ISIS ប្រកាសទទួលស្គាល់ភេរវកម្មបំផ្ទុះគ្រាប់បែកនៅ មេនឆេស្ទ័រ
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៣ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 23, 2017
- ប្រធានបទ: ភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) ពិតជាបានចេញមុខ ប្រកាសសង្គ្រាមដោយចំហរ ទល់នឹងក្រុមប្រទេស នៅបស្ចឹមលោក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការភេរវនិយម ដែលត្រូវបានបង្ហោះជាបន្តបន្ទាប់ នៅពាសពេញបណ្ដាញសង្គម បានអះអាងថា «យុទ្ធជនមួយរួប នៃបណ្ដាយុទ្ធជនទាំងឡាយ របស់ទឹកដីព្រះជាម្ចាស់ បានដាក់បំផ្ទុះគ្រាប់បែកមួយគ្រាប់ នៅក្នុងចំណោមហ្វូងមនុស្ស» ក្នុងពេលប្រគុំតន្ត្រីដ៏ធំមួយ កណ្ដាលក្រុង មេនឆេស្ទ័រ (Manchester) នៃចក្រភពអង់គ្លេស។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រុមភេរវនិយមបានគម្រាម ពីការវាយប្រហារផ្សេងទៀត តែមិនបានបញ្ជាក់នៅទីណាមួយទេ។ ចំពោះទីភ្នាក់ងារព័ត៌មាន «Amaq» ផ្លូវការរ បស់អង្គការភេរវនិយមនេះវិញ បានអះអាងថា ការវាយប្រហារខាងលើ ត្រូវបានរៀបចំធ្វើ ដោយ«យុទ្ធជនមួយក្រុម» នៃទឹកដីព្រះជាម្ចាស់។
» សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមរដ្ឋអ៊ីស្លាម៖
គ្រាប់បែក ដែលមានកម្លាំងដ៏ខ្លាំងមួយ ត្រូវបានបំផ្ទុះ នៅនឹងច្រកចូលមួយ នៃសាលប្រគុំតន្ត្រី «Manchester Arena» នៅខណៈពេលចុងបញ្ចប់ នៃការប្រគុំតន្ត្រី «PoP» របស់តារាចម្រៀងអាមេរិក «Ariana Grande» វ័យ២៣ឆ្នាំ។ សាលដ៏ធំនោះ មានលទ្ធភាពអាចទទួលទស្សនិកជន ឲ្យចូលទស្សនាបានចំនួន ដល់ទៅ ២១ ០០០នាក់។
តុល្យភាពចុងក្រោយ ដែលទើបធ្លាក់មកដល់ បានឲ្យដឹងថា មនុស្ស ២២នាក់ បានស្លាប់ និង៥៩នាក់ បានរងរបួស ក្នុងនោះមានទាំងកុមារច្រើននាក់ផង។
បើតាមនគរបាលអង់គ្លេស បានបញ្ជាក់ថា ភេរវជនអត្តឃាតបានស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែក នៅនឹងកន្លែង។ នៅព្រឹកម៉ិញនេះ បុរសម្នាក់អាយុ២៣នាក់ ដែលសង្ស័យជាប់ទាក់ទង នឹងភេរវកម្មនេះ ត្រូវបានឃាត់ខ្លួន។ តុល្យភាពដែលបានឲ្យដឹងខាងលើ បានធ្វើឲ្យភេរវកម្មនេះ ក្លាយជាវិនាសកម្ម ដែលមានចំនួនជនរងគ្រោះច្រើនជាងគេ នៅក្នុងប្រវត្តិសាស្ត្រ នៃចក្រភពអង៉គ្លេស។
ព័ត៌ំមានបន្ថែម នឹងជម្រាបជូន នៅពេលក្រោយ៕