បាញ់​​សម្លាប់​​នៅ​​ញ៉ូថោន៖ អូបាម៉ា សន្យា​មិន​អោយ​​មាន ហេតុ​ការណ៍​រន្ធត់​ជា​ថ្មី​ទៀត

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានធ្វើដំណើរមកដល់ ទីក្រុងញ៉ូថោន (Newtown) ដ៏តូចនេះ នៅរសៀល​ល្ងាច ដើម្បីជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងគ្រួសារនៃជនរងគ្រោះ និងចូលរួមក្នុងពិធីសាសនាមួយ នៅទីនោះ ដើម្បី​រំលឹកដល់អ្នកដែលបានស្លាប់ នៅក្នុងហេតុការណ៍បាញ់សម្លាប់ ក្នុងសាលាបឋមសិក្សា សេនឌី ហូក (Sandy Hook)។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: December 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានសន្យានៅថ្ងៃអាទិត្យទី១៦ធ្នូ ថានឹងប្រើប្រាស់គ្រប់មធ្យោបាយ នៃដែនអំណាច​របស់​លោក ដើម្បីឃាត់ឃាំងហេតុការណ៍ដ៏តក់ស្លុត និងមិនអាចថ្លែងបាន ដូចយ៉ាងព្រឹត្តិការណ៍បាញ់សម្លាប់ នៅញ៉ូថោន ដែល​បាន​សម្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃសុក្រ។


លោក បារ៉ាក់ អូបាម៉ា យកដៃជូតទឹកភ្នែក នៅពេលថ្លែងពីសោកនាដកម្ម នៅសាលាបឋមសិក្សា សេនឌី ហូក។

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)  បានធ្វើដំណើរមកដល់ ទីក្រុងញ៉ូថោន (Newtown) ដ៏តូចនេះ នៅរសៀល​ល្ងាច ដើម្បីជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងគ្រួសារនៃជនរងគ្រោះ និងចូលរួមក្នុងពិធីសាសនាមួយ នៅទីនោះ ដើម្បី​រំលឹកដល់អ្នកដែលបានស្លាប់ នៅក្នុងហេតុការណ៍បាញ់សម្លាប់ ក្នុងសាលាបឋមសិក្សា សេនឌី ហូក (Sandy Hook)។

បាញ់បោះ៤ដង ក្នុង៤ឆ្នាំ

ជាមួយនឹងការរំលឹកទៅដល់កុមារទាំង២០នាក់ ដែលត្រូវបានសម្លាប់ទាំងមិនដឹងអ្វីនោះ លោកបារ៉ាក់ អូបាម៉ា បានអំពាវនាវអោយ​មាន នូវមោទនភាពប្រជាជាតិ នឹងព្រលឹងរបស់ពួកគេទាំងនេះ។ លោកក៏បាននិយាយទៅកាន់ ញាតិមិត្តរបស់កុមាររងគ្រោះដែរថា លោកសូមពាំនាំមកជាមួយ នូវ«សេចក្ដីស្នេហា និងការបន់ស្រន់» ពីសំណាក់សហរដ្ឋអាមេរិកទាំងមួល។

ខណៈនោះដែរ លោកបាននិយាយទៅកាន់ ជនរួមជាតិអាមេរិកទាំងអស់ថា ដោយចោទជាសំនួរថា «តើយើងបានការពារកូនចៅ​របស់យើងគ្រប់គ្រាន់ហើយឬនៅ ?» លោកបានបន្ថែមថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានគិតពីបញ្ហានេះ ហើយប្រសិនជាយើង​និយាយអោយពិតត្រឹមត្រូវ ចម្លើយគឺ មិនគ្រប់គ្រាន់ទេ»។

សូមបញ្ជាក់ថា នេះជាលើកទីបួនហើយ ដែលលោកអូបាម៉ា បានធ្វើដំណើរផ្ទាល់ មកកាន់ទីកន្លែងកើតហេតុ ចាប់តាំងពីពេលលោក​ចូលមកកាន់អំណាច ក្នុងរយះពេលបួនឆ្នាំកន្លងមក។ «យើងមិនអាចអត់អោនអោយតទៅទៀតបានទេ។ សោកនាដកម្មនេះ ត្រូវ​តែ​បញ្ចប់។ ហើយដើម្បីបញ្ចប់វា យើងត្រូវធ្វើការផ្លាស់ប្ដូរ។» លោកបានបញ្ជាក់យ៉ាងមាំមួនដូច្នេះថា «យើងអាចធ្វើបានល្អជាង​នេះ។ បើយើងមានវិធានការតែមួយ ដែលអាចអោយយើងសង្គ្រោះកូនក្មេងម្នាក់ ឬឪពុកម្ដាយណាម្នាក់ (...) អញ្ចឹងយើងមានភារកិច្ច ត្រូវ​តែសាកល្បងវា។»

វិធានការជា«សញ្ញាណ» ?

លោកបានសន្យាថា «នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ខ្ញុំនឹងដាក់ចេញ ដោយប្រើគ្រប់មធ្យោបាយ នៃដែនអំណាចរបស់ខ្ញុំ ដើម្បីជួប​ជជែកជាមួយ នឹងជនរួមជាតិ កម្លាំងមានសមត្ថកិច្ច អ្នកជំនាញខាងចិត្តសាស្ត្រ ដោយឆ្លងកាត់តាម ឪពុកម្ដាយ និងគ្រូបង្រៀន ដើម្បី​ធ្វើយ៉ាងណា បញ្ជៀសអោយបាន នូវហេតុការណ៍ដ៏អាណោចអាធម កន្លងមកនេះ»។ ប៉ុន្តែលោកប្រធានាធិបតី មិនបាននិយាយ​បន្ថែមពីលំអិត នៅក្នុងសេចក្ដីសន្យានោះទេ។

លោក បារ៉ាក់ អូបាម៉ា បានធ្វើការអំពាវនាវម្ដងរួចហើយ កាលពីយប់ថ្ងៃសុក្រ ដែលជាថ្ងៃកើតហេតុ នៅទីក្រុងញ៉ូថោន និងថ្ងៃសៅរិ៍​ស្អែកឡើង ដើម្បីបញ្ចេញនូវវិធានការជាសញ្ញាណ ទាំងឡាយ ឈានទៅរកការបំបាត់នូវសោកនាដកម្ម ទាំងអស់នេះ។ ចាប់ពី​ពេល​នោះមក មានការអំពាវនាវផ្សេងទៀត ដែលបានធ្វើដូចគ្នាដែរ ក្នុងការពង្រឹងនូវរាល់វិធានការច្បាប់ ទៅលើការប្រើប្រាស់​អាវុធជាតិ​ផ្ទុះ។ ព្រឹត្តិសភាមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ឌីយ៉ាន ហ្វែនស្តែន (Dianne Feinstein) បានបញ្ចេញប្រតិកម្ម​នៅថ្ងៃ​អាទិត្យនេះដែរ ថាលោកស្រីនឹងស្នើសុំគម្រោងច្បាប់មួយ ដើម្បីហាមឃាត់អាវុធធុនមធ្យម នៅពេលបវេសនកាលរបស់សភា នៅ​ដើមខែមករាខាងមុខ។

សូមបញ្ជាក់ដែរថា ក្រោយពីបានធ្វើវិសោធនកម្មលើកទីពីររួចមក រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតអោយ​ពលរដ្ឋ​អាមេរិក មានសិទ្ធកាន់កាំភ្លើង​ ដើម្បីការពារខ្លួន។ ប៉ុន្តែចរចរណ៍កាំភ្លើង ដែលកើតមាននៅក្នុងប្រទេសនេះ បានសម្លាប់មនុស្ស​ប្រមាណជា ៣១ ០០០នាក់ ក្នុងមួយឆ្នាំៗ។ ច្បាប់ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ប៊ីល គ្លីនតុន នៅឆ្នាំ១៩៩៤ស្ដីពី​ការហាមឃាត់អាវុធធុនមធ្យមនេះ បានផុតកំណត់កាលពីឆ្នាំ២០០៤កន្លងមក ហើយមិនដែលមាននរណាម្នាក់ ស៊ើរើច្បាប់នេះ​មក​វិញទេ។

អភិបាលក្រុងញ៉ូយក លោកម៉ៃឃើល ប្លូមប៊ើង (Michael Bloomberg) ដែលជាសកម្មជនម្នាក់ ប្រឆាំងនឹងការប្រើប្រាស់អាវុធ​បាញ់​បោះដោយសេរីផងនោះ បាននិយាយថា «ជាពេលវេលាសម្រាប់ប្រធានាធិបតី ដែលត្រូវកំណត់រឿងនេះ ជាអាទិភាព និងដឹកនាំ​អោយមានប្រសិទ្ធិភាព លើបញ្ហានេះ។ ហើយលោកត្រូវនិយាយ ទៅកាន់ប្រទេស ពីអ្វីដែលត្រូវធ្វើ៕»

------------------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...