ព្យុងយ៉ាង ប្ដឹងឡើងអ.ស.ប.ឲ្យបរិហារ អាមេរិកនិងកូរ៉េខាងត្បូង
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មីនា ២០១៦
- កែប្រែចុងក្រោយ: March 17, 2016
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃពុធនេះ ប្រទេសកូរ៉េខាងជើង បានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យធ្វើការកោះប្រជុំ ដើម្បីបរិហារពីសកម្មភាព ធ្វើសមយុទ្ធកងទ័ពរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
នៅក្នុងលិខិតមួយ ដែលផ្ញើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលចុះហត្ថលេខាដោយ លោក ជា សុងណាម (Ja Song Nam) តំណាងអចិន្ត្រៃយ៍របស់ខ្លួន ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា សកម្មភាពសមយុទ្ធយោធា ប្រចាំឆ្នាំរវាងប្រទេសទាំងពីរ «បានបង្កឲ្យមានការគម្រាមដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ក៏ដូចជាសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយតម្រូវឲ្យមានការសិក្សាមួយ ជាបន្ទាន់ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ»។
លោកអគ្គរដ្ឋទូតបានសរសេរបន្តថា៖ «នៅពេលជាមួយគ្នានេះ ខ្ញុំសុំឲ្យលើកយកបញ្ហា នៃសកម្មភាពយោធារួមគ្នា មកធ្វើជារបៀបវារៈ របស់ក្រុមប្រឹក្សា ហើយការជួបប្រជុំ របស់ក្រុមប្រឹក្សា គួរត្រូវកោះធ្វើជាបន្ទាន់»។
តែនេះមិនមែនជាលិខិតទីមួយ ដែលប្រទេសកូរ៉េខាងជើង ទាមទារក្រុមប្រឹក្សាសន្តិសុខ ឲ្យមានកោះប្រជុំជាបន្ទាន់នោះឡើយ។ ប៉ុន្តែលិខិតមុនៗ របស់កូរ៉េខាងជើង មិនត្រូវបានក្រុមប្រឹក្សាសន្តិសុខ ចាត់ទុកជាហេតុការណ៍បន្ទាន់នោះឡើយ។
ដើម្បីបង្កា កុំឲ្យមានករណីទុកលិខិតខ្លួនចោល ដោយមិនយកមកចាត់ការនោះ ក្នុងលិខិតដដែលបានសរសេរបន្ថែមថា៖ «បើក្រុមប្រឹក្សាសន្តិសុខ មិនយកករណីនេះ មកដោះស្រាយនោះទេ នោះវាមិនគ្រាន់តែបង្ហាញថា ក្រុមប្រឹក្សាសន្តិសុខ មិនបំពេញនូវកាតព្វកិច្ច និងបាត់បង់នូវតម្លៃរបស់ខ្លួននោះទេ តែក្រុមប្រឹក្សាសន្តិសុខ ក៏បានក្លាយជាឧបករណ៍នយោបាយមួយ ដែលកំពុងស្ថិតក្រោមកណ្ដាប់ដៃ របស់មហាអំណាចម្ខាង»។
តាំងពីថ្ងៃទី៦ ខែមីនាកន្លងមក កងទ័ពនៃប្រទេសទាំងពីរ (អាមេរិក និងកូរ៉េខាងត្បូង) បានចាប់ផ្ដើមដំណើរការ នៃសមយុទ្ធរួមគ្នាមួយ ដែលមានសកម្មភាពខ្លាំងក្លា ជាពេលណាៗទាំងអស់។ ប៉ុន្តែក្នុងរយៈពេលនេះ ប្រទេសកូរ៉េខាងជើង ក៏បានចេញការព្រមាន សឹងជារៀងរាល់ថ្ងៃដែរ ចំពោះប្រទេសសម្ព័ន្ធមិត្តទាំងពីរ និងជាពិសេសបានព្រមាន ពីការវាយប្រហារ«នុយក្លេអ៊ែរ» ដើម្បីជាការតបតរវិញ។
យ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានព្រឹត្តិការណ៍តំបន់ បានចាត់ទុកថា ការធ្វើសមយុទ្ធនេះ បានបង្កើនភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងឧបទ្វីបកូរ៉េ។ ជាពិសេស សមយុទ្ធយោធា របស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើឡើងនៅចំពេល ដែលប្រទេសកូរ៉េខាងជើងខ្លួនឯង បានដុតបញ្ឆេះសភាពការណ៍ ដោយបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទីបួន កាលពីដើមខែមករា និងបានបាញ់សាកល្បង កាំជ្រួចរយៈឆ្ងាយមួយថែមទៀត កាលពីដើមខែកុម្ភៈកន្លងទៅ។
ជាមួយនឹងសកម្មភាព របស់ប្រទេសកុម្មុយនីស ដែលរំលោភដោយចេញមុខ ទៅលើដំណោះស្រាយ របស់អង្គការសហប្រជាជាតិរបៀបនេះ ក្រុមប្រឹក្សាសន្តិសុខបានសម្រេច នៅក្រោយពីការបាញ់សាកល្បងនោះ ថានឹងបន្ថែមទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ទៅលើរបបក្រុងព្យុងយ៉ាង ដែលកំពុងរងទណ្ឌកម្មស្រាប់៕