តើ​​រដ្ឋ​​អ៊ីស្លាម (ISIS) រៀបចំ​ការ​ទន្ទ្រាន​កាន់​កាប់​របស់​ខ្លួន យ៉ាង​ដូច​ម្ដេច?

មនុស្សក្នុងពិភពលោក ច្បាស់ជាឆ្ងល់ណាស់ ថាតើដំណើរការ ឆ្ពោះទៅកាន់កាប់ទឹកដី យ៉ាងច្រើន នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ របស់ក្រុមអង្គការ ភេវរនិយម រដ្ឋអ៊ីស្លាម ត្រូវបានរៀបចំឡើង យ៉ាងដូចម្ដេច? ទស្សនាវដ្ដីមួយអាល្លឺម៉ង់ បានស៊ើបអង្កេត ពីករណីនេះ ហើយបានចេញផ្សាយ របាយការណ៍របស់ខ្លួន កាលពីសប្ដាហ៍មុន។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៥ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 25, 2015
  • ប្រធានបទ: ភេវរនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការស៊ើបអង្កេតរបស់ទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានបង្ហញឲ្យដឹងថា ដំណើរលឿនទៅមុខ នៃអង្គការ​ភេវរនិយម រដ្ឋ​អ៊ីស្លាម (EI ឬ ISIS) នៅប្រទេសស៊ីរី មិនមែនកើតឡើង ដោយចែដន្យ ឬដោយគ្រាន់តែលើកដៃ​គ្រវាសនោះទេ។ តែ​វា​ពិត​ជា ត្រូវបានរៀបចំឡើង យ៉ាងម៉ត់ចត់ និងមានយុទ្ធសាស្ត្រត្រឹមត្រូវ ដោយភ្នាក់ងារ​ចារកម្ម ដែលមានជំនាញខ្ពស់។

បើតាមរបាយការណ៍ របស់ទស្សនាវដ្ដីអាល្លឺម៉ង់ បានឲ្យដឹងថា ការវាយដណ្ដើមកាន់កាប់ទឹកដី របស់អង្គការ​រដ្ឋ​អ៊ីស្លាម ត្រូវ​បានត្រៀមបម្រុងមុន ដោយយុទ្ធនាការ ស៊ើបការសម្ងាត់ យ៉ាងធំទូលាយមួយ ទៅលើទីក្រុង និង​ខេត្ត​ជាច្រើន នៅ​ភាគ​ខាង​ជើង នៃប្រទេសស៊ីរី។ ភ្នាក់ងារចារកម្ម ដែលបានដឹកនាំការត្រៀមបម្រុង និងជាអ្នក​ចង្អុល​ផ្លូវនោះ បាន​ធ្វើការ​ងារ​ទាំង​នោះ នៅក្នុងបណ្ដាទីក្រុង និងខេត្ត ក្រោមរូបភាព ជាបេសកជនរបស់​សាសនា​អ៊ីស្លាម (មានដូចជាចូលមក ដើម្បី​ធ្វើការ​ផ្សព្វផ្សាយសាសនា ឬជាអ្នកឈឺឆ្អាល ខាងសាសនា​។ល។)។ ក្រុមចារជន ថែមទាំងបានចូលមក លួចគូសផែនទី​នៃ​ទី​កន្លែង​សំខាន់ៗ នៃកងកម្លាំងប្រដាប់អាវុធ ដែល​ដាក់​ប្រចាំ នៅទីកន្លែងនីមួយៗនោះទៀតផង។

ផែនការទាំងអស់ ត្រូវបានអនុវត្តន៍ ដោយហ្មត់ចត់

នៅក្នុងដំណាក់កាល ជាបន្តបន្ទាប់មក នៃការអនុវត្តន៍គម្រោងផែនការ របស់ពួកអង្គការរដ្ឋអ៊ីស្លាម គឺត្រូវកំចាត់​ចោល ឲ្យ​ដល់​ឫស​គល់ នូវមេដឹកនាំនៅតាមតំបន់ណាក៏ដោយ ដែលមានឥទ្ធិពល  និងមេដឹកនាំ នៃក្រុមចលនា​តស៊ូ ដើម្បី​សេរីភាព​ប្រជាជន​ពិតប្រាកដ ដោយកងកម្លាំងពិសេស ជាច្រើនក្រុម និងច្រើនមុខព្រួយ។ ពួកកង​កម្លាំងពិសេសទាំងនេះ មាន​តួនាទី​ប្រមាញ់​ សម្លាប់ចោល និងចាប់ពង្រត់ រាល់មនុស្សសំខាន់ៗទាំងអស់ ដែល​ក្រុម​អង្គការរដ្ឋអ៊ីស្លាម យល់ថា ជា​«ឆ្អឹង​ស្លាក់​បំពង់​ក»។ រីឯក្រុមប្រឆាំង (តាមន័យប្រជាធិបតេយ្យ) វិញ ដែល​ធ្លាប់​មានប្រជាប្រិយ ក៏ត្រូវបានធ្វើឲ្យស្ងាត់មាត់ ឬ​បំបិទ​មាត់​ជិត​ឈឹងដែរ។

រហូតដល់ដំណាក់កាលចុងក្រោយ ក្រុមអង្គការរដ្ឋអ៊ីស្លាម បានបើកយុទ្ធនាការយោធា ដែលមានសមាសភាព​ចម្រុះដ៏ធំ ក្នុងនោះ មាន​ការងើបឡើងព្រមៗគ្នា របស់ក្រុមអ្នកគាំទ្រ ប្រដាប់ដោយអាវុធ ដែលពីមុនមក មិន​ដែល​ចេញសកម្មភាព​សោះ។ ក្រុមអ្នកគាំទ្រនេះ គេឲ្យឈ្មោះថា «បណ្ដាញដេកលក់»។ ហើយការអនុវត្តន៍ នូវ​យុទ្ធនាការ​ចុងក្រោយនេះ ត្រូវ​បាន​ធ្វើ​​ឡើង​​យ៉ាងហ្មត់ចត់ ជាទីបំផុត។

ទស្សនាវដ្ដី Der Spiegel បានអះអាងថា ការស៊ើបអង្កេតរបស់ខ្លួនខាងលើ ត្រូវបានធ្វើឡើង ដោយប្រើរយៈ​ពេល​ជា​ច្រើន​ខែ នៅក្នុងខេត្តជាច្រើន ស្ថិតក្នុងភាគខាងជើង នៃប្រទេសស៊ីរី និងទៅតាមការសិក្សាវិភាគ ទៅលើ​ឯកសារ​ជាច្រើន ដែល​ទស្សនាវដ្ដី​ប្រមូលបាន ចាប់ពីដើមឆ្នាំ២០១៤មក នៅក្នុងអតីតបញ្ជាការដ្ឋាន របស់ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម ដែល​មាន​ទី​តាំង នៅក្នុងក្រុងអាឡិប (Alep)។ ឯកសារទាំងនោះ មានជាច្រើនរយសន្លឹក ហើយ​សុទ្ធ​តែបានបង្ហាញ ពីផែនការ​របៀប​របប នៃចារកម្ម - ការតាមដានឃ្លាំមើល និងការកាន់កាប់ ទៅលើ​តំបន់​ដែលក្រុមនេះ មានផែនការវាយយក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...