ភក្តីភាព ជាលម្អរបស់មនុស្សគ្រប់ស្រទាប់ និងជំនាន់

ភក្តីភាពជាធម្មជាតិនៃចិត្តដែលស្មោះត្រង់ មិនគេចកែ មិនប្រួលប្រែ ផ្លាស់ប្តូរទៅតាមពេលវេលានៃកាលអាកាស។ ភក្តីភាព រមែងស្ថិតនៅក្នុងខន្ធសន្តាន របស់មនុស្សល្អ មនុស្សស្លូតត្រង់ មនុស្សដែលខ្មាសអំពើបាប។
Loading...
  • ដោយ: ស សិរីយុកោ​ ដោយ៖ ស សិរីយុកោ​ - ភ្នំពេញ ថ្ងៃអង្គារ ទី ១១ កញ្ញា ឆ្នាំ ២០១២
  • កែប្រែចុងក្រោយ: September 16, 2012
  • ប្រធានបទ: ភក្ដីភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភក្តីភាពមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូបគ្រប់ជាតិសាសន៍។   បុគ្គលណាដែលខ្វះនូវភក្តីភាព ក្នុងការ ប្រាស្រ័យទាក់ទងគ្នា គេតែងតែនិយាយថា«ស៊ីបាយបោកឆ្នាំង» ឬក៏និយាយថា «មនុស្សមិនល្អ ឆ្អិនក្បាលស៊ីក្បាល ឆ្អិន​កន្ទុយ ស៊ីកន្ទុយ»។ មនុស្សបែបនេះ មិនមានគេរាប់អានឬទុកចិត្តឡើយ។

ភក្តីភាពវាជាអំណាចផ្លូវចិត្តដែលបានលើកមនុស្ស  ឱ្យមកជិតអ្នកមានឬបុគ្គលសំខាន់ៗបាន។ ជាពិសេសភក្តីភាព បាន បង្កើន ចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ មានទំនុកចិត្តនិងប្រគល់មុខតំណែងសំខាន់ៗទៀតផង។  មិនតែប៉ុណ្ណោះអាច ភ្ជាប់ជាសាច់ឈាមទៀតផង ព្រោះអ្នកមាន គេមានសព្វមានគ្រប់ទៅហើយ គឺគេត្រូវការតែមនុស្សមានចិត្ត  ពោលគឺមនុស្ស ដែលមានចិត្តភក្តីភាពតែប៉ុណ្ណោះ។ ដូចជាចៅចិត្រជាមនុស្សកំព្រា ក្រីក្រខ្វះទាំងញាតិខ្វះទាំងទ្រព្យ  ប៉ុន្តែចៅចិត្រមាន ភក្តីភាព ចំពោះចៅហ្វាយនាយ មួយលើកជាពីរលើក ហ៊ានពុះពារ និងហ៊ានលះបង់ចំពោះចៅហ្វាយនាយ ក្នុងនាមជា បាវ​ព្រាវ ប្រកប​ដោយភក្តីភាព។ ទីបំផុតត្រូវបានចៅហ្វាយនាយមើលឃើញអំពើល្អរបស់ចៅចិត្តកាន់តែច្បាស់ ក៏សម្រេចចិត្ត ផ្សារច់ផ្សារឈាម  ដោយរៀបចំផ្សំផ្គុំកូនស្រីឱ្យទៀតផង។

និយាយពីការធ្វើជំនួញ ក្រុមហ៊ុនឯកជនវិញ គេតែងត្រូវការដាច់ខាត នូវបុគ្គលិកដែលមានចិត្តស្មោះត្រង់ និងមានភក្តីភាព ជានិច្ច។ ប្រសិនបើបុគ្គលិកម្នាក់ៗ ពុំមានភាពស្មោះត្រង់គិតតែ ពីចង់បានរបស់របរឬលួចយកទៅផ្ទះ ក្រុមហ៊ុននោះងាយ នឹងជួបអន្តរាយ ខាតបង់ហើយនឹងឈានទៅរកការបិទទ្វារក្រុមហ៊ុនទៀតផង។ លើសពីនេះបើសិនជាមានបុគ្គលិក មិន ស្មោះ ត្រង់តែម្នាក់ ក៏ជាការរំខាន និងខ្វះទំនុកចិត្ត ខ្វះជំនឿជាក់ថែមទៀតផង។ ម្យ៉ាងវិញទៀត ធ្វើឱ្យចៅហ្វាយនាយ ខ្វល់ ខ្វាយចំណាយពេលតាមដាន ឬត្រូវចំណាយលុយទិញប្រដាប់ថតរូប ដើម្បីធ្វើការតាមដាន និងអង្កេតបុគ្គលិកទៀតផង។

ភក្តីភាពជាតម្លៃពិសេសរបស់មនុស្ស  ជាអំណាចដ៏អាថ៌កំបាំងសម្រាប់ជួយមនុស្សនោះឱ្យគេចផុតពីគ្រោះថ្នាក់ទៀតផង។  ព្រះនាងសីតាក្នុងរឿងរាមកេរ្តិ៍ អាចគេចផុតពីគ្រោះថ្នាក់ ក្នុងការលោតចូលទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោរសន្ធៅបាន ក៏ ដោយសារតែអំពើល្អរបស់ព្រះនាង ពោលគឺភក្តីភាពស្មោះស្ម័គ្រចំពោះព្រះរាម។ ពេលដែលក្រុងរាពណ៍ ឆក់យកនាងសីតា ទៅ ក្រុងលង្ការ ក្រុងរាពណ៍បានលួងលោមសុំសេចក្តីស្រឡាញ់ តែនាងសីតាមិនព្រម   ទោះគំរាមសម្លាប់ ក៏នាងនៅតែមិន ខ្លាចមិនស្រឡាញ់ដែរ។ ដោយហេតុតែនាងសីតា មានភក្ដីភាពចំពោះព្រះរាមដដែល។

ភក្តីភាពជាលម្អរបស់ស្រី្តខ្មែរ ស្រ្តីខ្មែរភាគច្រើនតែងតែស្មោះត្រង់នឹងប្តី ស្រឡាញ់ប្តី មិនផិតក្បត់ប្តី ដូចជាតិសាសន៍ដទៃក្នុង លោក។ មានស្ត្រីច្រើនណាស់ដែលស្មោះស្ម័គ្រចំពោះប្តី ដូចជានាងទាវពេលម្តាយបង្ខំឱ្យរៀបការជាមួយម៉ឺនងួន នាងបាន សរសេរលិខិតឱ្យទុំមកជួយ។ អ្នកគ្រូគូរស់ ពេលដែលម៉ឹងជាគូដណ្តឹងដាច់ដៃម្ខាង អ្នកគ្រូនៅតែស្រឡាញ់។ រីឯនាងវិធាវីវិញ ពេលដឹងថា ប៊ុន ធឿនធ្លាក់ខ្លួនក្រ នាងនៅតែស្រឡញ់ប៊ុនធឿនទៀត។  មិនតែប៉ុណ្ណោះ ភរិយារបស់ទាហានភាគច្រើន នៅ តែស្រឡាញ់ប្តី ស្មោះត្រង់នឹងប្តី តាមបម្រើប្តី អូសរទេះឱ្យប្តី និងមិនបោះបង់ប្តីពេលដែលប្តីពិការ ដាច់ដៃដាច់ជើង។

ជាពិសេសបច្ចុប្បន្ននេះ ដោយសារតែភក្តីភាព សេចក្តីស្មោះត្រង់ ការស្រឡាញ់ ដោយស្មោះគ្មានពុតត្បុត បានញ៉ាំងឱ្យ នារី​ខ្មែរ មានប្រជាប្រិយភាព មានឈ្មោះបោះសំឡេងកាន់តែល្អទៅ រហូតដល់មានជនបរទេសមកសុំស្ដីដណ្ដឹងរៀបការ ជា​មួយ​នារីខ្មែរជាហូរហែពីមួយឆ្នាំទៅមួយឆ្នាំ។

ភក្តីភាពត្រូវបានដិតជាប់ក្នុងដួងព្រលឹងខ្មែរគ្រប់រូប ហើយចាំបាច់ខ្លាំងណាស់ នៅពេលចូលកាន់តំណែង ប្រមុខដឹកនាំ បាន​ធ្វើសច្ចាប្រណិធាន ស្បថចំពោះវត្ថុសក្តិសិទ្ធិថាខ្លួនស្មោះត្រង់នឹងជាតិ ការពារជាតិ។ មេទ័ពធំៗក៏ស្បថស្បែផងដែរ ចំពោះ​ការបម្រើជាតិមាតុភូមិ។   មេដឹកនាំ និងវីរជនសំខាន់ៗក្នុងលោក ក៏ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ស្នេហាជាតិ ពោល​គឺ​ភក្តីភាព ចំពោះជាតិជាធំ។

រួមសេចក្តីមកយើងអាចនិយាយបានថា     ភក្តីភាពពិតជាចាំបាច់ និងមិនអាចខ្វះបានទេ សម្រាប់មនុស្សជាតិគ្រប់រូប គ្រប់​ជាតិ​សាសន៍ក្នុងការប្រាស្រ័យទាក់ទងគ្នា។ ភក្តីភាពលើកតម្លៃបង្កើនទំនុកចិត្ត ផ្តល់ភាពជឿជាក់ គេចផុតគ្រោះកាច និង​ធ្វើ​ឱ្យមនុស្សមានតម្លៃខុសប្លែកពីគ្នា។ ភក្តីភាពជាតម្រូវការចាំបាច់ណាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ មានភក្តីភាព មាន​ជំនឿ​ជាក់ និងមានទំនុកចិត្តពីអ្នកជិតខាងនិងមានសុខសន្តិភាពជានិច្ច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...