ពង្រាង​អនុក្រឹត្យ​ស្តី​ពី​អគ្គ​លេខាធិការ​ដ្ឋាន គ.ជ.ប ចាំ​នាយក​រដ្ឋមន្ត្រី

សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិ រៀបចំ​ការ​បោះ​ឆ្នោត បានរុញដល់ ដៃទីស្តីការគណរដ្ឋមន្រ្តីហើយ នៅរង់ចាំតែហត្ថលេខា របស់លោកនាយក​រដ្ឋមន្រ្តី​ប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 30, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានបញ្ចប់ សេចក្តីព្រាងអនុក្រឹត្យរបស់ខ្លួន ហើយក៏បានបញ្ជូន ដល់ដៃគណរដ្ឋមន្រ្តីហើយ។ សេចក្ដីព្រាងនោះ កំពុងរងចាំនាយករដ្ឋមន្ត្រី ចុះ​ហត្ថលេខា​សម្រេច។ នេះជាការលើកឡើង របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ក្នុងកិច្ចសម្ភាស ជាមួយទ​ស្សនាវដ្តី​មនោរម្យ.អាំងហ្វូ

លោក ហង្ស ពុទ្ធា បានរៀបរាប់ថា សេចក្តីព្រាងអនុក្រិត្យ សម្រាប់អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប ថ្មីនេះ ជា​សេចក្តី​ព្រាងទីពីរ បន្ទាប់ពីសេចក្តីព្រាងទីមួយ ជាព្រះរាជក្រឹត្យ ហើយបានឡាយព្រះហត្ថលេខា ដោយអង្គ​ព្រះ​មហាក្សត្រកម្ពុជាបច្ចុប្បន្ន រួចរាល់ហើយ។

បើតាមអ្នកនាំពាក្យ និងជាសមាជិកមួយរូប ក្នុងចំណោមសមាជិកទាំង៩ របស់គ.ជ.ប.នេះ បានបន្តថា ក្នុង​សេចក្តីព្រាងអនុក្រឹត្យនេះ ចំណុចដែលថ្មី និងប្លែកខុសពី គ.ជ.ប ចាស់ រួមមានមន្រ្តីនៃ គ.ជ.ប នឹងធ្វើ​សមាហរណកម្ម បញ្ចូលជាមន្រ្តីរាជការរបស់ គ.ជ.ប មានប្រាក់បៀរវត្ស។ មជ្ឍមណ្ឌលកុំព្យូទ័រ នឹងក្លាយជា​នាយកដ្ឋាន គ្រប់គ្រងទិន្នន័យ អ្នកបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត។ ជាមួយគ្នានេះ នៅមានការបង្កើតថ្មី នូវនាយកដ្ឋានចំនួនពីរ គឺនាយកដ្ឋានព័ត៌មាន ទំនាក់ទំនងសាធារណៈ និងនាយករដ្ឋាន សវនកម្មផ្ទៃក្នុង។

យ៉ាងណា លោក ហង្ស ពុទ្ធា បានបង្ហាញការកត់សម្គាល់បន្ថែមថា ក្រៅពីការបង្កើតនូវនាយកដ្ឋានថ្មីនេះ ក៏​មានការលប់ចោល នូវរចនាសម្ព័ន្ធចាស់ដែរ គឺខុទ្ធកាល័យអគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប។ លោកបាន​លើក​ឡើងថា ក្នុង គ.ជ.ប ចាស់ មានខុទ្ធកាល័យចំនួនពីរ ខុទ្ធកាល័យទីមួយសម្រាប់ គ.ជ.ប និងខុទ្ទកាល័យ​មួយ​ទៀត សម្រាប់អគ្គលេខាធិការដ្ឋាន។ លោក ថ្លែងឡើងថា៖ «ពាក្យថា “ខុទ្ធកាល័យ” មានតែមួយទេក្នុង គ.ជ.ប (តាមសេចក្តីព្រាងអនុក្រិត្យថ្មីនេះ) ដែលពីមុនមានពីរ ខុទ្ធការល័យ គ.ជ.ប និងខុទ្ទកាល័យ​អគ្គលេខាធិការ​ដ្ឋាន។ ឥឡូវមានខុទ្ទកាល័យតែមួយទេ គឺខុទ្ធកាល័យរបស់ប្រធាន គ.ជ.ប ហ្នឹងផ្ទាល់តែម្តង។ ដោយឡែក នៅ​លំដាប់​អគ្គលេខាធិការដ្ឋាន មិនមានខុទ្ធកាល័យទៀតទេ តែមានលេខាធិការដ្ឋាន។»

យោងតាមសេចក្តីព្រាងអនុក្រឹត្យ ថ្មីចុងក្រោយ របស់ គ.ជ.ប ដែលអះអាងថា បានដាក់ចូល ដល់ទីស្តីការ​គណៈរដ្ឋមន្រ្តីហើយនោះ ហើយទស្សនាវដ្តី ទើបនឹងទទួលបានក្នុងថ្ងៃនេះ ត្រង់មាត្រា៦ បានចែងរៀបរាប់ នូវចំនួននាយកដ្ឋានចំនួនប្រាំបី ដែលចំណុះឲ្យអគ្គលេខាធិការដ្ឋាននេះ។ រួមមាន នាយកដ្ឋានរដ្ឋបាល, នាយក​ដ្ឋានប្រតិបត្តិការ, នាយកដ្ឋានគ្រប់គ្រងទិន្នន័យ អ្នកបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត, នាយកដ្ឋានហិរញ្ញវត្ថុ, នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត, នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ, នាយក​ដ្ឋានសេវ៉ាកម្មច្បាប់ និងវិវាទកម្ម និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាមួយនឹងលេខាធិការរដ្ឋាន គណកម្មការ​រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប)។

សូមរំលឹកថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន នៃគណកម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោតនេះ ត្រូវបានសមាជិកជំនាញ ទាំងប្រាំបួនរូប របស់គ.ជ.ប សហការជាមួយ​​មន្រ្តី​ពាក់​ព័ន្ធ​នានា ធ្វើការព្រាង និងសរសេរ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥មក។ សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ មាន ២៧មាត្រា ៦ជំពូក និង១២ទំព័រ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...