សមិទ្ធិករ រិទ្ធី ប៉ាន ត្រៀមទៅស្ដាប់លទ្ធផល«អូស្កា»នៅអាមេរិក (vdo)
ភាពយន្ដ - លោក សុន ដារ៉ា បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពយន្តកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោក រិទ្ធី ប៉ាន កំពុងឋិតនៅសហរដ្ឋអាមេរិក ហើយលោកនឹងធ្វើដំណើរកាន់ទីក្រុងឡូសអេនជឺលេស (LA) សហរដ្ឋអាមេរិក នៅថ្ងៃទី០២ខែកុម្ភៈ ខាងមុខនេះ ដើម្បីចូលរួមនៅក្នុងការប្រកួតប្រជែង និងរងចាំស្តាប់លទ្ធផលនៃការជ្រើសរើស សម្រាប់ទទួលពានរង្វាន់អូស្កា «អ្នកផលិតភាពយន្តល្អ» ។ លោក សុន ដារ៉ា ឲ្យដឹងទៀតថា ពិធីចែកពានរង្វាន់អូស្កា ដល់អ្នកផលិតភាពយន្តល្អ នឹងធ្វើឡើងនៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៤។
ខែ្សភាពយន្ត «The Missing Picture - L'image manquante - រូបភាពឈឺផ្សារ» ផលិតដោយលោក រិទ្ធី ប៉ាន បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីភាពយន្ដនេះត្រូវបានបញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍បារាំង ឬនៅតាមរោងភាពយន្ដនានានៅបស្ចឹមប្រទេស ក្នុងមហោស្រពអន្តរជាតិផ្សេងៗនៅអឺរ៉ុប និងនៅក្នុងពិធីបុណ្យមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទីពីរកាលពីថៃ្ង១៤ ខែធ្នូ ឆ្នាំ២០១៣ នារាជធានីភ្នំពេញ។ ខ្សែភាពយន្ដដែលនិយាយតំណាលឡើងវិញ ពីរបបខែ្មរក្រហមនេះ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយតួអង្គសម្តែងតុក្តតាពីដីឥដ្ឋ សូនរូបជំនួសមនុស្សពិត ព្រមទាំងមានការបញ្ចូលសម្លេងពីទិដ្ឋភាពឈឺចាប់នៃ ការបាត់បង់សាច់ញាតិក្នុងរបបអាវខ្មៅ រូបភាពនៃការសម្លាប់រង្គៀល និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅសម័យនោះផងដែរ។
ជាទស្សនៈរបស់ទស្សនិកជននៅក្នុងស្រុកវិញ កញ្ញា ភោគ ស្រីពេជ្រ អាយុ២៤ឆ្នាំ បន្ទាប់ពីបានទស្សនាភាពយន្ដខាងលើ នៅរោងភាពយន្ដ Legend Cinema កាលពីឆ្នាំ២០១៣ រួចនោះ បានថ្លែងប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា៖ «រឿងនេះពិតជាល្អមើល និងបង្កប់ដោយអត្ថន័យច្រើនជាមួយការយក រូបតុក្តតាសូនរូបមកសម្តែងអោយមានភាពរស់រវើក ធ្វើអោយខ្ញុំមានអារម្មណ៍ស្លុងជាប់ក្នុងសាច់រឿង ទៅនឹងភាពឈឺចាប់របស់ពលរដ្ឋនាសម័យនោះ»។ កញ្ញាបានថ្លែងដោយក្ដីសង្ឃឹមថា ភាពយន្ដនេះមានលទ្ធភាពអាចជាប់ពានរង្វាន់អូស្តារនៅសហរដ្ឋអាមេរិក ដែលជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្ដ«រូបភាពឈឺផ្សារ»នេះ ជាការរៀបរាប់ឡើងវិញ នូវខ្សែជីវិតដ៏ខ្លោចផ្សារ ដែលលោក រិទ្ធី ប៉ាន ខ្លួនលោក ក៏ដូចជាពលរដ្ឋកម្ពុជាទូទៅបានឆ្លងកាត់ នៅក្នុងរបបអាវខ្មៅ បីឆ្នាំ ៨ខែ ២០ថ្ងៃ។ ផលិតករភាពយន្ដរូបនេះ មានស្រុកកំណើតនៅ ទីក្រុងភ្នំពេញ ដោយមានឪពុកជាគ្រូបង្រៀន និងជាអ្នកត្រួតពិនិត្យម្នាក់នៅសាលាបឋមសិក្សា។ គ្រួសាររបស់គាត់ព្រមទាំងប្រជាជនដទៃទៀត ត្រូវបានគេបណ្ដេញចេញពីរាជធានីដោយពួកខ្មែរក្រហម នៅក្នុងឆ្នាំ១៩៧៥ ។ បន្ទាប់ពីលោកបានឃើញឪពុកម្តាយ បងប្អូន សាច់ញាតិផ្សេងៗបានស្លាប់ លោក រិទ្ធី ប៉ាន់ បានភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួនមួយនៅ ម៉ៃរុត ក្នុងប្រទេសថៃ មុននឹងបានធ្វើដំណើរមកដល់ប្រទេសបារាំង។ លោកបានបញ្ចប់ការសិក្សាពី វិទ្យាស្ថានជំនាញជាន់ខ្ពស់ខាងភាពយន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង និងបានត្រលប់មកមាតុភូមិកំណើតវិញនៅឆ្នាំ១៩៩០៕
សូមទស្សនាការដកស្រង់នូវវគ្គមួយ ពីភាពយន្ដ«រូបភាពដ៏រន្ធត់»ដូចតទៅ៖
----------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤