អាជ្ញាធរ​បារាំង​ឃាត់​ខ្លួន​មនុស្ស​៤នាក់ សង្ស័យ​កំពុង​ត្រៀម​ធ្វើ​«ភេរវកម្ម»

អាជ្ញាធរនៃប្រទេសបារាំង បានឃាត់ខ្លួនមនុស្ស​សង្ស័យបួននាក់ កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានី​ប៉ារីស និង​តំបន់​ជាយ​ក្រុង បន្ទាប់ពីបានរកឃើញថា ម្នាក់ពីក្នុងចំណោមនោះ ទំនងជាកំពុង​ត្រៀម​ធ្វើ​«អំពើ​​ភេរវកម្ម» ដ៏​ខ្លាំងក្លា​មួយ នៅ​ក្នុង​ប្រទេស។
អាជ្ញាធរ​បារាំង​ឃាត់​ខ្លួន​មនុស្ស​៤នាក់ សង្ស័យ​កំពុង​ត្រៀម​ធ្វើ​«ភេរវកម្ម»
សកម្មភាពនគរបាល និងអាជ្ញាធរបារាំង នៅក្នុងព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កណ្ដាលរដ្ឋធានីប៉ារីស។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៧ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 17, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្ត្រីមហាផ្ទៃ លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve) បានថ្លែងថា បានបំបែកគម្រោង ធ្វើ​«ភេរវកម្ម»​មួយ ដែលហៀបនឹងផ្ទុះឡើង នៅក្នុងប្រទេសបារាំង។ ជនសង្ស័យទាំងបួននាក់ ដែលរួមមានប្រុស​បីនាក់ និង​ស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួន នៅថ្ងៃពុធម្សិលម៉ិញនេះ មួយថ្ងៃក្រោយពីព្រឹត្តិការណ៍ បង្ក្រាប​ភេរវជន​មួយ នៅ​ក្នុង​រាជធានី ប្រ៊ុយសែល (ប្រទេសប៊ែលហ្សិក) កាលពីថ្ងៃអង្គារ ដែលមានជាប់ពាក់ព័ន្ធ នឹងអំពើ​ភេរវកម្ម​នៅ​កណ្ដាល​រដ្ឋធានី​ប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ។

ជនសង្ស័យទាំងបួន ដែលគេស្គាល់ថា ជាអ្នកកាន់សាសនាអ៊ីស្លាម​និយមតឹង ត្រូវបានអង្កេតតាមដាន ដោយ​ការិយាល័យរដ្ឋអាជ្ញា នៃរដ្ឋធានីប៉ារីស តាំងពីថ្ងៃទី១៧ ខែកុម្ភៈមកម្លេះ។ ប៉ុន្តែការិយាល័យរដ្ឋអាជ្ញា បាន​ផ្ដល់​សំនុំ​រឿងនេះ ទៅឲ្យនាយកដ្ឋានសន្តិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃបារាំង (ហៅកាត់ជាភាសាបារាំង DGSI) ដើម្បីធ្វើការស្រាវជ្រាវវិញ។ នេះបើតាមប្រភពមួយ ដែលស្និតនឹងការស៊ើបអង្កេត។

ប្រភពបានអះអាងបន្ថែមថា បច្ចុប្បន្ន ជនទាំងបួនកំពុងត្រូវឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងអាគារ «DGSI» ដើម្បីអនុញ្ញាតឲ្យអ្នកស៊ើបអង្កេត ធ្វើការសាកសួរ។ ការឃុំខ្លួននោះ អាចមានរយៈពេលរហូតដល់ទៅ៩៦ម៉ោង ដោយសារករណីនេះ មានជាប់ទាក់ទងនឹងអំពើភេរវកម្ម ដែលជាបទឧក្រិដ្ឋមួយធ្ងន់ធ្ងរ (Editor's Note ៖ សម្រាប់​ប្រទេសបារាំង នៅក្នុងសំនុំរឿងធម្មតា ដូចជាបទលួចឆក់ជាដើមនោះ ការឃុំខ្លួនជាបណ្ដោះអាសន្ន មាន​រយៈពេល​យូរបំផុតត្រឹម៤៨ម៉ោង)។

មានជាប់ពាក់ព័ន្ធ នឹងក្រុមរដ្ឋអ៊ីស្លាម...

លោករដ្ឋមន្ត្រីមហាផ្ទៃបារាំង បានបញ្ជាក់ នៅចំពោះអ្នកយកព័ត៌មានថា៖ «យើងបានទទួលព័ត៌មាន ទាក់ទង​នឹង​ជនម្នាក់ (ពីក្នុងចំណោមនោះ) ដែលត្រូវបាន​ចាប់ដាក់ឃុំ​ហើយនោះ ថានឹងអាចធ្វើសកម្មភាពហឹង្សា នៅ​ក្នុង​ប្រទេសបារាំង»។ លោកបានថ្លែងបន្តថា៖ «ជននេះ ទំនងជាមានទំនាក់ទំនង ជាមួយមនុស្សជាច្រើនទៀត នៅ​ក្នុង​ប្រទេសស៊ីរី ដែលស្និតនឹងក្រុមរដ្ឋអ៊ីស្លាម»។

បើតាមប្រភព ស្និតនឹងសំនុំរឿងខាងលើ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យរូបនេះ បានជាប់ក្នុង​បញ្ជី​តាមដាន របស់អាជ្ញាធរបារាំង ហើយត្រូវបានផ្ដន្ទាទោស កាលពីខែមីនា ឆ្នាំ២០១៤ ឲ្យជាប់ពន្ធនាគារ សម្រាប់​រយៈពេល ៥ឆ្នាំ (ព្យួរទោសមួយឆ្នាំ) ពីបទមានបំណង ចង់ចេញទៅកាន់ប្រទេសស៊ីរី ដើម្បីបម្រើ​«ព្រះ​ជាម្ចាស់» ឬជីហាដ (djihad)។ រីឯជនបីនាក់ទៀត មានម្នាក់ដែលជាស្ត្រី គឺជាភរិយារបស់ជននេះ។

រដ្ឋមន្ត្រីមហាផ្ទៃ លោក ប៊ែរណា កាស្នើវ បានរៀបរាប់បន្ថែមថា នៅពេលធ្វើការឆែកឆេរផ្ទះ អាជ្ញាធរ​មិន​បាន​រក​ឃើញអាវុធអ្វីឡើយ តែបានរកឃើញគ្រាប់កាំភ្លើងអាកា (AK) ដែលមិនទាន់ត្រូវបានបាញ់ចេញ និង​សម្ភារៈ​កំព្យូទ័រ​មួយចំនួន។ លោកបាននិយាយថា៖ «សម្ភារៈទាំងនេះត្រូវបានរិបអូស ហើយកំពុង​ត្រូវយក​មក​ស្រាវជ្រាវ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...