សៀវភៅសិក្សារបស់រដ្ឋ៖ ហាមលក់ តែមិនបាន«ហាមលួច»ទេ?
«សំខាន់រដ្ឋាភិបាលគួរស៊ើបអង្កេតថា អ្នកលក់នៅទីផ្សារហ្នឹង គាត់បានសៀវភៅមកពីណាមកលក់? ហើយរិះរកចាប់អ្នកដែលយកសៀវភៅរដ្ឋយកលក់ហ្នឹង ប្រសើរជាងការដែលមករឹបអូសនៅទីផ្សារ» នេះជាការលើកឡើងរបស់អ្នកវិភាគឯករាជ្យ លោក កែម ឡី ទៅលើសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលកំណត់ថា នឹងចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលបានលក់សៀវភៅសិក្សា ដែលមានសរសេរនៅលើក្របថា«ហាមលក់»និង«ជាកម្មសិទ្ធិរបស់រដ្ឋ»។
គ្របសៀវភៅសិក្សា ជីវវិទ្យាថ្នាក់ទី១២មួយ ដែលមានផ្លាកបិតពីលើ ហាមលក់។ (រូបថត MONOROOM.info/ D.KEO)
ប្រព័ន្ធអប់រំ - ការលក់ជួញដូរសៀវភៅសិក្សា ដែលមានសរសេរនៅពីលើក្របថា«ហាមលក់» និង«ជាកម្មសិទ្ធិរបស់រដ្ឋ» នឹងត្រូវចាត់ទុកថាជាអំពើខុសច្បាប់ បង្កអោយមានផលអវិជ្ជមានដល់ការអប់រំ។ នេះជាសេចក្ដីប្រកាសកាលពីពីថ្ងៃទី៣១ ខែកមរា ឆ្នាំ២០១៤ របស់ក្រសួងអប់រំយុវជននិងកីឡា ជូនដំណឹងទៅដល់ បណ្ដាអាជីវករ និងអ្នកលក់ដូរនៅលើទីផ្សារទាំងអស់ក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែចាត់ទុកថាការជួញដូរនោះ ជាអំពើខុសច្បាប់ប៉ុណ្ណោះទេ តែក្រសួងក៏នឹងចាត់វិធានការតាមច្បាប់ផងដែរ ចំពោះអាជីវករណាដែលធ្វើអាជីវកម្មលើសៀវភៅនេះ។
ក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រសួងនិងសហការជាមួយក្រសួងមានសមត្ថកិច្ចចុះតាមទីផ្សារ បណ្ណាគារ និងតូបលក់សៀវភៅនានាដើម្បីរឹបអូសយក ដោយមិនទូទាត់សំណងអ្វីឡើយ ហើយជនល្មើសត្រូវប្រឈមមុខនឹងការដាក់ទោសតាមច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ អ្នកស្រាវជ្រាវបញ្ហាសង្គមដ៏ល្បីឈ្មោះ និងជាអ្នកវិភាគឯករាជ្យ លោកកែម ឡី បានសម្តែងនូវការយល់ឃើញថា «ខ្ញុំគិតថាវិធានការរឹបអូសបែបហ្នឹង មិនទទួលបានជោគជ័យនោះទេ សំខាន់រដ្ឋាភិបាលគាត់គួរតែស៊ើបអង្កេតនៅទីផ្សារ ថាតើអ្នកដែលលក់នៅក្នុងទីផ្សារហ្នឹងទិញមកពីណា?»
លោកបន្តថា ការរឹបអូសយកវាមិនមែនជាដំណោះស្រាយនោះទេ ក្រសួងគួរតែប្រមូលទិញ ហើយរិះរកនូវជនល្មើសដែលយកសៀវភៅរបស់ក្រសួងអប់រំយកទៅលក់។ លោកអះអាងទៀតថា «ខ្ញុំគិតថា បើចាប់អ្នកដែលលួចយកសៀវភៅរដ្ឋទៅលក់អោយអស់ នោះទើបវានឹងមិនមានទៀត។ តែបើចេញលិខិត និងទៅរឹបអូសយកតែពីទីផ្សារ ខ្ញុំគិតថាវាមិនទទួលបានជោគជ័យនោះទេ។»
ចំពោះចំណាត់ការរបស់ក្រសួងអប់រំ យុវជន និងកីឡាទៅលើបញ្ហានេះ ត្រូវបានប្រធានគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន បរិហារចំៗថា ជាការចេញ«សរាចរណ៍ហាមឃាត់»ច្រើនរាប់មិនអស់ តែគ្មានប្រយោជន៍ ព្រោះសៀវភៅនៅតែមាននៅលើទីផ្សារដដែល។ លោកពន្យល់យ៉ាងដូច្នេះថា «កន្លងមកឃើញថាក្រសួងអប់រំ មិនបានអនុវត្តន៍ទៅតាមអ្វីដែលជាបម្រាមរបស់ខ្លួនទេ ហើយអ្នកដែលកាន់ការនៅកន្លែងហ្នឹងមានការកឹបកេង និងអំពើពុករលួយ យកសៀវភៅរបស់ក្រសួងដែលបានបោះពុម្ភ យកទៅលក់អោយទីផ្សារ»។
លោកយល់ថា ការដែលមានសៀវភៅពុម្ភរបស់រដ្ឋ លើនៅលើទីផ្សារហូហែរបែបនេះ ជាការទទូលខុសត្រូវខ្ពស់ របស់ក្រសួងក្នុងការវែកមុខ ជនដែលលួចបន្លំយកសៀវភៅទៅលក់ក្នុងទីផ្សារ ព្រោះកត្តានេះ វាបានបង្កអោយមានការខ្វះខាតសៀវភៅ សំរាប់ការសិក្សារបស់សិស្សនៅតាមគ្រិះស្ថានអប់រំនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទ ដែលវាបណ្តាលមកពីអំពើ«ពុករលួយ»។ លោកបន្ថែមថា«មិនសំខាន់តែការចេញសរាចរណ៍នោះទេ អ្វីដែលសំខាន់តើការអនុវត្តន៍របស់ក្រសួងមានប្រសិទ្ធិដែរឬទេ? បើគ្រាន់តែចេញលិខិត តែគ្មានការអនុវត្តន៍ វាគ្មានប្រយោជន៍ដដែលហ្នឹង។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់បានទទួលប្រតិកម្មបញ្ជាក់មកវិញ ជុំវិញករណីខាងលើនេះនៅឡើយ ពីសំណាក់មន្ត្រីអ្នកទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ប៉ុន្តែទាក់ទងនឹងករណីមួយទៀត នៅពេលដែលសាលាប្រមូលយកសៀវភៅទៅវិញនៅដំណាច់ឆ្នាំ បានធ្វើឲ្យមតិមួយចំនួនយល់ថា សិស្សអាចនឹងគ្មានឯកសារសំរាប់រំលឹកនៅថ្នាក់ឆ្នាំថ្មី ដែលមិនអាចរកទិញនោះលើទីផ្សារបាន។ ជុំវិញបញ្ហានេះ លោក កែម ឡី បានផ្តល់អនុសាសន៍ថា «រដ្ឋាភិបាលត្រូវធ្វើសហគ្រាសសាធារណៈអោយស្ថាប័នអប់រំ ទៅជាពាក់កណ្តាលស្វ័យត ហើយជំរុញ និងពង្រីកអោយមានបណ្ណាល័យនៅតាមសហគមន៍ ដែលធ្វើអោយក្មេងៗអាចមានលទ្ធភាពខ្ចីនិងស្រាវជ្រាវនៅសហគមន៍បាន៕»
-----------------------------------------------
ដោយ ក. ចាន់នីតា និង ក. សេងហុង (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៤