ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

អ្វីទៅ ជាខ្លឹមទាំងបី នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។
ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស
រូបថតជំនួស បង្ហាញពីភាពរីករាយ របស់តារាសំដែងមួយរូប ដ៏ស្រស់ស្អាត។ (រូបថតឯកសារ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 28, 2018
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ រាស្រ្ត មន្ត្រីឬស្តេចផែនដី មានតម្លៃទៅបាន គឺដោយសារតែបុគ្គលនោះផ្ទាល់ ដែលជាអ្នកកំណត់និងផ្តល់តម្លៃឱ្យខ្លួនឯង។ 

ធម្មជាតិបានបង្កើតមនុស្ស ឱ្យមានមុខមាត់ ពណ៌សម្បុរ ចិត្តគំនិតនិងរូបរាងកាយប្លែកៗ ពីគ្នាអាស្រ័យអំណាចកម្ម នៃសត្វលោកបានសាងសន្សំ។ មនុស្សគ្រប់រូបមានតម្លៃ ឬគ្មានតម្លៃ គឺអាស្រ័យដោយខ្លួនគេ ជាអ្នកកំណត់ ទោះក្នុងឋានៈណាក៏ដោយ។ ហេតុផលដែលធ្វើឱ្យមនុស្ស មានតម្លៃ មានច្រើនណាស់ ដូចជា ដេក ដើរ ឈរ អង្គុយ ទទួលទាននិងការនិយាយស្តី សុទ្ធតែ លើកតម្លៃមនុស្សគ្រប់ពេល។ ប្រសិនបើមនុស្សធ្វេសប្រហែស មិនបានប្រុងប្រយ័ត្ននិងរៀបចំឥរិយាបថ ឱ្យបានល្អទេ នឹងត្រូវបាត់បង់តម្លៃមួយរំពេច។

ប៉ុន្តែមានខ្លឹម៣យ៉ាង ដែលជួយលើកតម្លៃមនុស្ស ឱ្យពិសេសប្លែក គួររាប់អាន និងចាត់ទុកជាមនុស្សល្អ មនុស្សថ្លៃថ្នូរទៀតផង។ យើងនឹងលើកយកខ្លឹមទាំង៣ មកបង្ហាញនៅខាងក្រោមនេះ។ នៅលើខ្លួនមនុស្ស មិនថាក្មេងចាស់ ប្រុសស្រីតែងតែមានមរតក ដ៏មានតម្លៃ៣យ៉ាង ជាប់តាមខ្លួនជាប្រចាំ។

មរតកដ៏មានតម្លៃទី១ គឺខ្លឹមកាយ បានដល់រូបកាយទាំងឡាយណា ដែលមិនប្រព្រឹត្តអំពើអាក្រក់ អសីលធម៌ មិនប្រឡាក់ប្រឡូកនឹងអំពើបាប បទឧក្រិដ្ឋ មិនសម្លាប់មនុស្ស ធ្វើបាបអ្នកដទៃជាដើម។

មរតកដ៏មានតម្លៃទី២ គឺខ្លឹមចិត្ត គឺសម្តៅដល់មនុស្សដែលមានចិត្តប្រសើរ មិនផ្តេកផ្តួលលើគេ ពឹងពាក់គេ អាងគេ ពោលគឺជាបុគ្គលដែលមានចិត្តជឿជាក់ និងពឹងពាក់លើខ្លួនឯងជាធំ។ ខ្លឹមចិត្ត បានដល់វីរជន អ្នកស្នេហាជាតិ អ្នកប្រាជ្ញដែលគិតពីប្រយោជន៍ទូទៅ របស់មនុស្សជាតិ ឬប្រយោជន៍របស់ជាតិនាំមុខ។

បុគ្គលដែលមានខ្លឹមចិត្ត ដូចជាធនញ្ជ័យ ពេលដែលប្រទេសជាតិជួបគ្រោះអាសន្ន ហ៊ានចេញមុខដោះស្រាយ ដើម្បីជាតិរស់ សុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងបំភ្លេចគំនុំផ្ទាល់ខ្លួន។ អ្នកតាឃ្លាំងមឿង សុខចិត្តធ្វើអត្តឃាតខ្លួន ដើម្បីប្រមូលទ័ពខ្មោច មកជួយធ្វើសឹកសង្គ្រាម។ អ្នកគ្រូ គូរស់ សុខចិត្តកាត់ផ្តាច់មនោសញ្ចេតនា រវាងគូសង្សារ ដើម្បីជាតិរស់។ ជាពិសេសលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ទោះបីម៉ឹងជាគ្រូបង្រៀន មានប្រាក់ខែច្រើនក៏ដោយ ជាតិត្រូវការហើយ នាងត្រូវតែលះបង់គូសង្សារ ឱ្យចូលព្រៃ ដើម្បីបណ្តេញជនបរទេសឈ្លានពាន ចេញពីលើទឹកដីយើង។

ព្រះរាមក្នុងរឿងរាមកេរ្តិ៍ ក៏ជាបុគ្គលមានខ្លឹមចិត្ត សុខចិត្តដោះស្រាយវិបត្តិ ដោយសន្តិវិធី ពោលគឺសុខចិត្តយាងចូលព្រៃ ដោយមិនបង្កសង្គ្រាម ទោះបីព្រះអង្គមានមហិទ្ធិប្ញទ្ធខ្លាំងក្លា​ក៏ដោយ។ ចំណែកព្រះវេស្សន្តរវិញ ព្រះអង្គក៏មានខ្លឹមសារលើសលប់។ ព្រះអង្គយល់សុខទុក្ខរាស្ត្រ មានចិត្តមេត្តា ចែករំលែកតាំងពីព្រះអង្គ​នៅក្នុងផ្ទៃម្ល៉េះ។ 

មរតកដ៏មានតម្លៃទី៣ គឺខ្លឹមវាចា គឺសម្តៅដល់បុគ្គល ដែលនិយាយតែពាក្យត្រឹមត្រូវ ពាក្យមានប្រយោជន៍ ពាក្យពិតៗតែប៉ណ្ណោះ។ ពាក្យពិត ពាក្យសច្ចៈបានលើកតម្លៃមនុស្ស ឱ្យវិសេសប្លែក។ បុគ្គលនិយាយតែពាក្យពិត ជាបុគ្គលមានតម្លៃ ជាបុគ្គលដែលធ្វើឱ្យអ្នកដទៃគោរព កោតខ្លាច និងមានជំនឿជាក់ ផ្តល់សេចក្តីទុកចិត្តជារឿយៗ។ មានតួនាទី ឋានៈកាន់តែធំ វាចាកាន់តែសំខាន់ និងមានទម្ងន់ ហើយចាំបាច់ជាទីបំផុត។ ប្រសិនបើអ្នកដឹកនាំ បានសន្យានឹងប្រជារាស្ត្រ ហើយមិនបានធ្វើតាមការសន្យា អ្នកដឹកនាំនោះ នឹងត្រូវប្រជារាស្ត្រដកសេចក្តីទុកចិត្ត បាត់បង់ជំនឿ និងឈានទៅរកបោះបង់ ការគាំទ្រតែម្តង។

ដូច្នេះដើម្បីឱ្យរូបកាយមានតម្លៃ មានអំណាច មានប្រជាប្រិយភាព ពេញនិយម ជាដំបូងយើងត្រូវស្គាល់​ខ្លួនយើង ឱ្យច្បាស់ជាមុនសិន។ តើខ្លួនយើងម្នាក់ៗមានអ្វីសំខាន់? អ្វីចាំបាច់? អ្វីខ្វះខាត? អ្វីអន់ថយ? ក្រោយបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយហើយ យើងងាយស្រួលរៀបចំ និងអភិវឌ្ឍនូវអ្វីដែលអន់ថយ។ មិនតែប៉ុណ្ណោះ ក៏ត្រូវរក្សានូវអ្វីដែលល្អ ឱ្យកាន់តែល្អឡើងថែមទៀត។

និយាយរួមមកខ្លឹមទាំងបីនេះ ពិតជាសំខាន់ចាំបាច់ និងមានតម្លៃ មិនអាចកាត់ថ្លៃបានទេ។ ខ្លឹមកាយ ខ្លឹមចិត្ត និងខ្លឹមវាចា ពិតជាសំខាន់សម្រាប់មនុស្សគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ។ យើងត្រូវថែរក្សាខ្លឹមទាំងបី ឱ្យគង់វង្ស និងល្អជាប្រចាំ។ បើបាត់បង់នូវខ្លឹមណាមួយ វាជះឥទ្ធិពលមិនល្អ ឬធ្វើឱ្យយើងបាត់បង់តម្លៃជាមនុស្សទៀតផង។ មនុស្សនៅជុំវិញយើង មិនឱ្យតម្លៃ អ្នកនៅក្រោមបង្គាប់មិនគោរព ដោយសារតែការបាត់បង់ នូវខ្លឹមណាមួយ ជាក់ស្តែងលោក បារដែស នៅក្នុងរឿងភូមិតិច្ឆាន ដែលស្លាប់ខ្លួន ដោយសារតែនិយាយមិនពិត និយាយបាតដៃជាខ្នងដៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...