ចិន៖ អង់ជឺឡា មែរគែល ប្រាប់ថាកុំព្រួយ ពីវិបត្តិនៅអ៊ឺរ៉ូ
អគ្គទេសាភិបាលរបស់ប្រទេសអាឡឺម៉ង់ លោកស្រី អង់ជឺឡា មែរគែល (Angela Merkel) បានពន្យល់ទៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បត្តិ៍ទី៣០សីហាកន្លងមកនេះ ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់នាយករដ្ឋមន្ត្រីចិន វេង ហ្សាវបាវ (Wen Jiabao) ស្ដីពីស្ថិរភាពរបស់តំបន់ចាយប្រាក់អ៊ឺរ៉ូ។ លោកនាយករដ្ឋមន្ត្រីចិន ក៏បានសន្យាត្រឡប់មកវិញ ថានឹងបន្តធ្វើជាដៃគូរ តទៅទៀត ជាមួយនឹងសហគមសេដ្ឋកិច្ចដ៏ធំជាងគេរបស់ពិភពលោកនេះ។
លោកស្រី អង់ជឺឡា មែគែល និងលោកវេង ហ្សាវបាវ។
កិច្ចសន្យារបស់លោក វេង ហ្សាវបាវ បានចេញជារូបរាងពិតប្រាកដមួយ តំណាងដោយហត្ថាលេខា នៅលើកិច្ចព្រងព្រៀង ទទួលទិញយន្ដហោះអ៊ែរប៊ូស (Airbus) ចំនួន៥០ ក្នុងចំនួនទឹកប្រាក់ប្រមាណជា ៣,៥កោដដុល្លាអាមេរិក។
នៅក្នុងជំនួបនោះ លោកស្រី មែរគែល បានលំអិតពីដំណោះស្រាយ នៃវិបត្តិនៅតំបន់ចាយលុយអ៊ឺរ៉ូ ដោយបង្ហាញពីឆន្ទះ ដ៏មោះមុតមួយ ក្នុងការពង្រឹករូបិយប័ណ្ណតែមួយរបស់ខ្លួន គឺប្រាក់ «អ៊ឺរ៉ូ»។ លោកស្រីបានលើកឡើងថា «ខ្ញុំបានពន្យល់ទៅ លោកនាយករដ្ឋមន្ត្រីចិនថា កំណែរទម្រង់ជាច្រើន កំពុងតែធ្វើចេញជារូបរាងបណ្ដើរៗ ហើយយើងមានឆន្ទះនយោបាយ យ៉ាងមោះមុតមួយ ក្នុងការធ្វើរូបិយប័ណ្ណមួយនេះ អោយក្លាយជារូបិយប័ណ្ណមួយដ៏រឹងមាំ។»
ក្នុងពេលបច្ចុប្បន្ន ប្រទេសចិន ដែលកំណើនសេដ្ឋកិច្ចរបស់ខ្លួន កំពុងប្រឈមមុខ ទៅនឹងការកាត់បន្ថយមួយ មិនធ្លាប់មាន ពីមុន និងមានកំរិតថ្លៃនៅក្នុងទីផ្សារភាគហ៊ុន ចុះថោកខ្លាំងតាំងពីជាង៣ឆ្នាំមកហើយនោះ បានទទួលការប៉ះពាល់យ៉ាងច្រើន ពីសំណាក់វិបត្តិនៅសហគមអ៊ឺរ៉ុប ដោយហេតុមកពីសហគមនេះ ជាតំបន់ទទួលទិញធំជាងគេក្នុងពិភពលោក នូវផលិតផល នាំចេញ របស់ប្រទេសចិន។
លោកនាយករដ្ឋមន្ត្រីចិន បានធ្វើអត្ថាធិប្បាយវិញថា «អ្វីដែលខ្ញុំបានស្ដាប់លឺគាត់និយាយ បានពង្រីកភាពទុកចិត្តរបស់ខ្ញុំ។ តែខ្ញុំសូមនិយាយ ដោយស្មោះថា អ្វីដែលគេកំពុងតែធ្វើក្នុងពេលបច្ចុប្បន្ន នឹងមិនមាននិរន្ដរភាព វែងឆ្ងាយឡើយ។» លោក បន្តទៀតថា «វិបត្តិប្រាក់បំណុលរបស់ ប្រទេសចាយលុយអ៊ឺរ៉ូ បាននឹងកំពុងបន្តមាន ទៅរកភាពធ្ងន់ធ្ងរមួយ ដែលបង្កអោយ មានការព្រួយបារម្ភជាខ្លាំង ពីសំណាក់សហគមអន្តរជាតិ។ មែនទែនទៅ ខ្ញុំក៏មានការព្រួយបារម្ភដែរ។»
លោកបញ្ជាក់បន្ថែម ពីបញ្ហាចំនួនពីរ ដែលសំខាន់ជាងគេ៖ ទីមួយ គឺគេត្រូវដឹងអោយច្បាស់ថាតើប្រទេសក្រិច នឹងត្រូវចេញ ពីតំបន់ចាយលុយអ៊ឺរ៉ូ? និងទីពីរ គឺគេត្រូវដឹងថា តើអ៊ីតាលី និងអេស្បាញ ត្រូវចាត់វិធានការណ៍ អោយគ្រប់លក្ខណៈ ដើម្បី ដោះស្រាយរាល់វិបត្តិទាំងនេះ នៅក្នុងប្រទេសរបស់ខ្លួន?
លោកវេង បានអះអាងថា «ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ក្នុងលក្ខខ័ណ្ឌនៃការវាយតំលៃទុកជាមុនមួយ ស្ដីពីវិបត្តិ ទាំងនេះ ដើម្បីបន្តវិនិយោគទៅលើទីផ្សាររបស់បណ្ដាប្រទេសអ៊ឺរ៉ុប។»
គួរបញ្ជាក់ថា ប្រទេសអាឡឺម៉ង់មានទំហំនៃការនាំចេញទៅកាន់ប្រទេសចិន ប្រមាណជាពាក់កណ្ដាល នៃការនាំផលិតផល ចេញ របស់សហគមអ៊ឺរ៉ុបទាំងមូល។ លោកស្រីអគ្គទេសាភិបាលអាឡឺម៉ង់ ត្រូវបានទទួលជាបន្ទាប់ នៅមហាវិមានប្រជាជន នៅលើទីលាន ធៀនអានម៉េង (Tiananmen) ដោយលោកប្រធានាធិបតីចិន លោក ហូ ជីនតាវ (Hu Jintao)។ លោក ប្រធានាធិបតី បានអបអរសារទរពីការខំប្រឹងរបស់លោកស្រី ថាបានពង្រឹក និងលើកស្ទួយ ពីចំណងមេត្រីភាពរវាង ប្រទេស ទាំងពីរ ចិន និងអាឡឺម៉ង់។
ការផ្លាស់ប្ដូរពាណិជ្ជកម្មជាលក្ខណៈទ្វេភាគី របស់មហាប្រទេសខាងនាំចេញទាំងពីរ មានទំហំប្រមាណជា ១៦៩កោដដុល្លា អាមេរិក នៅក្នុងឆ្នាំ២០១១។ ចំនួននេះបានកើនឡើង ១៨,៩% បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ នេះជាទស្សនកិច្ចផ្លូវការ លើកទីពីររបស់លោកស្រី មែរគែល តែក្នុងឆ្នាំ២០១២នេះប៉ុណ្ណោះ។ អ្នកវិភាគជាច្រើន បានលើកឡើងថា ប្រទេសចិន ចាត់ទុកប្រទេសអាឡឺម៉ង់ ថាមានតួនាទីកាន់តែសំខាន់ទៅៗ ក្នុងការគ្រប់គ្រងវិបត្តិនៅតំបន់ចាយប្រាក់អ៊ឺរ៉ូ ហើយថាទីក្រុង ប៊ែកឡាំង ជាដៃគូជួបពិភាក្សាមួយ ដែលមិនអាចអត់បានសំរាប់ប្រទេសខ្លួន។
ក្រៅពីគោលបំណងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកស្រីអគ្គទេសាភិបាល ប្រហែលជាចង់ឆក់យកឱកាសនេះ ដើម្បី និយាយពីបញ្ហានៅប្រទេសស៊ីរី និងប្រទេសអ៊ៀរ៉ង់ ក៏ដូចបញ្ហារំលោភសិទ្ធិមនុស្ស នៅតំបន់ទីបេ ដែលសុទ្ធសឹងជាសំនុំរឿង ក្ដៅ ដែលធ្វើអោយប្រទេសចិន និងបណ្ដាប្រទេសលោកខាងលិច មិនមានភាពចុះសម្រុងគ្នា៕
-------------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ