កម្ពុជា៖ អតីតស្រ្តីទីមួយនៃរបបខ្មែរក្រហម ត្រូវបានដោះលែង ជាបណ្ដោះអាសន្ន
តុលាការខ្មែរក្រហម ដែលទទួលបន្ទុកកាត់ទោស មេដឹកនាំខ្មែរក្រហម បានដោះលែងកាលពីថ្ងៃអាទិត្យទី ១៦កញ្ញានេះ អតីតស្រ្តីទីមួយនៃរបបខ្មែរក្រហម លោកស្រី អៀង ធីរីទ្ធ ដោយបានចាត់ទុកថា លោកស្រីមានសតិមិននឹងនរ ក្នុងការ ទទួលយកការកាត់ក្ដី និងមិនអាចឆ្លើយតបបានត្រឹមត្រូវ ទល់នឹងបទឧក្រិដ្ឋ ដែលតុលាការបានចោទប្រកាន់ ទៅលើ លោកស្រីនោះ។ លោកស្រី អៀង ធីរិទ្ធ អាយុ៨០ឆ្នាំ ត្រូវបានតុលាការកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហ- ប្រជាជាតិ ចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងពីបទឧក្រិដ្ឋកម្មសង្រ្គាម។ មេធាវី ការពារក្ដីរបស់លោកស្រី បានអះអាងថាលោកស្រីលែងមានការចងចាំធម្មតាដូចមុនទៀត ដោយទំនងជាលោកស្រី បានរងគ្រោះនឹងជំងឺបាត់ការចងចាំមួយ។ លោកនេត្រ ភ័ត្រា អ្នកនាំពាក្យអោយសាលាក្ដីវិសមញ្ញនេះ បាននិយាយថា «ជនជាប់ចោទ អៀង ធីរិទ្ធិ ត្រូវបានដោះលែងនៅក្រោមលក្ខខ័ណ្ឌមួយចំនួន។» លោកស្រីត្រូវបានកូនក្មួយរបស់លោកស្រី មកទទួលយកទៅ ក្រោយពីបានដោះលែង ពីមន្ទីឃុំឃាំងរបស់សាលាក្ដីពីសេសនេះ ដែលខ្លួនលោកស្រីបានជាប់ឃុំ តាំងពីឆ្នាំ២០០៧នោះមក។
លោកស្រី អៀង ធីរីទ្ធ ក្នុងសវនាការ។ រូបថតរបស់សាលាក្ដី។
លោកនេត្រ ភ័ត្រាបានបន្ថែមថា លោកស្រីមានសិទ្ធិរស់នៅ ក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេហាមមិនអោយចេញទៅ បរទេស និងត្រូវជូនដំណឹងមកតុលាការ នូវរាល់ការផ្លាស់ប្ដូរលំនៅដ្ឋាន។ លោកស្រីនឹងមិនមានសិទ្ធិ ក្នុងការធ្វើអន្តរាគមន៍ ក្នុងដំណើរការកាត់ក្ដីបច្ចុប្បន្ន និងមិនអាចធ្វើសេចក្ដីប្រកាសពត៌មានណាមួយនោះទេ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សាលក្រមជាស្ថារពរមួយទៀត ទៅលើលក្ខខ័ណ្ឌទាំងនេះ នឹងត្រូវចេញសម្រេចនៅពេលក្រោយ។
បន្ទាប់ពីប៉ុលពត អតីតបងធំទីមួយ និងតាម៉ុក អតីតឧត្តមសេនីយ៍ខ្មែរក្រហម ដែលបានស្លាប់កាលពីឆ្នាំ១៩៩៨ និង២០០៦ នៅមុនពេលវិនិច្ឆ័យទោសនោះមក ឥឡូវនេះអតីតរដ្ឋមន្ត្រីសង្គមកិច្ចរបស់របបខ្មៅងងឹត បីឆ្នាំ ប្រាំបីខែ ម្ភែថ្ងៃ បាននាំយកទៅ ជាមួយនឹងភាពវង្វេងវង្វាន់របស់ខ្លួន នូវការពិតទាំងឡាយផ្សេងទៀត ដែលបានកើតឡើងក្នុងរបបនេះ រវាងពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩ ហើយបានធ្វើអោយប្រជាជនកម្ពុជា ជាង២លាននាក់ស្លាប់បាត់បង់ជីវិត។
បញ្ហាសុខភាព
កើតចេញពីត្រកូលអ្នកមានមុខមាត់មួយ លោកស្រី អៀង ធីរិទ្ធិ ឈ្មោះដើម ខៀវ ធីវិទ្ធិ បានរៀបការជាមួយនឹង អៀង សារី នៅឆ្នាំ១៩៥១ ខណៈដែល លោក អៀង សារី នៅពេលនោះ បានកំពុងប្រលូកនៅក្នុងចលនាមាក្សនិយម មាននិន្នាការ ប្រឆាំងនឹងរបបអាណានិគមនិយមបារាំង នៅកម្ពុជា។ ក្រោយពេលរបបខ្មែរក្រហមបានទទួលជ័យជំនះ នាឆ្នាំ១៩៧៥ លើ របបសារធារណរដ្ឋរបស់ លោក លន់ ណុល នោះមក លោក អៀង សារី បានឡើងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ «កម្ពុជាប្រជាធិបតេយ្យ»។ បច្ចុប្បន្ននេះ លោកអៀង សារី រួមជាមួយមេមនោគមវិជ្ជា លោក នួន ជា និងប្រធានាធិបតី របស់របបនេះ គឺលោក ខៀវ សំផន កំពុងជាប់ចោទ និងត្រូវគេយកមកកាត់ទោស ពីបទចោទដូចគ្នា នៅក្នុងសាលាក្ដី ពិសេស កើតចេញពីកិច្ចព្រមព្រៀងមួយរវាង រដ្ឋាភិបាលក្រុងភ្នំពេញសព្វថ្ងៃ និងអង្គការសហប្រជាជាតិ។ មេដឹកនាំខ្មែរ ក្រហមទាំងនេះ ត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខ នឹងបញ្ហាសុខភាព ដែលបណ្ដាលមកពីជរាភាព និងជំងឺរ៉ាំរ៉ៃ។
អ្នកជំនាញជាច្រើនបានសំលឹងឃើញ ពីតួនាទីយ៉ាងសំខាន់ របស់លោកស្រី អៀង ធីរិទ្ធិ ក្នុងរបប «កម្ពុជាប្រជាធិបតេយ្យ»។ ភរិយារបស់ប៉ុលពត ក្នុងពេលនោះ បានធ្លាក់ខ្លួនឈឺនឹងជំងឹ បាត់ការចងចាំនេះដែរ ដែលជាហេតុធ្វើអោយ លោកស្រីអៀង ធីរិទ្ធិ អតីតរដ្ឋមន្ត្រីសង្គមកិច្ចរបស់របប បានដើរតួយ៉ាងសំខាន់ ជា«ស្រ្តីទីមួយ» ក្នុងកិច្ចការនយោបាយ ក៏ដូចជាការដឹកនាំ ប្រទេស។
សូមបញ្ចាក់ថា រហូតមកទល់នឹងពេលនេះ មានតែសាលក្រមតែមួយគត់ ដែលបានកាត់សេចក្ដីអោយ មេគុកទួលស្លែង កាំ ហ្គេចអៀវ ហៅឌុច ជាប់គុកអស់មួយជីវិត កាលពីខែកុម្ភះកន្លងមក។ បន្ទាប់ពីបញ្ហាសុខភាពរបស់ជនជាប់ចោទ ទាំងនេះ ដែលជាការគំរាមកំហែងដល់សាក្សីរស់ នៃការកាត់ក្ដី អ្នកតាមដានសាលាក្ដីជាច្រើនបានមើលឃើញ ពីភាពអសកម្មរបស់ សាលាក្ដី ដែលបណ្ដាលមកពីបញ្ហាមួយផ្សេងទៀត គឺ «ថវិកា»។ គិតចាប់តាំងពីឆ្នាំ២០០៦ ដែលសាលាក្ដីត្រូវបានបង្កើត ថវិការប្រមាណជា ១៦០លានដុល្លាអាមេរិក បានត្រូវចំណាយ ហើយគេកំពុងត្រៀមថវិការប្រមាណជា ២២លានដុល្លា បន្ថែមទៀត សំរាប់ចុងឆ្នាំ២០១២នេះ។ អ្នកតាមដានសាលាក្ដីបានបារម្ភពី ចរិកលក្ខណៈរបស់សាលាក្ដីនេះ ជាពិសេសពី ឆន្ទានុសិទ្ធិរបស់ចៅក្រម ដែលជារឿយៗបានរងការចោទប្រកាន់ថា បានស្ថិតនៅក្រោមឥទ្ធិពលនយោបាយ របស់រដ្ឋាភិបាលក្រុងភ្នំពេញដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន៕
-----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ