គ.ជ.ប៖ ការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ចាប់ផ្តើមថ្ងៃទី២៧ ខែកុម្ភះ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ នៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គ.ធ.ប/គ.ខ.ប) ការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោត និងការចុះឈ្មោះតំណាងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌឆ្នាំ២០១៤។
សន្និសីទការសែត នៅទីស្ដីការគ.ជ.ប ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
បោះឆ្នោតឃុំ-សង្កាត់ - គ.ជ.ប នឹងធ្វើការទទួលចុះឈ្មោះគណបក្សនយោបាយ ក្នុងការបោះឆ្នោតក្រុមប្រឹក្សានេះពីថ្ងៃទី២៧ ខែកុម្ភះ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤។ ឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ នេះបើតាមការបញ្ជាក់ របស់លោក ទេព នីថា ។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកស្រី ស៊ិន ជុំបូ បានលើកឡើងថា ករណីខាងលើប្រជាពលរដ្ឋដែលអាចឈរឈ្មោះជាបេក្ខជន ឲ្យគេបោះឆ្នោតឲ្យបាន ត្រូវតែមានអាយុពី២៥ឆ្នាំឡើងទៅ និងមានសញ្ជាតិជាខ្មែរ។ លោកស្រីក៏បានបញ្ជាក់ពីល័ក្ខខណ្ឌមួយចំនួន ដែលមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ រួមមានចៅក្រម សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។ ចំពោះក្រុមប្រឹក្សាឃុំ អាចឈរឈ្មោះជាបេក្ខជន លុះត្រាតែធ្វើការលាលែងពីតំណែងបច្ចុប្បន្នរបស់ខ្លួន។ ឯអភិបាល អភិបាលរងរាជធានីខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌ ចាំបាច់មានច្បាប់ជាមុនចំនួនប្រាំពីរថ្ងៃមុនការបោះឆ្នោត និងក្រោយការប្រកាសលទ្ធផលជាផ្លូវការ ដែលមិនតម្រូវឲ្យមានការលាលែងពីតំណែងជាមុនឡើយ។
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបន្ថែមថា មកទល់នឹងបច្ចុប្បន្ននេះ លោកនៅមិនទាន់ទទួលបានព័ត៌មានច្បាស់ការណ៍នៅឡើយទេ ពាក់ព័ន្ធនឹងការចុះឈ្មោះនៃសមាជិកជាប់ឈ្មោះ ក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សនយោបាយទាំងប្រាំពីរ ដែលមានក្នុងអាណត្តិមុន។ តាមការប្រមើលមើលរបស់លោកក្នុងឆ្នាំ២០១៤ អាណត្តិទីពីរនេះ ក៏នឹងមានគណបក្សនយោបាយយ៉ាងតិចបី ដែលនឹងឈរឈ្មោះបោះឆ្នោត។ អគ្គលេខារូបនេះ បានបន្ថែមថា ការចំណាយរបស់ គ.ជ.ប ក្នុងឆ្នាំ២០១៤ នឹងត្រូវកើនឡើងបន្ថែមចំនួនជាង១០ម៉ឺនដុល្លា បើធៀបទៅនឹងឆ្នាំ១០១២ ចំណាយអស់ជាង១,៦លានដុល្លា។ លោកថាការកើនឡើងនេះ ព្រោះត្រូវការចំណាយលើខេត្ត និងខណ្ឌថ្មី គឺ ខេត្តត្បូងឃ្មុំ និងខ័ណ្ឌចំនួនបីនៅរាជធានីភ្នំពេញ ដូចជាខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ «ក្រសួងហិរញ្ញវត្តុនឹងធ្វើថវិការបីឆ្នាំរកិល។ អញ្ចឹងសំរាប់ការបោះឆ្នោតនេះ យើងសុំដំបូងដែលបានដាក់នៅក្នុងច្បាប់ហើយគឹចំនួនមួយលានប្រាំមួយសែនដុល្លារជាង ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០១២ ចូលឆ្នាំ២០១៣, ២០១៤ យើងបានបង្កើតខេត្តថ្មីមួយទៀត ហើយបង្កើតខណ្ទចំនួនបីថ្មីទៀត។ អញ្ចឹងហើយវាត្រូវចំណាយថវិកាថែម ប្រហែលជាជាងដប់ម៉ឺនដុល្លារទៀត នេះជាគម្រោងចំណាយសំរាប់ការបោះឆ្នោតនេះ។»
យោងតាមរបាយការណ៍ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ របស់ គ.ជ.ប បានបញ្ជាក់ថាក្នុងអាណត្តិទីពីរនេះ នឹងកើនសមាជិកក្រុមប្រឹក្សាថែម៧០នាក់ មកពីខេត្តត្បូងឃ្មុំ ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលក្នុងអាណត្តិទីមួយមានសមាជិកក្រុមប្រឹក្សា ចំនួនត្រឹមតែ៣២៥៤នាក់។ អណត្តិទីពីរការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង-ស្រុក-ខណ្ឌ មានមណ្ឌលបោះឆ្នោតសរុប២២២ ក្នុងនោះមាន២៥មណ្ឌលសម្រាប់រាជធានី-ខេត្ត, ១៩៧មណ្ឌល សម្រាប់ក្រុង-ស្រុក-ខណ្ឌ និង១៩៧ការិយាល័យដែលយកស្រុកធ្វើជាមណ្ឌល។ អាណត្តិទីពីរនេះសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្តចូលរួមចំនួន៣៩៣នាក់, សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌចំនួន២៩៣១នាក់, សមាជិកឃុំសង្កាត់ចំនួន១១ ៤៥៩នាក់។
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤