កងទ័ពនៃប្រទេសស៊ីរី បានវាយលុកចូលដល់ខេត្តសម្បុក ISIS
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៥ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 05, 2016
- ប្រធានបទ: ភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការក្រៅរដ្ឋាភិបាលមួយ ជំនាញខាងការឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសៅរ៍នេះ ឲ្យដឹងពីការវាយលុក របស់កងទ័ពនៃប្រទេសស៊ីរី ថាបានចូលដល់ខេត្ត «Raqqa» ដែលជាខេត្តបន្ទាយដ៏រឹងមាំ នៃក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ស្ថិតនៅភាគខាងជើងនៃប្រទេសនោះហើយ។
ការវាយលុកនេះ មានការជួយគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រទេសរ៉ូស្ស៊ី។ យន្ដហោះទម្លាក់គ្រាប់បែក របស់កងទ័ពរ៉ូស្ស៊ី បានដឹកនាំយុទ្ធនាការទម្លាក់គ្រាប់បែក សឹងរកដកដង្ហើមមិនបាន កាលពីថ្ងៃសុក្រ នៅផ្នែកខាងកើតនៃខេត្ត «Hama» ដែលនៅជាប់នឹងព្រំខេត្ត «Raqqa»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (OSDH) បានអះអាងទៀតថា កងទ័ពនៃប្រទេសស៊ីរី នឹងអាចដណ្ដើមយកមកកាន់កាប់វិញ នូវតំបន់ដែលស្ថិតនៅជុំវិញខេត្ត «Raqqa» បន្ទាប់ពីពួកខ្លួន ត្រូវបានកងយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ (នៃក្រុមរដ្ឋអ៊ីស្លាម) វាយបណ្ដេញចេញពីទីនោះ តាំងពីខែសីហា ឆ្នាំ២០១៤កន្លងទៅ។
ទីរួមខេត្ត ឬក្រុង«Raqqa» ដែលជាទីក្រុងចាត់តាំងនយោបាយធំជាងគេ របស់ក្រុមរដ្ឋអ៊ីស្លាម ស្ថិតនៅភាគខាងកើត នៃចំណុចវាយលុក របស់កងទ័ពស៊ីរី និងរ៉ូស្ស៊ី។ ការដណ្ដើមទីក្រុងនេះ មកកាន់កាប់វិញ ដោយរដ្ឋាភិបាលស៊ីរី ត្រូវបានគេមើលឃើញថា វាគ្រាន់តែ«មុន និងក្រោយ»ប៉ុណ្ណោះ ដូចក្រុង ម៉ូស៊ូល (Mossoul) នៅក្នុងប្រទេសអៀរ៉ាក់ ដែលត្រូវបានកងទ័ពនៃប្រទេសអៀរ៉ាក់ វាយដំណ្ដើមយកពីដៃក្រុមរដ្ឋអ៊ីស្លាមវិញ កាលពីពេលថ្មីៗនេះ។
ប្រតិបត្តិការសិកនេះ ជាផ្នែកមួយនៃការប្រយុទ្ធតស៊ូ ប្រឆាំងនឹងក្រុមភេរវនិយមរដ្ឋអ៊ីស្លាម ដោយមានរាប់បញ្ចូល ទាំងប្រតិបត្តិការសិក ទៅលើក្រុង «Manbij» (ក្នុងប្រទេសស៊ីរី) ដែលមានការជួយគាំទ្រ ពីសហរដ្ឋអាមេរិក និងទៅលើក្រុង «Fallouja» ក្នុងប្រទេសអៀរ៉ាក់នោះផង៕