«បើនរណានៅជជែកពី ត្រាំ ចេញទៅយកជើងហោះហើរ នៅថ្ងៃស្អែក»
- ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 17, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជើងហោះហើរមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ «United Airlines» ដែលហៀបនឹងហោះចេញ ពីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco-អាមេរិក) ឆ្ពោះទៅក្រុង ពូអេតូវ៉ាឡារតា (Puerto Vallarta-ម៉ិកស៊ិក) កាលពីថ្ងៃសុក្រកន្លងទៅ បានទទួលរងនូវឧប្បត្តិហេតុមួយ ដ៏ចម្លែកខុសពីធម្មតា។
សារព័ត៌មាន «Washington Post» បានរាយការណ៍ ពីហេតុការណ៍នេះថា នៅពេលចូលមកក្នុងយន្ដហោះភ្លាមៗ អ្នកដំណើរពីរនាក់ ម្នាក់ជាបុរសស្បែកស និងម្នាក់ទៀតជាស្ត្រីស្បែកខ្មៅ បានធ្វើការវែកញែកឡើងវិញ ពីជ័យជំនះរបស់លោក ដូណាល់ ត្រាំ (Donald Trump) និងគម្រោងនយោបាយ របស់បេក្ខជនឈ្នះឆ្នោតម្នាក់នេះ។
បញ្ហា នៅត្រង់ថា ការជជែកវែកញែកនោះ បានឈានទៅដល់ជម្លោះ ស្រែកឆ្លងឆ្លើយគ្នា យ៉ាងខ្លាំងក្លា រហូតដល់ម្នាក់ៗ យកចាញ់ឈ្នះរៀងៗខ្លួន។ នៅចំពោះសភាពការណ៍នេះ មេបញ្ជាការបើកបរយន្ដហោះ បានលូកដៃចូលធ្វើអន្តរាគមន៍ និងបានព្រមាន ទៅគ្រប់អ្នកដំណើរទាំងឡាយណា ដែលចង់យកយន្ដហោះ ដែលលោកគ្រប់គ្រង មកធ្វើជា«វេទិកានយោបាយ»។
លោកមេបញ្ជាការ បានប្រកាសតាមមេក្រូ ថាអ្នកដំណើរទាំងអស់ ត្រូវបានហាមឃាត់ ដោយហ្មឺងម៉ាត់ មិនឲ្យនិយាយពី«នយោបាយ» នៅក្នុងយន្ដហោះ។ នៅខណៈនោះ អ្នកដំណើរម្នាក់បានឆ្លៀតឱកាសថតជាវីដេអូ និងបន្ទាប់មក បានយកវីដេអូនេះ ទៅបង្ហោះផ្សាយ នៅលើគេហទំព័រយូធូប (YouTube)។ គេបានស្ដាប់ឮសម្លេង របស់លោកមេបញ្ជាការ ថ្លែងឡើងថា៖ «យើងទាំងអស់គ្នា នឹងត្រូវនៅក្នុងប្រអប់មួយ ធ្វើពីដែក (ចង់និយាយថា ជាយន្ដហោះ) ដែលស្ថិតនៅកំពស់ ៣៥០០០ ហ្វីត (Feet) ពីដី។ ខ្ញុំយល់ណាស់ថា មនុស្សម្នាក់ៗ មានយោបល់ និងគំនិតរៀងៗខ្លួន។ តែវាគ្មានបញ្ហាអ្វីទេ។»។
លោកបានបន្តទៀតថា៖ «បើលោកអ្នកគាំទ្រគាត់ (លោក ដូណាល់ ត្រាំ) វាពិតជាល្អណាស់ ក្នុងពេលនេះ។ បើលោកអ្នកមិនគាំទ្រគាត់ទេ ខ្ញុំក៏យល់រឿងហ្នឹងដែរ។ ប៉ុន្តែនៅពេលនេះ យើងត្រូវធ្វើដំណើរទៅកាន់ក្រុង ពូអេតូវ៉ាឡារតា ដើម្បីសប្បាយរីករាយ ជាមួយនឹងធាតុអាកាសល្អទាំងអស់គ្នា។»។
ហើយនៅទីបញ្ចប់ មេបញ្ជាការបើកបរយន្ដហោះ បានសរុបសេចក្ដីថា៖ «បើនរណាម្នាក់ (...) ចង់បង្កការក្ដៅក្រហាយ ឬមិនយល់ពីហេតុផលនេះទេ សូមចេញទៅយកជើងហោះហើរ នៅថ្ងៃស្អែក»។
» វីដេអូ ដែលអ្នកដំណើរម្នាក់ថតបាន៖
ការថ្លែងព្រមានរបស់លោកមេបញ្ជាការ ដែលបានបញ្ចប់ទៅ ក្រោមស្នូរទះដៃ របស់អ្នកដំណើរមួយចំនួននោះ បានបង្កើតឲ្យមាន នូវភាពស្ងប់ស្ងាត់ឡើងវិញ នៅក្នុងយន្ដហោះ ហើយជើងហោះហើរ បានបញ្ចប់ទៅ ដោយសុវត្ថិភាព និងគ្មានហេតុភេទអ្វីកើតឡើងទាំងអស់។ រីឯអ្នកស្រី «Megan McCarthy» អ្នកនាំពាក្យរបស់ក្រុមហ៊ុន «United Airlines» វិញ បានអះអាងថា មេបញ្ជាការបើកបរយន្ដហោះ ពិតជាបានធ្វើអន្តរាគមន៍ដូច្នេះមែន ប៉ុន្តែគ្មានអ្នកដំណើរណាម្នាក់ ត្រូវបានបណ្ដេញចេញ ពីយន្ដហោះនោះទេ៕