ជប៉ុន៖ អនាគតនាយករដ្ឋមន្ត្រីអាប៊េ ប្រាប់ចិនថា«ទេ» ជុំវិញកោះសេនកាគូ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: December 17, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនាគតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ មិនបានទុកអោយខាតពេល ក្នុងការអះអាងពីជំហរបស់លោក ខាងវិស័យការទូតនិយមតឹងមួយនោះទេ។ បន្ទាប់ពីបានឈ្នះឆ្នោតបានមួយថ្ងៃ លោកបានប្រឆាំងរួចជាស្រេចថា មិនទទួលយកបានទេ នូវការទាមទារទឹកដីរបស់ចិន ទៅលើប្រជុំកោះ សេនកាគូ ដែលចិនហៅថា ដីអាវយូ។
លោក ស៊ីនហ្សូ អាប៊េ អនាគតនាយករដ្ឋមន្ត្រីជប៉ុន ថតនៅថ្ងៃអាទិត្យទី១៦ធ្នូឆ្នាំ២០១២។ រូបថត៖ AP/ Koji Sasahara។
លោកស៊ីនហ្សូ អាប៊េ (Shinzo Abe) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៦ធ្នូខាងមុខ បានបញ្ជាក់នៅថ្ងៃច័ន្ទទី១៧ធ្នូនេះ ថាអធិបតេយ្យភាពរបស់ជប៉ុន នៅលើប្រជុំកោះទាំងនេះ ដែលចិនទាមទារថាជារបស់ខ្លួននោះ «មិនអាចចរចារ»បានឡើយ។ លោកអាប៊េជាប្រធានគណបក្សអភិរក្សនិយាមជប៉ុន ដែលមានឈ្មោះថា គណបក្សប្រជាធិបតេយ្យសេរី (PLD, និយមស្ដាំ) ហើយទើបនឹងទទួលបានជ័យជំនះ កាលពីម្សិលម៉ិញនេះ បាននិយាយថា «ប្រជុំកោះសេនកាគូ ស្ថិតនៅទាំងស្រុង ក្នុងទឹកដីជប៉ុន។ ជប៉ុនមានទឹកដីនេះ និងបានគ្រប់គ្រង ដោយអនុវត្តន៍តាមច្បាប់អន្តរជាតិ។ នេះមិនអាចចរចារបានឡើយ។»
ប៉ុន្តែលោក អាប៊េ ក៏បានបញ្ជាក់មកវិញភ្លាមដែរ ថាលោកមិនមានបំណង បង្កើតអោយមានការក្ដៅក្រហាយ រវាងចំណងទាក់ទងរបស់ប្រទេសទាំងពី ជប៉ុន និងចិនទេ។ ទាក់ទងនឺងរឿងដែនទឹកសមុទ្រនេះ ប្រទេសចិនធ្លាប់បានឆ្លើយតប កាលពីថ្ងៃ២៩កញ្ញារួចហើយ ដោយបានលប់ចោលពិធីមួយ ដែលប្រទេសទាំងពីរត្រូវធ្វើ ដើម្បីរំលឹកពីចំណងទាក់ទង៤០ឆ្នាំ រវាងគ្នាកន្លងមក។
ចិននៅតែបង្ហាញ នូវគម្រោងដោះស្រាយ ប្រហាក់ប្រហែលគ្នាដដែលៗ នៅក្នុងជម្លោះដែនទឹក ជាមួយប្រទសជិតខាងរបស់ខ្លួន ដូចយ៉ាងប្រទេសហ្វីលីពីន វៀតណាម ក្នុងជម្លោះដែនសមុទ្រចិនខាងត្បួងជាដើម។ ក្នុងជម្លោះជាមួយជប៉ុន ស្ដីពីតំបន់កោះ ដីអាវយូ (Diaoyu) ចិនថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយ ដើម្បីទាញយកផល អោយបានកាន់តែប្រសើរ ដោយរក្សាទុកនូវតុល្យភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដដែល តែថាបានព្រួយបារម្ភ នៅថ្ងៃច័ន្ទដដែលនេះ ពីនយោបាយដែល អនាគតនាយករដ្ឋមន្ត្រីអាប៊េ នឹងជ្រើសរើសយក ហើយជានិច្ចជកាលនៅតែអះអាង ពីអធិបតេយ្យរបស់ខ្លួន នៅកោះតួចៗទាំងនោះ។
តែបើទោះជាទាំងសងខាងទាមទារ តវ៉ាពីដីកោះទាំងនោះ ថាជារបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ពួកគេទំនងនៅតែគិតដល់ពី ផលប្រយោជន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលមានទម្ងន់យ៉ាងធ្ងន់មួយរវាងគ្នា មានទឹកប្រាក់ដល់ទៅ ៣៤៣កោដដុល្លាអាមេរិក នៅឆ្នាំ២០១១កន្លងមក។ តែនៅមានបរិបទជាច្រើនទៀត ដែលអាចចោទឡើងនៅក្នុងជម្លោះប្រជុំកោះ សេកាគូ ឬដីអាវយូនេះ ក្នុងនោះរួមមាន បរិបទប្រវត្តិសាស្ត្រ បរិបទយុទ្ធសាស្ត្រក្នុងតំបន់ និងសេដ្ឋកិច្ច (ដោយហេតុមានការស្រាវជ្រាវរកឃើញ ពីវត្តមានប្រេងក្រោមសមុទ្រ នៅក្នុងតំបន់នោះ) ព្រមទាំងមោទនភាពជាតិ ឬអាចនិយាយបានពីបញ្ហា«ជាតិនិយមជ្រុល» របស់ប្រទេសទាំងសងខាងនោះផង។
ជម្លោះបានកើនឡើងខ្លាំង នៅពេលដែលចំណែកមួយនៃកោះទាំងនោះ បានក្លាយជាសម្បត្តិជាតិ នៅខែកញ្ញាកន្លងមក ដោយទីក្រុងតូក្យូ។ កោះទាំងនោះ មានមួយចំនួន ស្ថិតនៅតែ២០០គីឡូម៉ែត្រ ពីឆ្នេរខាងកើតនៃតៃវ៉ាន់ និង៤០០គីឡូម៉ែត្រ ពីឆ្នេរខាងកើតនៃប្រទេសចិន។ ក្រោយបន្តិចមក ក្នុងប្រទេសចិន ក៏មានលេចចេញមកផងដែរ នូវបាតុកម្មប្រឆាំងជប៉ុន ដែលមួយចំនួន បានប្រែក្លាយជាហឹង្សា និងកើតមាននៅក្នុងទីក្រុងមួយចំនួន មានរយះពេលរហូតមួយសប្ដាហ៍។ នាវារដ្ឋាភិបាលរបស់ចិន បានរំកិលខ្លួនទៅជិតកោះទាំងនោះ តែអាជ្ញាធរជប៉ុន ក៏បញ្ចេញយន្ដហោះប្រដេញ អេហ្វ ១៥ (F-15) របស់ខ្លួន អោយហោះចេញ ទៅធ្វើប្រតិបត្តិការដែរ៕