MH370៖ រកឃើញបំណែកយន្ដហោះ នៅលើកោះ រ៉េអ៊ុយញ៉ុង
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 30, 2015
- ប្រធានបទ: យន្ដហោះបាត់ខ្លួន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការរកឃើញបំណែក ដែលមានប្រវែង២ម៉ែត្រ ដែលមានទម្រង់ជាស្លាបមួយ របស់យន្ដហោះនោះ កំពុងត្រូវបានសង្ស័យថា ជាផ្នែកមួយ នៃយន្ដហោះប៊ូអីង (Boeing 777) បាត់ខ្លួន របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ MH370។ យន្ដហោះនេះ បានបាត់ខ្លួន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ហើយជាការបាត់ខ្លួនដ៏អាថ៌កំបាំង ជាងគេ នៅក្នុងប្រវត្តិសាស្ត្រ នៃអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានប្រកាសថា បំណែកនេះ ទំនងជារបស់យន្ដហោះ ប៊ូអីង ៧៧៧។
អាជ្ញាធររបស់កោះ រ៉េអ៊ុយញ៉ុង (La Réunion ស្ថិតក្នុងភាគខាងលិច នៃមហាសមុទ្រឥណ្ឌា) បានរាយការណ៍ពីករណីនេះ មកកាន់ការិយាល័យរបស់បារាំង ហៅកាត់ថា BEA ដែលមានជំនាញខាងការស៊ើបអង្កេត ករណីគ្រោះថ្នាក់តាមផ្លូវអាកាស ដើម្បីឲ្យការិយាល័យនេះ ផ្ដើមការងារស៊ើបអង្កេតរបស់ខ្លួន ជាមួយការស៊ើបអង្កេត ជាលក្ខណៈអន្តរជាតិផ្សេងទៀត ដែលដឹកនាំដោយប្រទេសអូស្ត្រាលី។ អ្នកនាំពាក្យរបស់ការិយាល័យ សុវត្ថិភាពអាកាសចរណ៍ របស់ប្រទេសអូស្ត្រាលី បានប្រកាសឲ្យដឹងថា៖ «យើងបានទទួលរូបថតច្រើនសន្លឹក ទាក់ទងនឹងបំណែក ហើយយើងកំពុងសិក្សាមើល ថាតើជាបំណែកអ្វី»។
ហិបក្រម៉ៅមួយទៀត ក៏ត្រូវបានរកឃើញដែរ!
បន្ថែមពីលើបំណែក យន្ដហោះនោះ បំណែកហិបពណ៌ក្រម៉ៅមួយទៀត ក៏ត្រូវបានរកឃើញ នៅនឹងកន្លែងតែមួយដែរ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍។ អាជ្ញាធរបារាំង ទទួលបន្ទុកខាង ការដឹកជញ្ជូនតាមផ្លូវអាកាស បានទទួលយកបំណែកហិបនេះ មកទុក ដើម្បីរង់ចាំការស៊ើបអង្កេត។
បំណែកទាំងនេះ ត្រូវបានរកឃើញ នៅលើឆ្នេរនៃក្រុង «Saint-André» របស់កោះ រ៉េអ៊ុយញ៉ុង ដោយបុគ្គលិកច្រើននាក់ នៃសមាគមមួយ ដែលមានជំនាញខាង ការបោសសំអាតតំបន់ឆ្នេរ។ សាក្សីម្នាក់ ពីក្នុងចំណោមនោះ បានថ្លែងឲ្យដឹងថា៖ «បំណែកនេះ មានហ៊ំព័ទ្ធ ដោយគ្រំងាវ ជាច្រើន ដែលមើលទៅ ដូចជាវានៅក្នុងទឹក តាំងពីយូរមកហើយ»។
មកដល់ពេលនេះ នៅមិនទាន់មាន សេចក្ដីសន្និដ្ឋានណាមួយ អាចបញ្ជាក់បាននៅឡើយ ពីការរកឃើញបំណែកនេះ ខណៈអ្នកស៊ើបអង្កេត កំពុងស្វែងរកព័ត៌មាន ដែលមានការទាក់ទង នឹងយន្ដហោះបាត់ខ្លួន ដូចជាអត្តលេខសម្គាល់ របស់បំណែកនេះជាដើម។ ប្រភពមួយពីអាជ្ញាធរ បានបញ្ជាក់ថា៖ «វាដូចជាឆាប់ពេក ក្នុងការធ្វើសេចក្ដីសន្នីដ្ឋាន ក្នុងពេលនេះ។ ដំបូងយើងត្រូវកំណត់ថា តើបំណែកនេះ ជារបស់យន្ដហោះប្រភេទអ្វី។ បន្ទាប់មក យើងនឹងកំណត់ទៀតថា តើយន្ដហោះនោះ ជារបស់ក្រុមហ៊ុនណាមួយ។»
បំណែកនៃយន្ដហោះ MH370 អាចជាការសង្ស័យ ខ្លាំងជាងគេ...
បើទោះជាករណីបាត់ខ្លួន របស់យន្ដហោះ MH370 ដែលមានអ្នកដំណើរ ២៣៩នាក់ កំពុងត្រូវបានជាប់សង្ស័យ ដោយក្រុមអ្នកស៊ើបអង្កេតនោះក៏ដោយ តែក៏នៅមានករណីធ្លាក់យន្ដហោះ មួយចំនួនទៀត បានកើតឡើង នៅក្នុងមហាសមុទ្រឥណ្ឌាដែរ។ ប៉ុន្តែសម្រាប់អ្នកជំនាញ បានអះអាងជឿជាក់ថា នេះពិតជាបំណែក របស់ស្លាបយន្ដហោះ ប៊ូអីង។ អ្នកជំនាញ ខាងសុវត្ថិភាពអាកាសចរណ៍បារាំង លោក «Xavier Tytelman» បានសរសេរនៅលើគណនីទ្វីសធើរ (Twitter) របស់លោកថា៖ «បំណែកមួយ ដែលមិនគួរឲ្យជឿបាន នៃស្លាបយន្ដហោះ «B777» និងបំណែកផ្សេងទៀត ត្រូវបានរកឃើញ»។ បំណែកនេះ ជាផ្នែកមួយ នៃគែមស្លាបយន្ដហោះ ដែលអ្នកបើកបរយន្ដហោះ អាចធ្វើការបើកបិទបាន ដើម្បីបញ្ជឲ្យយន្ដហោះ ហោះឡើង និងចុះចត៕
» វីដេអូ ពីការរកឃើញបំណែកយន្ដហោះ៖