ភាពយន្ដប្រឆាំងអ៊ីស្លាម៖ កំហឹងសាសនិក អ៊ីស្លាមក្នុងលោក ផ្ទុះឡើងជាថ្មី

ក្បួនបាតុកម្ម ដែលកើតមានគ្រប់ទិសទីក្នុងពិភព អារ៉ាប់ បានប្រែក្លាយជាអំពើហឹង្សា ដុតស្ថានទូត និងបណ្ដាផលប្រយោជន៍របស់អាមេរិក ហើយបានបង្កអោយមានអ្នកស្លាប់ និង របួសជាច្រើន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: September 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកកាន់សាសនាអ៊ីស្លាមរាប់សិបពាន់នាក់ បានចុះនៅតាមផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងភាពយន្ដមួយ ផលិតនៅសហរដ្ឋ អាមេរិក ដែលពួកបានគិតថា បានបន្ទាបបន្ថោកដល់សាសនាអ៊ីស្លាម។ ក្បួនបាតុកម្ម ដែលកើតមានគ្រប់ទិសទីក្នុងពិភព អារ៉ាប់ បានប្រែក្លាយជាអំពើហឹង្សា ដុតស្ថានទូត និងបណ្ដាផលប្រយោជន៍របស់អាមេរិក ហើយបានបង្កអោយមានអ្នកស្លាប់ និង របួសជាច្រើន។ ដំនកស្រង់របស់ភាពយន្ដនេះ គេអាចរកមើលឃើញនៅលើគេហទំព័រ យូធូប ដែលជាគេហទំព័រធំជាង គេ ខាងចែកផ្សាយវីដេអូ នៅលើបណ្ដាញអាំងធើណែត។


រូបថតចម្លងចេញពីខ្សែរភាពយន្តដើមហេតុ

អាមេរិកប្រកាន់ជំហរនឹងនរ

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គឹមមូន បានវាយតំលៃខ្សែរភាពយន្តនោះ ថាជា«ភាពយន្ដបង្កហេតុ» ហើយលោកបានអំពាវនាវអោយត្រឡប់ទៅរកភាពស្ថប់ស្ថាត់វិញ។ ក្រុមប្រឹក្សាសន្តិសុខរបស់ អង្គការសហប្រជាជាតិ បានវិនិច្ឆ័យថា ជារឿងដែលមិនអាចជជែកវែកញែកបាន កាលពីថ្ងៃសុក្រទី១៤កញ្ញានេះ ដែលអំពើហឹង្សាបានរីករាលដាល ប្រឆាំងនឹងក្រុមអ្នកបំពេញបេសកកម្មការទូតទាំងឡាយ ជាពិសេសក្រុមអ្នកការទូតរបស់អាមេរិក។ ក្រុមប្រឹក្សាសន្តិសុខ បានរំលឹកទៅដល់អាជ្ញាធរនៃបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមទាំងនោះ អោយគោរពពីកតព្វកិច្ចការពារអ្នកការទូត នៅក្នុងប្រទេសផងខ្លួន។ សម្ដេចសង្ឃ សាសនាគ្រឹស្ដ៍ ប៉ាប ប៊ើន័រទី ១៦ (pape Benoît XVI) ដែលបានធ្វើទស្សនកិច្ច នៅប្រទេសលីបង់ បានទទួចអោយបណ្ដាអ្នកកាន់សាសនាជីហ្វ អ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាគ្រឹស្ត៍ អោយលប់បំបាត់ចោល គំនិតប្រកាន់ជ្រុល នៅក្នុងសាសនារៀងៗខ្លួន។

លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងថា «សហរដ្ឋអាមេរិកប្រកាន់ជំហរនឹងនរមួយ នៅចំពោះ អំពើហឹង្សាដែលក្រុមអ្នកមិនសប្បាយចិត្តទាំងនេះបានធ្វើប្រឆាំងនឹងស្ថានទូត និងជនជាតិរបស់ខ្លួន។» លោកស្រីហ៊ីឡារី គ្លីនតុន (Hillary Clinton) ប្រមុខការទូតរបស់អាមេរិកបានបញ្ជាក់ថា ក្រុមប្រទេសអារ៉ាប់ខ្លះ ដែលទើបនឹងបញ្ចប់ថ្មីៗនូវ បដិវត្តអារ៉ាប់ ហើយបានបណ្ដេញអ្នកកាន់អំណាចផ្ដាច់ការចេញពីអំណាចនោះ តែក្រុមប្រទេសទាំងនោះ នៅតែស្ថិតនៅ ក្រោមការក្ដោបក្ដាប់ នៃពួកជ្រុលនិយមនៅឡើយ។

កាលពីចុងសប្ដាហ៍កន្លងមកនេះ នៅប្រទេសទួនេស៊ី បាតុករពីរនាក់បានស្លាប់ដោយគ្រាប់កាំភ្លើង​ ហើយ៤០នាក់ផ្សេង ទៀតត្រូវរបួស ក្នុងនោះមានទាំងកងកម្លាំងនគរបាលផង ខណៈពេលក្រុមបាតុករទាំងនោះ បានជួបប្រយុទ្ធជាមួយ កងកម្លាំងរក្សាសន្តិសុខរបស់ប្រទេស នៅក្បែររបងស្ថានទូតអាមេរិក។ បាតុករមិនតិចជាង ១០០០នាក់បានសំរុកចូល ទៅក្នុងស្ថានទូត ហើយវាយបំបែកកញ្ចក់ ហើយលើកទង់ជ័យរបស់ខ្លួនពណ៌ស និងខ្មៅឡើង។ លោកប្រធានាធិបតីទួនេស៊ី លោក មុងសេហ្វ ម៉ារហ្សូគី (Moncef Marzouki) និយាយថា ជា«រឿងទទួលមិនបាន» នូវអំពើទាំងនេះប្រឆាំងនឹង «ប្រទេសជាមិត្ត»។ ក្រុមបាតុករបានទាំងដុតកំទេច នូវអាគារសាលារៀនអាមេរិកមួយ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីស្ថានទូតនោះ។ នាយករដ្ឋមន្ត្រីទួនេស៊ី បានលើកពីការខ្វល់ខ្វាយខ្លាំងបំផុតនឹងរឿងនេះ ហើយរដ្ឋាភិបាលរបស់លោក បានអំពាវនាវអោយត្រឡប់មករកភាពស្ងប់ស្ងាត់វិញ។

«អូបាម៉ា ៗ យើងទាំងអស់គ្នាជា អ៊ូសាម៉ា»

នៅទីក្រុងការទួម (Khartoum) របស់ប្រទេសស៊ូដង់ បាតុករប្រមាណជា ជាង១០នាក់ បានចូលទៅក្នុងស្ថានទូត ហើយ បានគ្រវីទង់ជ័យសខ្មៅរបស់ខ្លួន។ មុននឹងបន្ដិច កងរក្សាសន្ដិសុខរបស់ប្រទេស បានបាញ់គ្រប់បែកផ្សែងបង្ហូរទឹកភ្នែក ដើម្បីបំបែកក្បួនបាតុកម្ម ដែលមានបាតុករប្រមាណជា ១០ ០០០នាក់ដង្ហែរឆ្ពោះទៅកាន់ស្ថានទូតអាមេរិក។ បាតុករម្នាក់ បានស្លាប់ដោយ ត្រូវរថយន្ដរបស់កងកម្លាំងនគរបាលកិនពីលើ។ មិនត្រឹមតែស្ថានទូតរបស់អាមេរិកប៉ុណ្ណោះទេ តែស្ថានទូត របស់ប្រទេសអាឡឺម៉ង់ ក៏ត្រូវបានបាតុករប្រមាណជា ជាង៥​ ០០០នាក់ដុតបំផ្លាញដែរ។

នៅទីក្រុងគែរ របស់ប្រទេសអេហ្សីប បាតុករម្នាក់បានស្លាប់ និងកងកម្លាំងរក្សាសន្តិសុខ របួស៥៣នាក់ នៅពេលជួប ប្រយុទ្ធគ្នា ក្បែរស្ថានទូតអាមេរិក។ ប្រធានាធិបតីប្រទេសអេហ្សីប លោក មហាមេដ ម៉ូស្ស៊ី បានថ្កោលទោសខ្សែរភាពយន្ដ នោះ ថានបានបង្កអោយមានអំពើហឹង្សាទាំងនេះ។ ក្រុម «បងប្អូនអ្នកកាន់សាសនាអ៊ីស្លាម»​ បានដក់ចេញនូវការអំពាវនាវ អោយធ្វើបាតុកម្មទូទាំងប្រទេស តែក្រុមបាតុករនៅតែបន្ដសកម្មភាពរបស់ខ្លួន  ជួបប្រឈមមុខជាមួយនឹង កងកម្លាំង នគរបាល នៅជុំវិញស្ថានទូតអាមេរិកនៅឡើយ។

នៅប្រទេសស៊ីរី ទោះជាកំពុងស្ថិតនៅក្នុង ពេលសង្គ្រាមក៏ដោយក្ដី តែទាំងអ្នកគាំទ្រ និងអ្នកប្រឆាំង បានចុះធ្វើបាតុកម្មនេះ ដាច់ដោយឡែកពីគ្នា។ រីឯប្រទេសលីប៊ីវិញ មានក្រុមអ្នកប្រកាន់តឹងសាសនាអ៊ីស្លាមប្រមាណជា ១០នាក់បានធ្វើបាតុកម្ម នៅទីក្រុងប៊េនហ្គាហ្សី (Benghaz) ហើយស្រែកឡើងថា «អូបាម៉ា ៗ យើងទាំងអស់គ្នាជា អ៊ូសាម៉ា» ដោយយក អតីត មេដឹកនាំបណ្ដាញអាលកៃដា (al-Qaida) ឈ្មោះ អ៊ូសាម៉ា ប៊េនឡាដេន មាននិយាយភ្ជាប់ នឹងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ គឺនៅទីក្រុងនេះហើយ ដែលអ្នកការទូតអាមេរិកបួនរូប ត្រូវបានបាតុករសម្លាប់ ដោយក្នុងនោះមានអគ្គរដ្ឋទូត អាមេរិកម្នាក់ផង។ ក្នុងប្រទេសយេមែន មនុស្សបួននាក់បានស្លាប់ ហើយនគរបាលបានបាញ់កាំភ្លើងឡើងទៅលើ បាញ់ទឹក និងគ្រាប់បែកផ្សែងបង្ហូទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ដែលលើកគ្នាមកជិតស្ថានទូត ក្នុងទីក្រុងសាណាអា (Sanaa)។ ក្រុមបាតុករ បានស្រែកទាមទារអោយគេបណ្ដេញចេញនូវ ឯកអគ្គរដ្ឋទូតអាមេរិក។

អតីតប្រធានាធិបតី គ្លីនតុន ថា ជាវីដេអូ មិនគួរអោយមើល

នៅទ្វីបអាស៊ីវិញ បាតុករប្រមាណជា ១០ ០០០នាក់នៅទីក្រុងដាកា បានដុតទង់ជាតិអាមេរិក និងអ៊ីស្រ្តាអែល។ នៅប៉ាគីស្ដង់ បាតុករខ្លះបានទាំងសុំអោយសមិទ្ធិករខ្សែរភាពយន្ដនេះ ស្លាប់ទៀតផង។ នៅហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បាតុករជាង ៣៥០នាក់ បានស្រែកប្រឆាំងនឹងសង្គ្រាម ជាអ្វីដែលពួកគេគិតថា ខ្សែរភាពយន្ដនោះបានលើកឡើង។

ផលិតករភាពយន្តបានផ្ដល់កិច្ចសម្ភាស ទៅអោយវិទ្យុអាមេរិកមួយផ្សាយជាភាសាអារ៉ាប់ សាវា (Radio Sawa) ថាមិនបាន ស្ដាយក្រោយសោះឡើយ ក្នុងការផលិតខ្សែរភាពយន្ដនេះ​ តែបានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ថាជាប់ពិរុទ្ធដែរ តែសហរដ្ឋ អាមេរិក មិនមានជាប់ពាក់ព័ន្ធអ្វីនឹងខ្សែរភាពយន្តនេះទេ។»

សហគមអ៊ឺរ៉ុប បានទទួចសុំអោយបណ្ដាប្រទេសរងគ្រោះនឹងអំពើហឹង្សាទាំងនេះ អោយធានាអោយបាន នូវសន្តិសុខនៃ បណ្ដាអ្នកបំពេញបេសកកម្មការទូត ហើយអំពាវនាវអោយ សន្តិភាព និងភាពអត់អោនត្រឡប់មកវិញ៕

សូមទស្សនាការដកស្រង់ ខ្សែរវីដេអូនេះ ដូចតទៅ៖

------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...