខ្ញុំក៏មិនដឹងដែរ៕»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៤