មូលហេតុទាំង១០ ដែលស្ត្រីនៅអាស៊ីជ្រើសរើសយកបុរសបរទេសជាគូរអនាគត
តាមការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ មានស្ត្រីនៅទ្វីបអាស៊ីខាងកើតច្រើនឡើងៗ ជាពិសេសស្ត្រីជនជាតិចិន នៅតាមបណ្ដាទីក្រុងធំៗ បានសម្ដែងនូវបំណងរបស់ពួកនាង ចង់រៀបអាពាហ៍ពិពាហ៍ជាមួយ ជនជាតិបរទេស (អ៊ឺរ៉ុប ឬអាមេរិកខាងជើង) ជៀសជាងនឹងជ្រើសរើសបុរសដែលមានសញ្ជាតិដូចគ្នា ជាគូរអនាគត។
អាពាហ៍ពិពាហ៍រវាងកូនក្រមុំជាជនជាតិចិន និងបុរសជាជនជាតិបារាំងមួយរូប។ (រូបថត News.cn)
តើមានមូលហេតុអ្វីទៅ ដែលជម្រុញឲ្យពួកនាងៗទាំងនោះ ស្វែងរកគូរជីវិតជាមួយបុរសជនជាតិអ៊ឺរ៉ុប? ខាងក្រោមនេះ ជាមូលហេតុទាំង១០ ដែលនឹងបកស្រាយឲ្យឃើញថា ជម្រើសនៃអនាគតវែងឆ្ងាយនេះ មិនមែនជារឿងចៃដន្យនោះទេ។
១- នៅក្នុងអារម្មណ៍របស់ស្ត្រីជនជាតិអាស៊ី បុរសជនជាតិអ៊ឺរ៉ុបសុទ្ធសឹងជាអ្នកមានប្រាក់។ រៀបការជាមួយអ្នកមានប្រាក់ នឹងអាចនាំឲ្យជីវភាពមានភាពសុខស្រួល។ បើទោះជានៅទ្វីបអាស៊ី (ដូចជាប្រទេសចិនជាដើម) មហាសេដ្ឋី ឬអ្នកមានប្រាក់ មានចំនួនកាន់តែច្រើនឡើងៗនោះក៏ដោយ តែជំហ៊ានឆ្ពោះទៅរកចាប់ដៃគូរជីវិត ជាមួយនឹងបុរសមហាសេដ្ឋីទាំងនោះ នៅតែចង្អៀតនៅឡើយ។ ម្យ៉ាងទៀត រកបានស្វាមីជាជនជាតិអ៊ឺរ៉ុប នឹងនាំឲ្យអនាគតមានភាពធានាច្បាស់លាស់។
២- បណ្ដាប្រទេសនៅអាស៊ី ច្រើនឡើងៗ ត្រូវបានចាប់អារម្មណ៍ដោយអ្នកបណ្ដាក់ទុនធំៗ ទៅពីអ៊ឺរ៉ុប ដែលមានប្រាក់រាប់សិបលាន ហើយមានថានះត្រូវបានគេទទួលស្គាល់ភ្លាមៗនៅក្នុងសង្គម។ ស្ត្រីក៏ដូចគ្នា ព្រោះបើនាងបានរៀបការជាមួយបុរសអ្នកមានណាម្នាក់ នាងនឹងបានខ្ពស់មុខខ្ពស់មាត់ទៅតាមដែរ។
៣- ស្ត្រីនៅទ្វីបអាស៊ី ដែលចង់រៀបការជាមួយនឹងបុរសជនជាតិអ៊ឺរ៉ុប ដោយសារតែពួកនាងចង់ដើរឆ្លងប្រទេស ឃើញពិភពលោកថ្មី។ និយាយឲ្យពិតទៅ គ្រប់គ្នានរណាៗក៏ចងដើរលេង ទៅក្រៅប្រទេសដែរ ប៉ុន្តែមនុស្សដែលមានឱកាស ចេញដើរទៅឆ្លងប្រទេសបែបនេះ មិនមានច្រើនប៉ុន្មានទេ។
៤- ស្ត្រីនៅទ្វីបអាស៊ី ច្រើនគិតថាបុរសជនជាតិអ៊ឺរ៉ុប មាន«វីរភាព»ច្រើនជាងបុរស ដែលរស់នៅក្នុងភូមិជាមួយ។ នៅក្នុងភាពយន្ដល្បីៗជាច្រើន ទោះជាផលិតដោយផលិតកម្មភាពអាមេរិកក្ដី ឬនៅអ៊ឺរ៉ុបក្ដី គេតែងឃើញតួបុរសជាតួចិត្តល្អនោះ សម្ដែងជាសុភាពបុរសបានយ៉ាងល្អឥតខ្ចោះ។ តួឯកទាំងនោះ ថែមទាំងបានអង្រួនចិត្តស្ត្រីៗ ជាពិសេសស្ត្រីនៅអាស៊ី ធ្វើឲ្យពួកនាងពុះកញ្ជ្រោលនៅមិនស្ងៀម ហើយឈានទៅដល់ មានបំណងចង់រួមភិសម័យជាមួយនោះទៀតផង។
៥- រៀបការជាមួយជនបរទេស ជាមធ្យោបាយបំពេញចិត្តពួកនាងមួយចំនួន ដែលយល់ថា នោះជាអ្វីដែលមានលក្ខណៈ ខ្ពង់ខ្ពស់ប្រកបដោយសុជីវធម៌។ បុរសនៅអាស៊ីខ្លះ មិនសូវមានសុជីវធម៌ និងមិនមានរបៀបរបបក្នុងការរស់នៅនោះទេ ហើយទាំងនោះជាទម្លាប់មួយ ដែលពួកនាងចង់ធ្វើការផ្លាស់ប្ដូរ។
៦- ស្ត្រីជានជាតិអាស៊ីខ្លះពីចំណោមនោះ មើលឃើញខុសពីស្ត្រីទូទៅ។ ពួកនាងទាំងនេះ យល់ថាទំនៀមទំលាប់ វប្បធម៌របស់ប្រទេសលោកខាងលិចមានភាពល្អប្រសើរ ជៀសជាងការរស់នៅជាមួយ ប្រពៃណី ទំនៀមទំលាប់ដដែលៗ ដែលពួកនាងស្គាល់ និងយល់តាំងពីកុមារភាពមក។
៧- ស្ត្រីអាស៊ីមួយចំនួនទៀត បានរៀបការជាមួយជនបរទេស ដោយសារតែពួកនាង មានទំនាក់ទំនងជាប្រចាំ ជាមួយពិភពខាងក្រៅច្រើន មិនថាតែក្នុងការសិក្សា ឬក្នុងការងារឡើយ។ នេះជាកត្តាធម្មជាតិ ដែលពួកនាងមើលឃើញតែបុរសដែលនៅក្បែរច្រើនជាង ហើយបានបាក់ចិត្តស្រឡាញ់ និងគិតថាត្រូវសាងជីវិតជាមួយគ្នារៀងរហូតទៅ។
៨- បុរសនៅអាស៊ីច្រើនគិតថា ខ្លួនឯងជាភេទខ្លាំងជាងស្ត្រី និងបានចាត់ទុកស្ត្រីគ្រាន់តែជាមនុស្សនៅក្នុងផ្ទះ ឬចាំស្ដាប់តែបង្គាប់ ដែលផ្ទុយពីការគិតភាគច្រើន របស់បុរសលោកខាងលិច។ សិទ្ធិស្មើគ្នា រវាងស្ត្រីនិងបុរស នៅក្នុងសតវត្សន៍ទី២១នេះ មិនមែនជាបញ្ហាដែលគេត្រូវយកមកជជែកគ្នាទៀតនោះទេ។ ការបែងចែកភេទទន់ខ្សោយ ឬការបង្គាប់បញ្ជា នៅក្នុងជីវិតគូរស្វាមីភរិយា ជារឿងហួសសម័យមួយ ហើយស្ត្រីនៅអាស៊ីជាច្រើននាក់ បានយល់ពីបញ្ហានេះ។
៩- ស្ត្រីមួយចំនួនទៀត ចង់បានរូបភាព និងមោទនភាព យកមកឲ្យខ្លួន ជៀសជាងគិតពីស្នេហាបរិសុទ្ធ។ ពួកនាងៗទាំងនោះ គិតថាដើរចេញទៅជាមួយបុរសជាជនជាតិបរទេស នឹងមានការឲ្យតម្លៃ និងការទាក់ទាញពីសង្គមច្រើនជាង ចេញដើរទៅមួយបុរសដែលជាជនរួមជាតិរបស់នាង ជាពិសេសនៅក្នុងមជ្ឈដ្ឋានការងារ។
១០- មូលហេតុចុងក្រោយ ដែលធ្វើឲ្យពួកនាងជ្រើសរើសបុរសជាជនជាតិបរទេស មករួមរស់ជាគូរអនាគត គឺបណ្ដាលមកពីគំនាបសង្កត់ផ្នែកនយោបាយ។ ប្រទេសនៅអាស៊ីមួយភាគធំ នៅជាប្រទេសដែលកាន់លិទ្ធិផ្ដាច់ការ បក្សពួកនិយម ឬការផ្ដុំអំណាចទៅលើបុគ្គលម្នាក់ជាដើម។ ពួកនាងៗបានជ្រើសរើស អាពាហ៍ពិពាហ៍ ជាមួយជនបរទេស មិនត្រឹមតែអនុញ្ញាតឲ្យពួកនាង ជៀសចេញឲ្យផុតពីគំនាបទាំងនេះទេ តែសូម្បីតែគ្រួសាររបស់ពួកនាង ក៏មានសង្ឃឹមថានឹងអាចចាកចេញឲ្យឆ្ងាយពីអំពើអយុត្តិធម៌ ឬភាពមិនសុទ្ធល្អ របស់ពួកអ្នកដឹកនាំទាំងនោះដែរ។
ចុះសម្រាប់អ្នកវិញ តើអ្នកមានមូលហេតុណាផ្សេងទៀត ដើម្បីមកបន្ថែមមូលហេតុទាំង១០ខាងលើនេះទេ?
------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ