កម្ពុជា៖ ឃាត់ខ្លួនយោធាម្នាក់ បន្ទាប់ពីអ្នកកាសែតម្នាក់ស្លាប់

ជនរងគ្រោះឈ្មោះ ហង្ស សេរីឧត្តម អាយុ៤៤ឆ្នាំ ជាអ្នកកាសែតប្រចាំសារពត៌មាន «វរៈជនខ្មែរ» ចេញផ្សាយ២លើកក្នុងមួយសប្តាហ៍ ត្រូវបានគេប្រទះឃើញស្លាប់ ហើយសាកសពរបស់ជនរងគ្រោះ ត្រូវបានគេដាក់នៅក្នុងគូថឡានរបស់គាត់ ចតចោលនៅក្នុងខេត្តរត្តនៈគិរី ជាប់នឹងព្រំប្រទល់នៃប្រទេសវៀតណាម (ភាគឦសាន)។
Loading...
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមប្រភពពត៌មានផ្លូវការមួយ បានអោយដឹង កាលពីថ្ងៃសុក្រ កន្លងទៅនេះថា យោធាម្នាក់ត្រូវបានគេសួរចំលើយ ទាក់ទង នឹងសំណុំរឿងស៊ើបអង្កេត នៃការស្លាប់របស់អ្នកកាសែតម្នាក់ ដែលធ្លាប់សរសេរក្នុងអត្ថបទកាសែតរបស់ខ្លួន ដើម្បីប្រយុទ្ធ ប្រឆាំង នឹងការរត់ពន្ធឈើខុសច្បាប់ ហើយបានប៉ះពាល់ទៅលើអ្នកមានអំណាចមួយចំនួន។


ឈើហ៊ុបធំជាច្រើនដើម ត្រូវបានគេកាប់ ហើយជួញដូរដោយខុសច្បាប់។

អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានប្រាប់ទីភ្នាក់ងារសារពត៌មានបារាំង (AFP) ថា យោធាម្នាក់ឈ្មោះ អៀន ប៊ុនហេង ត្រូវបានឃាត់ខ្លួន ដោយសារតែជនសង្ស័យរូបនេះ ដូចជាបានជួបនឹងជនរងគ្រោះ កាលពីថ្ងៃអាទិត្យទី០៩ កញ្ញា ដែលជាថ្ងៃកើតហេតុ។ នៅក្នុងផ្ទះរបស់ជនសង្ស័យនេះ ប៉ូលីសបានរកឃើញភួយមួយដែលប្រលាក់ដោយឈាម និង ស្បែកជើងរបស់ជនរងគ្រោះ នៅក្បែរគ្នានោះផងដែរ។

ជនរងគ្រោះឈ្មោះ ហង្ស សេរីឧត្តម អាយុ៤៤ឆ្នាំ ជាអ្នកកាសែតប្រចាំសារពត៌មាន «វរៈជនខ្មែរ» ចេញផ្សាយ២លើកក្នុង មួយសប្តាហ៍ ត្រូវបានគេប្រទះឃើញស្លាប់ ហើយសាកសពរបស់ជនរងគ្រោះ ត្រូវបានគេដាក់នៅក្នុងគូថឡានរបស់គាត់ ចតចោលនៅក្នុងខេត្តរត្តនៈគិរី ជាប់នឹងព្រំប្រទល់នៃប្រទេសវៀតណាម (ភាគឦសាន)។ ការពិនិត្យកោសល្យវិច្ឆ័យ បាន រកឃើញថា គាត់ត្រូវបានឃាតករកាត់ផ្ដាច់ក្បាលចេញពីករ។

លោក ប៉ែន ប៊ុនណា អ្នកសម្របសម្រួល នៅក្នុងសមាគមអាដហុក (Adhoc) បានប្រាប់ទីភ្នាក់ងារសារពត៌មានបារាំង (AFP) ថា ក្នុងចំនោមមនុស្សដែលគេបានហៅទៅធ្វើការសាកសួរ ក៏មានវត្តមានរបស់ប្រពន្ធជនសង្ស័យ និង កូនប្រុសម្នាក់របស់ នាយទាហ៊ានប្រចាំខេត្តផងដែរ។

នៅក្នុងអត្ថបទចុងក្រោយដែលចេញផ្សាយកាលពីថ្ងៃទី ៦ ខែកញ្ញា នៅលើគេហទំព័រនៃកាសែតវរៈជនខ្មែរ ជនរងគ្រោះ បានចោទប្រកាន់មន្ត្រីយោធាម្នាក់នេះ ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរឈើខុសច្បាប់ និងពីបទជំរឹតទារប្រាក់ពីអាជីវករ លក់ឈើស្របច្បាប់ក្នុងតំបន់។

អង្គការនៃអ្នកយកពត៌មានគ្មានព្រំដែន(RSF) បានស្នើរសុំទៅសមត្ថកិច្ចនៃប្រទេសកម្ពុជា អោយយកចិត្តទុកដាក់ការពារ អ្នកសារពត៌មាន ដែលធ្វើការស៊ើបអង្កេតលើករណីជួញដូរឈើខុសច្បាប់ ក៏ដូចជាបញ្ហាបរិស្ថានដទៃទៀត។

អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយ អោយដឹងថា អាជីវកម្មខុសច្បាប់ទៅលើព្រៃឈើ បានបំផ្លាញព្រៃឈើ និងបានកាត់បន្ថយផ្ទៃក្រឡាព្រៃរបស់ប្រទេសកម្ពុជា ដែលធ្លាប់មានប្រមាណជា ៧៣% ក្នុងឆ្នាំ១៩៩០ មកត្រឹមតែ ៥៧% ក្នុងឆ្នាំ២០១០។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងនូវការចោទប្រកាន់ ថាបានធ្វើសម្បទានតំបន់ព្រៃឈើ រាប់ពាន់ ហិចតា ដោយរាប់បញ្ចូលទាំងតំបន់អភិរក្សផង សំរាប់គំរោងជាច្រើន ដូចជាដំណាំអំពៅដើម្បីធ្វើស្ក ដំណាំកៅស៊ូ ឬគំរោង ក្នុងការសាងសង់វារីអគ្គិសនីជាដើម។ ក្រុមសកម្មជនការពារបរិស្ថាននានា បានភ្ជាប់គម្រោងទាំងនោះ ទៅនឹងការជួញដូរ ឈើ ហើយចោទប្រកាន់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ជាពិសេសពួកមន្ត្រីយោធាតែម្ដង ថាបានការពារក្រុមហ៊ុន ឯកជនទាំងនោះ។

ប៉ុន្តែយុទ្ធនាការការពារបុព្វហេតុរបស់ក្រុមសកម្មជនទាំងនោះ មានសភាពកាន់តែគ្រោះថ្នាក់ខ្លាំងឡើងៗ។ ជាក់ស្ដែង កាលពីអំឡុងខែមេសាកន្លងទៅ ដូចករណីរបស់លោក ឈុត វុឌ្ឍី ដែលជាសកម្មជនការពារព្រៃឈើនាំមុខម្នាក់ ត្រូវបាន បាញ់សំលាប់ដោយមន្ត្រីរាជអាវុធហត្ថ នៅក្នុងការងារដើរពិនិត្យមើលព្រៃឈើរបស់លោកនៅពេលនោះ៕

-------------------------------------------
ដោយ៖សុជារស្មី - ភ្នំពេញថ្ងៃទី១៤ សីហា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...