កូនប្រុសរបស់ ឈុត វុទ្ធី កំពុងត្រៀមពាក្យបណ្តឹងទៅ ICC
- ដោយ: ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មេសា ២០១៤
- កែប្រែចុងក្រោយ: April 28, 2014
- ប្រធានបទ: ឃាតកម្ម ឈុត វុទ្ធី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រព័ន្ធយុត្តិធម៌ - លោក ឆឺយ ឧត្តមរស្មី ជាកូនប្រុសច្បងរបស់លោក ឈុត វុទ្ធី បានបង្ហើបប្រាប់ឱ្យដឹងថា លោកកំពុងត្រៀមពាក្យបណ្តឹង ប្តឹងទៅតុលាការព្រហ្មទណ្ធអន្តរជាតិ (ICC) ដើម្បីរកយុត្តិធម៌ឱ្យពុករបស់ខ្លួន ខណៈតុលាការក្នុងប្រទេសកម្ពុជា បានសម្រេចបិទសំនុំរឿងមិនចាត់ការ ដោយសំអាងថាលោក ឈុត វុទ្ធី និងឃាតករ អ៊ិន រតនា បានស្លាប់ទាំងពីរនាក់ ដែលជានីតិវិធីច្បាប់ធ្វើឱ្យបណ្តឹងអាជ្ញាត្រូវរលត់។
ការថ្លែងរបស់យុវជនវ័យ២១ឆ្នាំរូបនេះធ្វើឡើង នៅក្នុងកម្មវិធីរំលឹកវិញ្ញាណក្ខន្ធ របស់លោកឈុត វុទ្ធី សកម្មជនកាពារព្រៃឈើដ៏ល្បីឈ្មោះ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ នៅចំនុចវាលបី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាកន្លែងដែលលោកឈិត វុទ្ធី ត្រូវខ្មាន់កាំភ្លើងបាញ់។ លោក ឆឺយ ឧត្តមរស្មី បានបញ្ជាក់បន្ថែមថា៖ «យើងនឹងព្យាយាមដាក់ យើងប្រហែលដាក់តាម UN ឬតាមណាមួយ ដែលគេអាចជួយយើងបាន។ ហើយខ្ញុំនឹងជួបគាត់ (UN) ជាផ្លូវការមួយ ពេលទៅដល់ក្រុងភ្នំពេញវិញ។»
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា ចំពោះការដាក់ពាក្យបណ្តឹងនេះ វាជាសិទ្ធិរបស់គ្រួសារលោក ឈុត វិទ្ធី ប៉ុន្តែខាងតុលាការព្រហ្មទណ្ឌអន្តរជាតិ គេនិងពិនិត្យពិចារណាមើល ថាតើវាគ្រប់លក្ខខណ្ឌ អាចទទួលក្នុងការវិនិច្ឆ័យបានដែរឬទេ? ប្រសិនបើគេពិនិត្យទៅគ្រប់លក្ខខណ្ឌ គេនឹងទទួលនូវបណ្តឹងនេះ។
លោក អំ សំអាត បានប្រាប់ប្រាប់ឱ្យដឹងទៀតថា សម្រាប់ពាក្យបណ្តឹងដែលចង់ប្តឹងទៅ ICC មានលក្ខខណ្ឌច្រើន វាអាចពាក់ព័ន្ធនឹងឧក្រិដកម្មប្រឆាំមនុស្សជាតិ ឧក្រិដ្ឋប្រឆាំងជាតិសាសន៍ អំពើឧក្រិដ្ឋផ្សេង និងពាក់ព័ន្ធជាមួយការបាញ់សម្លាប់មួយចំនួនទៀត។ ចំពោះករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ត្រូវបានលោក អំ សំអាត ពន្យល់ថា៖ «បើនិយាយាពីយន្តការនៅក្នុងស្រុក គឺគេបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែយុត្តិធម៌សម្រាប់គាត់ និងកូនគាត់មិនទាន់មានទេ។ (..) អាហ្នឹងបើយន្តការនៅក្នុងស្រុក មិនអាចធ្វើបាន គាត់អាចពិនិត្យពិចារណាទៅយន្តការអន្តរជាតិបាន។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្ត្រីអ្នកទទួលខុសត្រូវ ក្នុងក្រសួងយុត្តិធម៌របស់ប្រទេសកម្ពុជា ដើម្បីសុំការស្រាយបំភ្លឺក្នុងពេលនេះ បាននៅឡើយ។
ពាក់ព័ន្ធនិងការបញ្ចប់សំនុំរឿង មិនបន្តស៊ើបអង្កេតករណីឪពុករបស់ខ្លួន កូនប្រុសអតីតប្រធានអង្គការ កាពារធនធានធម្មជាតិ លោក ឆឺយ ឧត្ដមរស្មី បានថ្លែងទៀតថា តុលាការក្នុងស្រុកជាតុលាការមិនឯករាជ្យ ស្ថិតនៅក្រោមអ្នកមានអំណាច ហេតុដូចនេះក្ដីសង្ឃឹមមានទាបជាទីបំផុត ក្នុងការរកយុត្តិធម៌ជូនឪពុករបស់លោក៕